

ការព្យាយាមលើកដំបូងរបស់ជនជាតិខ្មែរ ធ្វើឡើងកាលពីឆ្នាំ២០១២ ដែលពេលនោះប្អូនប្រុសឈ្មោះ លឹម ពិសិដ្ឋ អាយុ២៧ឆ្នាំ បានស្លាប់នៅពេលឡើងជាមួយនឹងគោលបំណងទៅដោតទង់ជាតិកម្ពុជា នៅលើកំពូលភ្នំនេះ។
ក៏ប៉ុន្តែ កញ្ញា ហ៊ាន សុជាតា អាយុ ២៨ឆ្នាំ ធ្វើការនៅស្ថានទូតអូស្ត្រាលី និងកញ្ញា ម៉ៅ ច័ន្ទដាលី អាយុ ២៧ឆ្នាំ ធ្វើការនៅគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសកម្ពុជា ដោយបានឡើងដល់ចំណុច Everest Base Camp ដែលមានកម្ពស់ ៥៣៦៤ម៉ែត្រ នៅថ្ងៃទី១៧ ខែឧសភានេះ បន្ទាប់ពីដើរចំនួន៦ ទៅ៧ម៉ោងក្នុងមួយថ្ងៃ នៅលើចម្ងាយផ្លូវប្រមាណជា ១២៨គីឡូម៉ែត្រ។
សុជាតា និង ដាលី បានចំណាយពេលដើរចំនួន៧ថ្ងៃ ជាមួយមគ្គុទ្ទេសក៍ជនជាតិនេប៉ាល់១រូប ដោយត្រូវពុះពារជំនះអាកាសធាតុដ៏លំបាកបំផុត រួមមាន កម្រិតទាបនៃបរិមាណអុកស៊ីសែន ដែលទាមទារឲ្យមានការស៊ូទ្រាំខ្លាំងបំផុត។

នៅក្នុងបទសម្ភាសន៍ពីប្រទេសនេប៉ាល់ សុជាតា បាននិយាយថា ពួកគាត់បានឮថា ការឡើងជំរំភ្នំអេវឺរេស មានភាពលំបាកខ្លាំងណាស់ ដូច្នេះ ជាមួយនឹងមិត្តភ័ក្រ្ត ក៏បានសម្រេចចិត្តសាកល្បងដើម្បីយកឈ្នះខ្លួនឯង។
សុជាតា បាននិយាយដូច្នេះថា ៖ «សម្រាប់ពួកយើង ការធ្វើដំណើរទៅ Everest Base មិនត្រឹមតែអំពីការទៅដល់គោលដៅទេ ប៉ុន្តែ ក៏ជាការរីករាយនឹងការធ្វើដំណើរផងដែរ - ទិដ្ឋភាពដ៏ស្រស់ស្អាត, ភាពស្រស់ស្អាតនៃភ្នំ និងការប្រាស្រ័យទាក់ទងជាមួយប្រជាជនក្នុងស្រុក និងជាមួយអ្នកដើរកម្សាន្តផ្សេងៗទៀត គឺពិតជាអស្ចារ្យណាស់»។
សុជាតា បានបន្តថា ៖ «ខ្ញុំមិនមែនជាអ្នកប្រថុយប្រថានជឿជាក់ទេ។ ដូចមនុស្សដទៃដែរ ខ្ញុំក៏ភ័យផងដែរ។ ប៉ុន្តែ ខ្ញុំមានភាពក្លាហានគ្រប់គ្រាន់ដើម្បីជ្រើសរើសយកការរំភើបចិត្ត ជាជាងយកការភ័យខ្លាច។»
សុជាតា គឺជាអ្នកឡើងភ្នំដ៏មានបទពិសោធន៍កន្លងមក។ សុជាតា បានឡើងភ្នំ Fansipan នៅវៀតណាម ដែលមានកម្ពស់ ៣១៤៣ម៉ែត្រ កាលពីឆ្នាំ២០១៧ ដែលវាគឺជាភ្នំខ្ពស់បំផុតនៅឥណ្ឌូចិន។ កាលពីឆ្នាំ២០១៨ សុជាតា ក៏បានឡើងភ្នំឱរ៉ាល់ដែលជាភ្នំខ្ពស់បំផុតនៅកម្ពុជា មានកម្ពស់ ១៨១៣ម៉ែត្រ។

សម្រាប់ ដាលី ការឡើងភ្នំគឺមានគំនិតធ្វើតាម សុជាតា ហើយនិយាយបន្ថែមថា អ្នកផ្សេងមានការភ្ញាក់ផ្អើល ពេលបានឃើញជនជាតិកម្ពុជា បានឡើងដល់ទីនោះ។
ដាលី បាននិយាយដូច្នេះថា ៖ «យើងបាននិយាយជាមួយជនជាតិនេប៉ាល់ និងអ្នកដើរលេងដទៃទៀត ហើយពួកគេមើលទៅភ្ញាក់ផ្អើល ដោយដឹងថា យើងជាជនជាតិកម្ពុជាដោយលើកឡើងថា ពួកគេស្ទើរតែមិនដែលបានជួបជនជាតិកម្ពុជា។»
ដាលី បាននិយាយថា មិនសូវមានជនជាតិកម្ពុជាទៅច្រើន ប្រហែលដោយសារវាលំបាកខ្លាំងណាស់ ដែលអាកាសធាតុត្រជាក់ជួនកាល -១១អង្សារសេ ដូច្នេះនៅពេលទៅដល់ទីនោះភ្លាម ពួកខ្លួនបានធ្វើពិធីស្ងប់ស្ងាត់ពីរ ឬបីនាទី ដើម្បីបញ្ជាក់ការជឿជាក់ថា ពិតជាធ្វើបានសម្រេចមែន។

សម្រាប់បណ្តាប្រទេសលោកខាងលិច ជារឿងធម្មតាទេដែលស្ត្រីចូលរួមការកម្សាន្តបែបនេះ។ ក៏ប៉ុន្តែ នៅកម្ពុជាដែលនៅប្រកាន់ប្រពៃណីខ្លាំង និងតួនាទីរបស់ស្ត្រីនៅមានកម្រិត អ្វីដែល សុជាតា និង ដាលី បានធ្វើគឺជាកំណត់ត្រាថ្មីសម្រាប់ប្រទេស។
សុជាតា ជាមន្រ្តីប្រព័ន្ធបណ្តាញសង្គមនិងស្រាវជ្រាវ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ហើយ ដាលី ជាមន្រ្តីទំនាក់ទំនងជាន់ខ្ពស់ នៅគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។
នៅតាមបណ្តាញសង្គម មានសារអបអរសាទរជាច្រើន រួមទាំង សារ Twitter ដោយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Angela Corcoran ផងដែរ ដល់ សុជាតា និង ដាលី ក្នុងនាមជានារីកម្ពុជាវ័យក្មេង ដែលបានបង្កើតកំណត់ត្រាមួយនេះ៕