ជាការឆ្លើយតប សេតវិមានអាមេរិកបានច្រានចោលការចោទប្រកាន់របស់ទីក្រុងប៉េកាំងទាំងអស់នេះ និងថា ទំនាក់ទំនងចិន និងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងសភាពធម្មតានោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ីនហួរបានឱ្យដឹងថា នៅក្នុងសុន្ទរកថាទៅកាន់គណៈប្រតិភូនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ជាមួយគ្នានឹងសម័យប្រជុំពេញអង្គនៃសភាប្រជាជាតិចិន (NPC) នៅថ្ងៃអង្គារ ទី ៧ មីនា លោក ស៊ី ជីនពីង បាននិយាយចោទអាមេរិកចំៗថា «ប្រទេសលោកខាងលិចដឹកមុខដោយសហរដ្ឋអាមេរិកបាននិងកំពុងប្រើប្រាស់ និងអនុវត្តយុទ្ធសាស្ត្រគាបសង្កត់ និងហ៊ុមព័ទ្ធប្រទេសចិន ដែលវាបាននាំឱ្យមានការរំខានយ៉ាងធំធេងដល់ការអភិវឌ្ឍរបស់ទីក្រុងប៉េកាំង»។ លោកបានបន្តថា ដូច្នេះហើយចិនត្រូវតែមានការស្វាហាប់ក្នុងការជំនះលើបញ្ហាចាក់ស្រេះទាំងអស់នេះទាំងក្នុង និងក្រៅប្រទេស។
មហិច្ឆតារបស់ចិនក្នុងការប្រែក្លាយខ្លួនទៅជាមហាអំណាចបច្ចេកវិទ្យា បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់បសិ្ចមលោកជាពិសេសអាមេរិក ដោយទីក្រុងវ៉ាស៊ីនតោនបានរឹងបន្តឹងក្នុងទំហំមួយដ៏ធំក្នុងការហាមឃាត់ការនាំចេញបច្ចេកវិទ្យា AI និងបន្ទះឈីបទំនើបទៅកាន់ប្រទេសចិន ដោយភ័យព្រួយថាប៉េកាំងអាចប្រើវាក្នុងវិស័យយោធា។
ជាមួយគ្នានេះ នៅថ្ងៃអង្គារ ទី ៧ មីនានេះដែរ រដ្ឋមន្ត្រីការបរទេសចិនថ្មីលោក Qin Gang ក៏បានលើកឡើងពីអាកប្បកិរិយាមិនល្អ របស់សហរដ្ឋអាមេរិកនៅខាងកិច្ចប្រជុំសភាក្នុងរដ្ឋធានីប៉េកាំងនោះ ដោយថា ទីក្រុងវ៉ាស៊ីនតោនគួរតែផ្លាស់ប្តូរអាកប្បកិរិយា ដែលមានលក្ខណៈចង់រករឿង និងការប្រឈមមុខដាក់គ្នាតទៅទៀតទៅ ដោយងាកទៅរកការប្រកួតប្រជែងគ្នាដោយស្មើភាព និងផ្អែកលើច្បាប់វិញ។ ក្នុងនោះ លោក ជីង កាង ក៏បានសង្កត់ធ្ងន់លើជំហររបស់ចិនជាមួយរុស្ស៊ីដែរដោយថា ចិនត្រូវតែធ្វើយ៉ាងណាដើម្បីធ្វើឱ្យទំនាក់ចិន-រុស្ស៊ីកាន់តែមានភាពស៊ីជ្រៅជាងនេះទៅទៀត។
យ៉ាងណាក៏ដោយ ពីទីក្រុងវ៉ាស៊ីនតោនតាមរយៈអ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានធ្វើការឆ្លើយតបដោយច្រានចោលការរិះគន់ទាំងអប្បាលម៉ានរបស់ចិន និងថាសហរដ្ឋអាមេរិកមិនដែលស្វែងរកការប្រឈមមុខដាក់គ្នាជាមួយចិនម្តងណាឡើយ។ តែលោកបានគូសបញ្ជាក់ថា៖ «ទីក្រុងវ៉ាស៊ិនតោនស្វែងរកការប្រកួតប្រជែងយុទ្ធសាស្ត្រាជាមួយចិន ប៉ុន្ដែមិនមែនជម្លោះទេ ហើយទំនាក់អាមេរិក-ចិននឹងមិនអាចហួសពីនេះនោះទេ»។
មែនទែនទៅ នៅមួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសមហាអំណាចផុតលេខទាំងពីរនេះបានស្គាល់នូវភាពល្អក់កករ និងភាពតានតឹងយ៉ាងខ្លាំងមិនធ្លាប់មាន ដែលបណ្តាលមកពីបញ្ហាចាប់តាំងពីសំណុំរឿងកោះតៃវ៉ាន់ សង្គ្រាមពាណិជ្ជកម្ម ជំហរចិនក្នុងសង្គ្រាមនៅអ៊ុយក្រែន និងអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺក្រោយពេលដែលយោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងមួយនៅលើឆ្នេរភាគខាងកើតនៃរដ្ឋ Carolina ខាងត្បូង ដែលអាមេរិកថាជាបាឡុងស៊ើបការសម្ងាត់របស់ប្រទេសចិនកាលពីខែមុន។