ប្រទេសចិន

លោក ស៊ី ជីនពីង តែងតាំងអ្នកជំនាញអវកាសជាង១០នាក់បន្ថែមទៀត សម្រាប់មុខតំណែងសំខាន់ៗក្នុងបក្ស ដើម្បីទប់ទល់នឹងអាមេរិក


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដាក់ចេញឥទ្ធិពលនយោបាយ និងយោធារបស់ចិនបន្ថែមទៀតក្នុងអាណត្តិទី៣ នោះគឺបានតែងតាំងអ្នកជំនាញអវកាសជាង ១០នាក់បន្ថែមទៀត ដែលមកពីបណ្តាក្រុមហ៊ុន ដែលធ្វើការលើការរុករកក្នុងទីអវកាសកន្លងមក ចូលទៅក្នុងជួរបក្សកុម្មុយនីស្តចិន ជាមួយនឹងមុខតំណែងសំខាន់ៗ ដើម្បីប្រជែងនឹងអំណាចយោធាអាមេរិកក្នុងសង្វៀនអវកាស។ នេះបើតាមការចុះផ្សាយរបស់ Nikkei Asia។
លោក ស៊ី ជិនពីង បន្ថែមអ្នកជំនាញអវកាសជាង ១០នាក់ទៀតចូលក្នុងជួរបក្សកុម្មុយនីស្តចិន

ថ្លែង​ក្នុង​សមាជ​បក្សកុម្មុយនិស្តចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២២ លោក ស៊ី ជីនពីង បាន​សន្យា​ជំរុញ​​សកម្មភាព​ការងារទាំងអស់​នៃប្រព័ន្ធច្នៃ​ប្រឌិតបច្ចេកវិទ្យា​ជាន់ខ្ពស់​របស់​ចិន ដោយការរួម​បញ្ចូលគ្នា​ទាំងយោធា ស៊ីវិល និង​បច្ចេកទេស​ឈានមុខ​​របស់​​វិស័យឯកជន​​ក្នុង​បច្ចេកវិទ្យា​ការពារជាតិ។

នៅក្នុងបរិបទដែល​រុស្ស៊ីកំពុង​ឈ្លានពានអ៊ុយក្រែន និងបញ្ហារវាងចិន និងតៃវ៉ាន់ បានធ្វើឱ្យមាន​តានតឹង​ខ្លាំងរវាង​​ ក្រុងប៉េកាំង​ និង​ វ៉ាស៊ីងតោន។ ជុំវិញ​បញ្ហានេះ បក្ស​កុម្មុយនិស្តចិន បាន​នឹង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ជាតិ​ទាំងមូល ដើម្បីជំរុញ​ការអភិវឌ្ឍកម្មវិធីសព្វាវុធ និងអវកាស​។

គួររំលឹក​ថា កាលពីខែមុន លោក ស៊ី ជីនពីង បាន​តែងតាំង​លោក Jin Zhuanglong ជា​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និងបច្ចេកវិទ្យា​ព័ត៌មាន និងបន្ត​តំណែង​​ជាអនុប្រធានក្រុមហ៊ុន​​វិទ្យាសាស្រ្ត​អវកាស​ និង​បច្ចេកវិទ្យា​របស់ចិន ហៅកាត់ថា CASC។ កាលពីមុន លោក​គឺ​​ជា​អនុប្រធាន​ការិយាល័យ​​នៃគណៈកម្មការ​អភិវឌ្ឍ​សមាហរណកម្ម​ស៊ីវិលយោធាមជ្ឈិម។

កាលពីខែសីហាឆ្នាំមុន លោក Huai Jinpeng ត្រូវបានតែងតាំង​​ជា​​រដ្ឋមន្រ្តី​​ក្រសួង​អប់រំ ដែលពីមុន​​លោកគឺ​ប្រធាន​សាកលវិទ្យាល័យ Beihang ដែល​មាន​ឯកទេស​​លើ​​ការអភិវឌ្ឍ​បច្ចេកវិទ្យាអវកាស។

ក្រៅពីនោះ​​ក៏​​រួមមាន​ទាំង​លោក Ma Xingrui ផងដែរ​ ដែល​លោក​បានចូលរួម​​សម្រេច​សមិទ្ធផលអវកាស​ដ៏ធំធេងរបស់​ចិន ក្នុងការ​ចុះចតយាន​ដំបូង​លើភពព្រះចន្ទ​ ក្នុងឆ្នាំ​២០១៣។ លោក​ត្រូវបានតែងតាំង​ជា​លេខាបក្សទទួលបន្ទុកតំបន់​ស៊ីនជាំង កាលពីខែធ្នូឆ្នាំមុន។ ជាមួយ​គ្នានោះ លោក Zhang Qingwei ត្រូវបាន​តែងតាំង​ជាប្រធាន​បក្ស​​កុម្មុយនិស្ត​ប្រចាំខេត្ត​ Hunan កាលពីខែតុលា ឆ្នាំ​២០២១ ដែល​លោក​ជាអ្នកជួយឱ្យចិន​សម្រេច​បាន​​នូវការបញ្ជូន​មនុស្សទៅ​កាន់អវកាស​ជាលើកដំបូងកាលពីឆ្នាំ​២០០៣។

គួរកត់សម្គាល់​ថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​នៃអាណត្តិ​ដឹកនាំ​របស់លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នេះ គឺ​ប្រទេសចិន​បាន​បង្ហាញ​ភាពលេចធ្លោ​យ៉ាងខ្លាំងបំផុត​លើវិស័យអវកាស ដែល​ស្ទើតែគ្មាន​ប្រទេសណាមួយ​អាចប្រៀបផ្ទឹមបាន ពោលគឺ​បានក្លាយ​ជាគូប្រជែងដ៏ស្វិតស្វាញ​ជាមួយ​អាមេរិក និងរុស្ស៊ី។

កាលពីខែមករា ឆ្នាំ​២០១៩៖ ចិន​បានក្លាយ​ជាប្រទេសទី១ ដែល​ចុះចត​យាន​លើផ្នែកងងឹតម្ខាង​ទៀត​​នៃឋានព្រះចន្ទ។ ក្រោយមកទៀត នៅខែ​ធ្នូ ឆ្នាំ​២០២០ បេសកកម្ម Changé 5 របស់​ចិន បាន​នាំ​យក​​គំរូភពព្រះចន្ទ ត្រឡប់មកផែនដីវិញ ដែល​នេះ​គឺជាលើកដំបូង​ក្នុងរយៈពេល ៤៤ឆ្នាំ បន្ទាប់ពីយានរបស់សូវៀត យកគំរូព្រះចន្ទ មកផែនដី​ក្នុងឆ្នាំ​១៩៧៦។ នៅខែឧសភា ឆ្នាំ​២០២១ ចិនក្លាយ​ជាប្រទេសដំបូងគេ ដែល​បាន​បញ្ជូន​យាន Zhurong ទៅកាន់​គន្លងភពអង្គារ រួចចុះចត និងធ្វើប្រតិបត្តិការ​​លើផ្ទៃដី​ភពនោះ។

សម្រាប់​ថ្ងៃអនាគតវិញ​ ចិនក៏​​មានផែនការ​បញ្ជូនយានទី២ ដើម្បីចុះចត​លើភពអង្គារ​នៅឆ្នាំ​២០២៨ ក្នុងគោលបំណង​នាំយកគំរូ​មកពីភពនោះមកកាន់ផែនដីវិញ។ ក្រៅពីនេះ ចិន​ក៏គ្រោង​សង់​ស្ថានីយ​ស្រាវជ្រាវ​លើភពព្រះចន្ទ បញ្ជូនយាន​ទៅភពសុក្រ និងភព​ព្រហស្បតិ៍ ហើយ​ក៏គ្រោងបាញ់បង្ហោះតេឡេស្កុប​អវកាសនៅឆ្នាំ​២០២៤ ដែល​ស្រដៀង​នឹង​តេឡេស្កុប​របស់​អាមេរិក Hubble Space ផងដែរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សៗរបស់ជប៉ុនកំពុងស្វែងរកយុទ្ធសាស្រ្ត ដើម្បីបញ្ជៀសការពឹងផ្អែកទាំងស្រុងលើប្រទេសចិន

ក្រុមហ៊ុនជប៉ុនកំពុងខិតខំកសាងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមិនចាំបាច់ពឹងផ្អែកលើប្រទេសចិនតទៅទៀត ក្រោយពីមើលឃើញពីការមិនត្រូវរូវគ្នាកាន់តែខ្លាំងឡ…

នាយក្រុមហ៊ុនប្រេងអង់គ្លេស Shell ព្រមានថា អឺរ៉ុបនឹងទទួលរងផលប៉ះពាល់នៃវិបត្តិថាមពលក្នុងរយៈពេលវែង

ប្រធានក្រុមហ៊ុនប្រេងឥន្ធនៈ Shell ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់អង់គ្លេសបានព្រមានកាលពីថ្ងៃទី ២៣ ខែតុលាថា តំបន់អឺរ៉ុបប្រឈមនឹងផលប៉ះពាល់ដល់ឧស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ