ដំណាំស្រូវ​ជួបបញ្ហា​រាំងស្ងួត

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ស្ថានភាពគ្រោះរាំងស្ងួតថ្មីៗនេះ នឹងមិនជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករកម្ពុជាទេ!


កាលពីខែសីហា របាយការណ៍ក្រសួងកសិកម្ម ឲ្យដឹងថា យ៉ាងហោចណាស់ មានផ្ទៃដីដំណាំស្រូវក្នុងចំនួន ១០ខេត្ត ដែលមានផ្ទៃដីជាង១៣ម៉ឺនហិកតា រងផលប៉ះពាល់ព្រោះតែគ្រោះរាំងស្ងួត។ ប៉ុន្ដែ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន បានអះអាងនៅថ្ងៃទី ១១ ខែកញ្ញានេះថា បញ្ហានេះ នឹងមិនជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្កររបស់កម្ពុជានៅឆ្នាំនេះទេ ដ្បិតថា គិតមកដល់សប្ដាហ៍ទី២ នៃខែកញ្ញានេះ ដំណាំស្រូវដែលរងផលប៉ះពាល់ខូចខាតទាំងនោះ ក៏ត្រូវបានស្ដារមកវិញបានខ្លះហើយ ខណៈដែលការខូចខាតនៅមានកម្រិតតិចតួចប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ស្ថានភាពគ្រោះរាំងស្ងួតថ្មីៗនេះ នឹងមិនជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករកម្ពុជាទេ

របាយការណ៍​​ក្រសួង​កសិកម្ម​ ប្រចាំខែ​សីហា កន្លងទៅនេះ បាន​ឲ្យដឹងថា ដោយសារតែ​គ្រោះរាំងស្ងួត បានធ្វើឲ្យ​ដំណាំស្រូវក្នុងខេត្ត​ចំនួន​១០ របស់​កម្ពុជា បាន​រង​ផល​ប៉ះពាល់ និងខូចខាត​ ជាពិសេស​ខេត្ត​បន្ទាយ​មានជ័យ, កំពង់ធំ, ព្រៃវែង,​ សៀមរាប និងកំពង់ចាម​ជាដើម។ គិតសរុបជារួមទៅ​ ដំណាំស្រូវ​ដែល​រង​ផលប៉ះពាល់​ មាន​ប្រមាណជាង​១៣ម៉ឺនហិកតា ឬស្មើនឹង​ជិត​១០% នៃផ្ទៃដី​ដាំដុះសរុប ខណៈដែល​តាមការវាយតម្លៃ ដំណាំស្រូវ​ដែលបាន​ខូចខាត​សរុប​​មានជាង​៧ពាន់ហិកតា ស្មើនឹង​ជាង​៥% នៃផ្ទៃដី​រង​​ផលប៉ះពាល់​សរុប។

ទោះយ៉ាងណា ​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានអះអាងឲ្យដឹងថា​ រហូតមក​ដល់​សប្ដាហ៍ទី២ នៃខែកញ្ញានេះ ផ្ទៃដី​ដំណាំ​ស្រូវ​ដែលរង​ផល​ប៉ះពាល់​ដោយគ្រោះរាំងស្ងួត​ជាង​១៣​ម៉ឺនហិកតានោះ គឺបាន​ល្អប្រសើរឡើងវិញហើយ ក្នុងនោះ ផ្ទៃដី​ដំណាំស្រូវ​ស្ដារឡើងវិញ​​សរុប​បាន​ជាង ​២ពាន់​ហិកតា ស្មើនឹង​ជាង​៣៥% នៃផ្ទៃដីដែលបាន​​ខូចខាត។ 

ឯកឧត្តម វេង សាខុន បាន​បន្ថែមទៀតថា ក្រសួង​កសិកម្ម ក៏នៅតែបន្ដ​ណែនាំ​ដល់​មន្ទីរ​កសិកម្ម នៅរាជធានីខេត្ត ឲ្យ​សហការគ្នា​ជាមួយនឹង​គ្រប់ភាគី​ពាក់ព័ន្ធ​ ក្នុង​ការជួយដល់​កសិករ ដែលរង​គ្រោះ ដើម្បី​ស្ដារ​ការខូចខាត​ឡើងវិញ ឲ្យទាន់​រដូវ​កាលដាំដុះ។

យ៉ាងណាក៏ដោយចុះ បើតាម​របាយការណ៍ក្រសួងកសិកម្ម​បង្ហាញថា​ កាលពីខែ​សីហា ការនាំចេញអង្ករ​របស់​កម្ពុជា ធ្លាក់ចុះ​រហូតដល់ទៅ ប្រមាណ ៣៥% ធៀបនឹង​ខែសីហា​កាលពី​ឆ្នាំ២០១៩ ដោយសារតែ​គ្រោះរាំងស្ងួត។ ប៉ុន្ដែ សម្រាប់​តួលេខ​នាំចេញអង្ករសរុប ​៨ខែ នៅឆ្នាំ២០២០នេះវិញ គឺនៅតែ​មានការកើន​ឡើងជាង ៣០%។

ទោះជាបែបនេះក្ដី សហព័ន្ធស្រូវអង្ករ​កម្ពុជា ក៏បាន​លើកឡើងដែរថា ដោយសារតែ​នៅខែ​ចុងក្រោយក​ន្លងមកនេះ មាន​បញ្ហា​កង្វះទឹក​ វាក៏បាន​ធ្វើឲ្យ​ក្ដីរំពឹង​​លើគោលដៅ​នាំចេញ​អង្ករ​របស់​កម្ពុជា​ឲ្យបាន​ដល់​ ៨០ម៉ឺនតោន ឬកៀក​ទៅនឹង​១លាន​តោននៅឆ្នាំនេះ ទំនង​ជាមិនអាច​សម្រេច​ទៅបាន​នោះឡើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB អនុម័តប្រាក់កម្ចីជិត ១២៨លានដុល្លារ ឲ្យកម្ពុជាសម្រាប់ពង្រីកបណ្ដាញបញ្ជូនថាមពលអគ្គិសនី

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ ADB បានអនុម័តប្រាក់កម្ចី ១២៧,៨ លានដុល្លារ​សម្រាប់គាំទ្រដល់ការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួ…

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-19 ទាំង២៧៤នាក់ ជាសះស្បើយ ១០០% ជាលើកទី២

ព័ត៌មាន
នៅថ្ងៃទី១១ ខែកញ្ញា នេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាមិនបានករណីវិជ្ជមានវីរុសកូវីដ-១៩ទៀតនោះទេ ខណៈដែលអ្នកជំងឺបានជាសះស្បើយ១០០% ធៀបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ