
ក្រុមហ៊ុនយក្សចិន Xiaomi កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា បានបញ្ចេញកំពូលបន្ទះឈីបស្មាតហ្វូនដ៏ទំនើបដំបូងបង្អស់របស់ខ្លួន ជាមួយនឹងមហិច្ឆតាប្រជែងយកឈ្នះក្រុមហ៊ុន Apple ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កំពូលបន្ទះឈីបស្មាតហ្វូនថ្មីដែលមានឈ្មោះថា Xring O1 នេះត្រូវបានក្រុមហ៊ុន Xiaomi អះអាងថា ខ្លួនផលិតឡើងដោយប្រើបច្ចេកវិទ្យាផលិតបន្ទះឈីប 3-nanometer របស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ (TSMC) ដែលជាបច្ចេកវិទ្យាផលិតបន្ទះឈីបដ៏ទំនើបបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
ក្រៅពីក្រុមហ៊ុន Apple ក្រុមហ៊ុនផលិតបន្ទះឈីបទូរសព្ទឈានមុខគេដូចជាក្រុមហ៊ុន MediaTek និងក្រុមហ៊ុន Qualcomm ជាដើម ក៏ប្រើប្រាស់បច្ចេកវិទ្យា 3-nanometer របស់ក្រុមហ៊ុនតៃវ៉ាន់ TSMC សម្រាប់ការផលិតបន្ទះឈីបរបស់ពួកគេផងដែរ។
លោក ឡី ជុន (Lei Jun) ដែលជាស្ថាបនិកក្រុមហ៊ុន Xiaomi បានថ្លែងក្នុងព្រឹត្តិការណ៍សម្ពោធដាក់ឱ្យដំណើរការបន្ទះឈីបដ៏ទំនើបនេះ កាលពីថ្ងៃទី២២ ខែឧសភា ថា ក្រុមហ៊ុន Apple ផលិតបន្ទះឈីបជឿនលឿនបំផុត ហើយក្រុមហ៊ុនរបស់លោក ក៏មានគោលដៅធ្វើឱ្យបានល្អដូចក្រុមហ៊ុន Apple ដែរ។
នៅក្នុងព្រឹត្តិការណ៍ដដែលនេះ លោក ឡី ជុន (Lei Jun) ក៏បានប្រកាសដាក់សម្ពោធទូរសព្ទស្មាតហ្វូនម៉ូឌែល Xiaomi 15S Pro និងថេប្លេតស៊េរីថ្មីរបស់ខ្លួនម៉ូឌែល Pad 7 Ultra ដែលមានអេក្រង់ OLED កម្រិតខ្ពស់មកជាមួយបន្ទះឈីបថ្មីនេះផងដែរ។
មិនតែប៉ុណ្ណោះ Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទី៣របស់ពិភពលោកបន្ទាប់ពីក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple ក៏បានប្រកាសបង្ហាញបន្ទះឈីបដ៏ទំនើបបំផុតមិនធ្លាប់មានសម្រាប់បំពាក់លើនាឡិកា Smartwatch ស៊េរីថ្មីរបស់ខ្លួនផងដែរ៕
ដោយ: តែម សុខុម