ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពត» នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា មានក្រុមហ៊ុនចំនួន២ ដែលវិនិយោគលើដំណាំចេកនៅខេត្តកំពត រួមមាន ក្រុមហ៊ុន វើលទ្រីសារ របស់ឧកញ៉ា ស្រ៊ុន ងួន និង ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ របស់ឧកញ៉ ហ៊ុន ឡាក់ ដែលក្រុមហ៊ុននេះបានចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ២០១៨ លើផ្ទៃដីជាង៤០០ហិកតា និងបានចាប់ផ្តើមនាំចេញទៅប្រទេសចិនដំបូងនៅឆ្នាំ២០១៩។ ខណៈបច្ចុប្បន្ន ផ្ទៃដីដាំដុះចេកអំបូងលឿង មានចំនួនជាង ១ពាន់ហិកតា ក្នុងនោះផ្ទៃដីដែលប្រមូលផលបានមានចំនួន ៦៦១ហិកតា ដោយទទួលបានទិន្នផលប្រមាណ ៤៣តោនក្នុងមួយហិកតា ហើយអាចនាំចេញបានទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ចំនួនជាង ២០ម៉ឺនតោន ក្នុងមួយឆ្នាំៗ។
អ្នកជំនួញក្នុងការនាំចេញផ្លែចេកស្រស់ និងជាអគ្គនាយកក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា ការនាំចេញផ្លែចេកស្រស់នៅឆ្នាំនេះ គឺមានភាពល្អប្រសើរ និងមានកំណើនជាងឆ្នាំមុន ជាក់ស្តែង ក្នុង១ខែដំបូងឆ្នាំនេះ ក្រុមហ៊ុនរបស់លោក បាននាំចេញផ្លែចេកស្រស់ចំនួនប្រមាណជាង ២ម៉ឺន៨ពាន់តោន ដោយក្នុងនោះ ៩០% បាននាំចេញទៅកាន់ប្រទេសចិន និងគិតជាទឹកប្រាក់ប្រមាណ ១៨លានដុល្លារ ដែលជាមធ្យោមក្នុងមួយតោនអាចលក់បានក្នុងតម្លៃប្រមាណ ៥០០ដុល្លារ ទៅ៦០០ដុល្លារ។ ឧកញ៉ា ហ៊ុន ឡាក់ បានបន្ថែមថា ប្រសិនមិនមានការរំខានពីបញ្ហាអាកាសធាតុទេ ការនាំចេញ ក៏ដូចជាខ្សែចង្វាក់ផលិតកម្មដំណាំចេកអំបូងលឿងនៅឆ្នាំនេះ នឹងរំពឹងថាមានផលល្អជាងឆ្នាំមុន ដោយហេតុថា ប្រទេសចិនដែលជាប្រទេសធំជាងគេក្នុងការនាំចេញផលិតផលកសិកម្មពីកម្ពុជាបានបើកប្រទេសឡើងវិញ បូករួមទាំងថ្លៃដើមនៃមធ្យោបាយដឹកជញ្ជូនក៏មានភាពល្អប្រសើរឡើងវិញផងដែរ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានគូសបញ្ជាក់ដែរថា ដោយសារចេកអំបូងលឿង មានទីផ្សារល្អបែបនេះ ក្រុមហ៊ុនទាំង២ដែលកំពុងវិនិយោគដាំដុះចេកអំបូងលឿងនេះក្នុងខេត្តកំពត ក៏កំពុងមានផែនការជំរុញ និងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅរយៈពេល១០ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជាង ៣២ម៉ឺនតោន ថយចុះជាង ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕