ធនាគារកណ្តាលរបស់ជប៉ុនកំពុងរិះរកនូវដំណោះស្រាយស្រោចស្រង់ និងការពារប្រាក់យ៉េនរបស់ខ្លួនពីការរអិលធ្លាក់ចុះបន្តទៀត ស្របពេលដែលធនាគារកណ្តាលអាមេរិកកាន់តែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ជាបន្ទុកថែមទៀតដល់រដ្ឋាភិបាលក្រុងតូក្យូ ចំពោះកិច្ចការងារដោះស្រាយបញ្ហានេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ជប៉ុន Nikkei។
ប្រាក់ជប៉ុនចំនួន ១៤៧,៦៥ យ៉េនទើបអាចប្តូរបាន ១ដុល្លារអាមេរិក។ នេះជាហាងឆេងប្តូរប្រាក់នាថ្ងៃព្រហស្បតិ៍ទី១៣តុលាឆ្នាំ២០២២ ហើយការជាអត្រាមួយទាបបំផុតមិនធ្លាប់មាន ខណៈកាលពីឆ្នាំ១៩៩៨ ប្រាប់យ៉េនជប៉ុនធ្លាប់ធ្លាក់ទាបបំផុតត្រឹម ១៤៧,៦៤យ៉េន ស្មើនឹង១ដុល្លារអាមេរិក។
ភាពទន់ខ្សោយរបស់ប្រាក់យ៉េនជប៉ុន ត្រូវបានជំរុញដោយការឡើងថ្លៃខ្លាំងជាងការរំពឹងទុកនៅក្នុងតម្លៃទំនិញប្រើប្រាស់នៅឯសហរដ្ឋអាមេរិកក្នុងខែកញ្ញា ដែលបានចេញផ្សាយទិន្នន័យនៅមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
នេះមិនមានជាលើកដំបូងឡើយនៅក្នុងឆ្នាំនេះ ពោលការធ្លាក់ថ្លៃរបស់ប្រាក់យ៉េនបានកើនឡើងចាប់តាំងពីដើមខែមុនមក ពោលវាបានកើនលើសតម្លៃ ១៤០យ៉េនក្នុងមួយដុល្លារនៅដើមខែកញ្ញា។
ស្របពេលដែលធនាគារកណ្តាលអាមេរិក ដំឡើងអត្រាការប្រាក់ជាច្រើនដង ដើម្បីទប់ជាមួយអតិផរណា ហើយធនាគារកណ្តាលប្រទេសដទៃក៏អនុវត្តតាមដូចគ្នា ធនាគារកណ្តាលជប៉ុនឯណេះវិញ នៅបន្តអនុវត្តគោលនយោបាយរូបិយវត្ថុដដែល។ ប្រការនេះធ្វើឱ្យអ្នកវិនិយោគសម្រុកលក់ប្រាក់យ៉េនចេញដើម្បីទិញចូលវិញនូវប្រាក់ដុល្លារអាមេរិកដែលកំពុងឡើងថ្លៃខ្ពស់។
ទោះមិនបានផ្លាស់ប្តូរគោលនយោបាយ ឬដំឡើងអត្រាការប្រាក់គោលដូចគេឯង ប៉ុន្តែរដ្ឋាភិបាលក្រុងតូក្យូ បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ជិត២០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយបណ្ណបរទេសដើម្បីជំរុញតម្លៃប្រាក់យ៉េនឡើងវិញ។
ទោះយ៉ាងណា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF មើលឃើញថា អន្តរាគមន៍រូបិយបណ្ណរបស់ប្រទេសជប៉ុនមិនមានប្រសិទ្ធភាពឡើយ ឬមានប្រសិទ្ធភាពត្រឹមរយៈពេលខ្លី។ មន្ត្រីIMFជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣តុលាថា ការធ្វើអន្តរាគមន៍រូបិយប័ណ្ណរបស់ប្រទេសជប៉ុនកាលពីខែមុន ដើម្បីបញ្ឈប់ការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់យ៉េនទំនងអាចទប់ស្កាត់មិនឱ្យមានភាពប្រែប្រួល តែប្រសិទ្ធភាពរបស់វាមាននិន្នាការមានរយៈពេលខ្លី។
សូមជម្រាបថា នៅអាស៊ីមិនត្រឹមតែប្រាក់យ៉េនជប៉ុននោះទេដែលបានដាំក្បាលចុះ កាលពីថ្ងៃព្រហស្បតិ៍ ប្រាក់បាតថៃ ប្រាក់វ៉ុនកូរ៉េ និងប៉េសូរបស់ហ្វីលីពីន សុទ្ធតែបានដាំក្បាលចុះព្រមៗគ្នា ក្រោយពីរបាយការណ៍ខែកញ្ញានៅសហរដ្ឋអាមេរិកបានចេញផ្សាយថា អតិផរណាបន្តកើនឡើង ០,៤%ទៀត ធ្វើឱ្យអតិផរណាសរុបកើនដល់ ៨,២%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕