រុស្សីអនុវត្តគោលនយោបាយការបរទេស«ពិភពរុស្សី»ថ្មីរបស់ខ្លួន

តើគោលនយោបាយថ្មីរបស់លោក ពូទីន ដោយផ្អែកលើ «ដែនឥទ្ធិពលពិភពរុស្សី» មានលក្ខណៈពិសេសអ្វីខ្លះ?


ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី៥ ខែកញ្ញា បានអនុម័តឲ្យអនុវត្តគោលនយោបាយការបរទេសថ្មីរបស់ខ្លួន ដោយផ្អែកលើគោលគំនិតនៃ «ដែនអំណាចពិភពរុស្សី» ដែលវាជាគោលគំនិតអភិរក្សនិយមរបស់មហាអំណាចមួយនេះ ដើម្បីប្រើប្រាស់ក្នុងការបង្ហាញពីភាពត្រឹមត្រូវសមហេតុផល សម្រាប់ធ្វើការអន្តរាគមន៍គាំទ្រអ្នកនិយាយភាសា និងជនជាតិរុស្សី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រុស្សីអនុវត្តគោលនយោបាយការបរទេស«ពិភពរុស្សី»ថ្មីរបស់ខ្លួន

«គោលនយោបាយលក្ខណៈមនុស្សធម៌» នេះមានចំនួន ៣១ ទំព័រដែលត្រូវបានបោះពុម្ពមកអស់រយៈពេលជាប្រាំមួយខែមកហើយ ដោយវាមាននិយាយរៀបរាប់យ៉ាងច្បាស់ៗពីតួនាទីរបស់រុស្សីគួរតែ «រក្សា ការពារ និងពង្រឹងប្រពៃណីទំនៀមទំម្លាប់របស់ខ្លួន ក៏ដូចជាឧត្តមគតិជាតិរបស់ពិភពរុស្សីទាំងមូល»។

គោលនយោបាយការបរទេសប្រកបដោយមហិច្ឆតា និងវាទទីនិយមនេះ ត្រូវបានគេមើលឃើញថា រុស្សីកំពុងរះឡើងជាប្រទេសចក្រពត្តិនិយមឡើងវិញ ដោយប្រើគោលគំនិតនេះដើម្បីជាយុទ្ធសាស្រ្តនៃអំណាចទន់ (Soft Power) របស់ខ្លួននៅក្នុងនយោបាយ និងសាសនាជាឈ្នាន់ក្នុងការអះអាងពីភាពត្រឹមត្រូវ និងដើម្បីលេបត្របាក់កាន់កាប់ផលប្រយោជន៍របស់ខ្លួននៅក្រៅប្រទេស តួយ៉ាងដូចជាការធ្វើសង្គ្រាមនៅអ៊ុយក្រែន និងការគាំទ្រក្រុមបំបែកខ្លួននៅតំបន់ដុនបាស។

គោលនយោបាយនេះបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «សហព័ន្ធរុស្ស៊ីត្រូវផ្តល់ការគាំទ្រដល់ជនរួមជាតិរបស់ខ្លួនដែលរស់នៅក្រៅប្រទេស ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ ក៏ដូចជាថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិរុស្ស៊ីផងដែរ»។

ហើយក្នុងនោះវាបាននិយាយដែរថា «ទំនាក់ទំនងសហព័ន្ធរុស្ស៊ីជាមួយជនរួមជាតិនៅឯបរទេសនឹងអនុញ្ញាតឲ្យគោលនយោបាយនេះ ពង្រឹងតួនាទីរបស់រុស្សីជាប្រទេសប្រជាធិបតេយ្យ ដើម្បីបង្កើតពិភពលោកមួយពហុប៉ូល»។

គេមិនអាចប្រកែកបាននោះឡើយថា ក្រោយការលត់រលាយទៅនៃសង្គ្រាមត្រជាក់ និងការដួលរលំនៃសហភាពសូរៀតក្នុងឆ្នាំ១៩៩១ លោក ពូទីន តែងហៅព្រឹត្តិការណ៍នោះថា ជា«មហន្តរាយភូមិសាស្រ្តនយោបាយ» ក្នុងសតវត្សន៍ទី២០ ដោយលោកមើលឃើញថា មានប្រជាជនរុស្ស៊ីប្រមាណ ២៥ លាននាក់បានបែកខ្ញែកទៅរស់នៅក្នុងរដ្ឋឯករាជ្យថ្មី ដែលបានបែកចែញពីសហភាពសូវៀត។

ជាមួយគ្នានេះ ប្រទេសរុស្ស៊ីតែងបន្តចាត់ទុកដែនអំណាចរបស់អតីតសហភាពសូវៀត ដែលលាតសន្ធឹងពីតំបន់សមុទ្របាល់ទិក រហូតដល់អាស៊ីកណ្តាល ជាដែនដែនឥទ្ធិពលផ្តាច់មុខរបស់ខ្លួន ដែលវាជាគោលគំនិតសើរើនិយមមួយ ដោយបង្កអរិភាពយ៉ាងខ្លាំងក្លាជាមួយប្រទេសក្នុងតំបន់នោះ និងពីសំណាក់ប្រទេសបស្ចិមលោកផងដែរ។

លើសពីនេះ គោលនយោបាយការបរទេសថ្មីនេះ ក៏បានបញ្ជាក់ដែរថា រុស្សីគួរតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសស្លាវី ចិន និងឥណ្ឌា ព្រមទាំងពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅតំបន់មជ្ឈិមបូព៌ា អាមេរិកឡាទីន និងតំបន់អាហ្វ្រិក។

បន្ថែមពីនេះ ទីក្រុងមូស្គូគួរតែពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសអាបខាហ្សី (Abkhazia) និងប្រទេសអូសេទី Ossetia នៅតំបន់ហ្សកហ្ស៊ីទាំងពីរ ដែលត្រូវបានទទួលស្គាល់ជារដ្ឋឯករាជ្យដោយទីក្រុងម៉ូស្គូបន្ទាប់ពីសង្គ្រាមជាមួយប្រទេសហ្សកហ្ស៊ីក្នុងឆ្នាំ២០០៨ ហើយក៏ដូចដែនដីទើបតែបំបែកខ្លួនថ្មីនៅភាគខាងកើតអ៊ុយក្រែនគឺ តំបន់ស្វ័យយ័ត លុកហានស៍ (Luhans) និង ដូនេកស៍ (Donetsk) ផងដែរ៕




អត្ថបទបន្ទាប់


រដ្ឋចាប់ផ្ដើមប្រកាសដេញថ្លៃមូលបត្របំណុលលើកទី១របស់ខ្លួន ក្នុងទំហំទឹកប្រាក់ជិត២៥លានដុល្លារ

ព័ត៌មាន
នៅទីបំផុត រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជាបានសម្រេច ប្រកាសដាក់ឲ្យមានការដេញថ្លៃមូលបត្របំណុលរដ្ឋជាលើកដំបូងរបស់ខ្លួនហើយ។ សម្រាប់ដំ…

ប្រទេសចំនួន១៩ ស្ងប់ស្ញែងនឹងការអភិវឌ្ឍរបស់កម្ពុជា ពិសេសខេត្តសៀមរាប និងបន្ទាយមានជ័យ

ព័ត៌មាន
តំណាងប្រទេសចំនួន១៩ នៃប្រជាជនជាង ១ពាន់៥រយលាននាក់ ដែលបានមកទស្សនកិច្ច៤ថ្ងៃ នៅកម្ពុជានាសប្ដាហ៍នេះ បានកោតសរសើរពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ