ប្រធានាធិបតីចិន ស៊ី ជីនពីង បានព្រមានមេដឹកនាំអាមេរិកជុំវិញសំណុំរឿងកោះតៃវ៉ាន់ ថាកុំឱ្យប្រលែងលេងជាមួយភ្លើងឱ្យសោះ។ ជាមួយគ្នានេះ ក្រុងប៉េកាំងបានបង្ហាញការព្រួយបារម្ភអំពីការប៉ុនប៉ងធ្វើដំណើរទស្សនកិច្ច ទៅកាន់ដែនកោះមួយនេះ ដោយប្រធានសភាអាមេរិកលោកស្រី Nancy Pelosiផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ព័ត៌មានដែលលោកស្រី Pelosi ប្រធានសភាអាមេរិកចង់ទស្សនកិច្ចនៅកោះតៃវ៉ាន់ ពិតជាធ្វើឱ្យចិនក្តៅស្លឹកត្រចៀកខ្លាំងណាស់ ដែលយើងអាចសំគាល់បានតាមពាក្យសំដី ធ្ងន់ៗដែលលោកស៊ី ជីនពីង បាននិយាយទៅកាន់លោកចូ បៃឌិន។ បើតាមការស្រង់សំដីក្រោយជំនួបតាមទូរសព្ទលើកទី៥ រវាងមេដឹកនាំនៃប្រទេសមហាអំណាចពិភពលោកទាំងពីរ ដោយក្រសួងការបរទេសចិនបានឱ្យដឹងថា លោកស៊ី ជីនពីងបានប្រាប់ទៅលោកបៃឌិនថា អ្នកដែលហ៊ានលេងជាមួយភ្លើង គឺនឹងត្រូវវិនាសទាំងអស់ ហើយលោកចង់ឱ្យប្រធានាធិបតីអាមេរិកបើកភ្នែកមើលឱ្យបានច្បាស់ចំពោះបញ្ហានេះ។
បុរសខ្លាំងរបស់ចិនរូបនេះ រំឭកឱ្យទីក្រុងវ៉ាស៊ីនតោន គួរតែគោរពតាមគោលការណ៍ចិនតែមួយដែលខ្លួនទទួលស្គាល់ ហើយបានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។
ជាការឆ្លើយតបទៅកាន់ភាគីចិនវិញ លោកបៃឌិនបានប្រាប់លោកស៊ី ជីនពីងច្បាស់ៗថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់មិនបានផ្លាស់ប្តូរឡើយ ហើយថាទីក្រុងវ៉ាស៊ីនតោនប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងដោយឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
ដោយឡែក ក្រោយពីជំនួបតាមទូរសព្ទរបស់មេដឹកនាំចិននិងអាមេរិកបានបញ្ចប់ទៅ ភាគីកោះតៃវ៉ាន់បានថ្លែងអំណរគុណដល់លោកបៃឌិន សម្រាប់ការគាំទ្ររបស់លោក ហើយបានលើកឡើងថា ខ្លួននឹងបន្តធ្វើការឱ្យស៊ីជម្រៅក្នុងភាពជាដៃគូសន្តិសុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
គួរជម្រាបថា គម្រោងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកកំពុងបង្កភាពតានតឹង និងស្រពិចស្រពិលក្នុងទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងចិន។ អ្នកវិភាគចាត់ទុកព្រឹត្តិការណ៍នេះថា ជារឿងមិនធ្លាប់មានពីមុនមក និងអាចក្លាយជាការបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះប្រជាធិបតេយ្យមួយនេះ។ អ្នកវិភាគមួយចំនួនទៀតព្រួយបារម្ភថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយទីក្រុងប៉េកាំងអាចធ្លាក់ទៅក្នុងវិបត្តិដ៏ធំ ហើយថាមិនត្រូវ ក៏អាចមានការប៉ះទង្គិចគ្នាចៃដន្យណាមួយ ដោយផ្ទាល់ក៏អាចកើតមានឡើងបានដែរ។
ការជជែកគ្នាអស់ពេលដល់ទៅពីរម៉ោង មិនបានបញ្ចប់តែត្រឹមបញ្ហាកោះតៃវ៉ាន់នោះទេ ភាគីទាំងពីរ បន្តពិភាក្សាគ្នាលើបញ្ហាមួយចំនួនទៀត រួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់ និងបញ្ហាអាកាសធាតុផងដែរ។ ប៉ុន្តែនៅក្នុងការជជែកគ្នាកាលពីយប់ថ្ងៃទី ២៨ ខែកក្កដា គេមិនបានកត់សម្គាល់ពីការដែលអាមេរិកចង់ដករនាំងពន្ធគយពីទំនិញមួយចំនួនរបស់ចិន ត្រូវបានលើកមកដាក់លើតុពិភាក្សាគ្នានោះឡើយ។
ជាចុងក្រោយ លោកបៃឌិន និងលោកស៊ី ជីនពីង បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំទល់មុខគ្នាមួយ ជាលើកដំបូងក្នុងឋានៈជាមេដឹកនាំកំពូល និងបានណែនាំក្រុមមន្ត្រីរបស់សមភាគីទាំងពីរពិនិត្យមើល និងរៀបចំរឿងនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមួយរូបដែលស្និទ្ធនឹងកិច្ចពិភាក្សា៕