គំនិតគួរពិចារណា

សិល្បៈនៃការ​ឆ្លើយ​តប​បដិសេធ ឲ្យ​មាន​ប្រសិទ្ធភាព


រាល់ការឆ្លើយបដិសេធទៅលើគំនិតណាមួយរបស់អ្នកដទៃ នៅក្នុងបរិបទការងារ ឬការរស់នៅក៏ដោយ វាមិនមែនគ្រាន់តែនិយាយថា “ទេ ឬ NO” មួយម៉ាត់ត្រូវចប់នោះនោះឡើយ។ ប្រសិនបើអ្នកមិនមានវិធីសាស្ត្រ ដើម្បីឆ្លើយបដិសេធឲ្យបានសមរម្យ នោះចម្លើយថា “ទេ ឬ NO” របស់អ្នក ក៏អាចធ្វើឲ្យភាគីម្ខាងទៀត ដែលជាម្ចាស់មតិនឹងត្រូវអាក់អន់ចិត្ត ឬមានចិត្តគុំគួនប្រឆាំងនឹងអ្នកផងដែរ ឬអាចឈានទៅដល់ការបែកបាក់សាមគ្គីភាពនៅក្នុងក្រុមក៏ថាបាន។
រូបតំណាង (www.huffingtonpost.com)
ដោយ

ខេមបូណូមីស សូមលើក​យកនូវ​គំនិត ដែលបានស្រាវ​ជ្រាវ​ផ្ទាល់ខ្លួន​​មួយ​​ចំនួន ដើម្បីឲ្យ​អ្នក​ពិចារណា មុននឹង​ឆ្លើយ​បដិសេធ​ទៅកាន់​អ្នកដទៃ ឲ្យមាន​ប្រសិទ្ធ​ភាព ដែលមានដូចតទៅនេះ ៖

មុនឆ្លើយថា NO ទៅលើ​គំនិត​មួយ ត្រូវរក​ចំណុចល្អ​នៅក្នុង​នោះសិន

ប្រសិន​បើសមាជិក​ក្នុងក្រុម​របស់​អ្នក​ណាមួយ លើកសំណើ ឬមតិអ្វីមួយ សម្រាប់​ដាក់បញ្ចូល​នៅក្នុង​ការអនុវត្ត​គម្រោង ទោះបីជា​មតិនោះមិន​ត្រូវតាម​អ្វីដែល​អ្នកចង់​បាន​ក៏ដោយ តែអ្នក​ក៏គប្បី​យកមតិ​នោះមក​ធ្វើការ​ពិភាក្សា​ជារួម​ជា​មុនសិន។ តួយ៉ាង អ្នកអាច​លើក​មតិនោះ​ឲ្យសមាជិក​ក្នុងក្រុម​ធ្វើការ​វាយតម្លៃ ឬអ្នកគួរតែ​ស្វែងរក​នូវចំណុច​ល្អៗ ដែលមាន​នៅក្នុងនោះ​ឲ្យបាន​ច្រើន​សិន មុននឹង​អ្នកយក​អំណះ​អំណាង​របស់អ្នក​មកបកស្រាយ​សង្កត់​លើគំនិត​របស់​ពួកគេ ឬនិយាយ​បដិសេធ​ថា “NO”។ ការធ្វើ​ដូចនេះ វាសបញ្ជាក់​ពីការ​ឲ្យតម្លៃ​ទៅលើ​មតិរបស់​សមាជិក​ក្នុងក្រុម ហើយវា​ក៏ជា​ការលើក​ទឹកចិត្ត​ដល់​សមាជិក​ឲ្យ​ចូល​រួមចំណែក​បញ្ចេញមតិយោបល់​នៅលើក​ក្រោយ​ទៀត​ផងដែរ។

មុន​និយាយថា NO ទៅ​កាន់គេ អ្នក​ត្រូវ​រក​ចម្លើយ​ថា YES របស់អ្នក​សិន

មនុស្ស​មួយចំនួន​តែងធ្វើការ​បដិសេធ​លើគំនិត​អ្នក​ដទៃ ទាំងទទឹងទិស ដោយ​សារតែ​ការរង​សម្ពាធពី​អ្វីមួយ ឬគ្រាន់តែការ​មិនចូល​ចិត្ត​អត្តចរិត​បុគ្គល ឬទាំង​ខ្លួនឯងមិន​មានគំនិត​ដើម្បី​បញ្ចេញ​ចែក​រំលែក​ផងនោះ។ វា​ ពិតជាមិនមែន​ជាដំណោះស្រាយ​ល្អក្នុងការ​ឆ្លើយ​បដិសេធ​នោះទេ បើអ្នក​មាន​ការ​ត្រៀម​ខ្លួន។ មុននឹងអ្នក​និយាយ​បដិសេធ​​លើគំនិត ឬយោបល់​​អ្នកដទៃ អ្នកត្រូវ​​ប្រាកដ​ក្នុង​ចិត្ត​​ថា អ្នកមាន​អំណះ​អំណាង​សម្រាប់​ចម្លើយ​​របស់​​អ្នក ដើម្បី​តតាំង​មតិជាមួយ​ពួកគេ ពោលគឺ​ជាគំនិត​ដែលអ្នក​យល់​ថា វាល្អប្រសើរ ​ឬមាន​ទស្សន​វិស័យ និងចក្ខុវិស័យ​វែងឆ្ងាយ​ជាងគំនិត​របស់អ្នក ដែលត្រូវ​បានអ្នក​បាន​បដិសេធ។ លើសពីនេះ អ្នកគប្បី ជៀសវាង​ការបដិសេធ​លើគំនិត​អ្នកដទៃ ដោយគ្រាន់​តែប្រើ​អារម្មណ៍​មកវិនិច្ឆយ​ភ្លាមៗ ដោយមិន​បានថ្លឹង​ថ្លែង ឬមាន​អំណះអំណាង​គ្រប់​គ្រាន់។

អ្នកត្រូវ​ចាំថា ការបដិសេធ​ដ៏​ល្អបំផុត គឺជា​ការផ្ដល់​នូវអំណះអំណាង​ត្រឡប់​ទៅវិញ​ដ៏សមហេតុផល​បំផុត ហើយ​អំណះអំណាង​នោះទៀត​សោត ត្រូវតែ​ជាដំណោះស្រាយ​បន្ថែម​ពីលើ​បញ្ហា មិនមែន​ជាការ​ចាប់កំហុស​នៅក្នុង​បញ្ហា​នោះ​ទេ។

ប្រើហេតុផល (YESES) ដើម្បីខ្ចប់ NO ឲ្យជាប់

ដើម្បីអាច​យកឈ្នះ​លើមតិ​ដែលអ្នកគិត​ថា​មិនត្រឹមត្រូវ ឬមិនសម​ហេតុផល ទាមទារ​ឲ្យអ្នកត្រូវ​មាន​មតិ ឬយោបល់ ដែលជា​ហេតុផល​យ៉ាង​តិច​២ ដែលមួយ​ត្រូវ​នៅមុខ និងមួយ​ទៀត​ត្រូវនៅ​ក្រោយ ដើម្បីធ្វើយ៉ាងខ្ចប់​មតិ​បដិសេធ (NO) របស់​អ្នក កុំឲ្យ​របូត ឬជ្រុះ​ដោយសារ​សម្ពាធយោបល់​ពីភាគី​ម្ខាង​ទៀត។ ឧទាហរណ៍៖ ចាហ្វាយ​របស់អ្នក ស្នើឲ្យ​អ្នកមក​ធ្វើការនៅ​ថ្ងៃចុង​សប្តាហ៍ ដែលជា​ថ្ងៃត្រូវ​ឈប់​សម្រាក ប៉ុន្ដែ វាជាពេល​វេលា​ពិសេស​មួយ ដែលអ្នក​ត្រូវបំពេញ​តួនាទី​ជាឪពុក​ម្ដាយ ឬកូនល្អ​សម្រាប់​គ្រួសារ ដោយ​សារ​វាជាថ្ងៃពិសេស​នៃគ្រួសារ​របស់អ្នក។

ដូច្នេះ អ្នកត្រូវ​ធ្វើយ៉ាង​ណា ប្រាប់ហេតុ​ផលច្បាស់​លាស់​ទៅកាន់​ចាហ្វាយ​របស់​ជាមុន​សិន ពីមូលហេតុ​អ្នកត្រូវ​នៅជាមួយ​គ្រួសារ​ដោយ​ខានមិន​​បាន (តែកុំប្រើលេស)។ បន្ទាប់​មកអ្នក​គួរឆ្លើយ​បដិសេធ ដោយ​​អាកប្បកិរិយា​សុំទោស ឬសម្ដែង​នូវការ​សោកស្ដាយ​ចំពោះ​ការអាក់​ខាន​របស់អ្នក ហើយចុង​ក្រោយអ្នក​ត្រូវបង្ហាញ​ពីស្មារតីទទួល​ខុសត្រូវ​របស់អ្នក ដោយការស្វែង​រកពេល​វេលា ឬមធ្យោបាយ​ណាផ្សេង​ក្រៅ​ពីនោះ ដើម្បី​ស្នើសុំទៅ​ចាហ្វាយ​របស់​អ្នកក្នុង​ការធ្វើវា​នៅមុន ឬនៅ​ពេល​ក្រោយ នៃថ្ងៃ​ចុង​សប្ដាហ៍​នោះ ដើម្បី​ជាការប៉ះប៉ូវ​។ ការធ្វើយ៉ាងដូច្នេះ នឹងធ្វើ​ឲ្យ​ចាហ្វាយ​នាយ​របស់អ្នក​នឹងយល់​ពីផល​លំបាក​របស់អ្នក ព្រម​ជាមួយ​ការមើល​ឃើញ​ពីស្មារតី​ទទួលខុស​ត្រូវចំពោះ​ការងារ​ផងដែរ។

ទុកពេល​វេលា​ដើម្បី​សម្រេច​ចិត្ត

ការសម្រេចចិត្ត​ដ៏ល្ងង់ខ្លៅ​បំផុត គឺការ​សម្រេច​ចិត្តតាម​អារម្មណ៍ ពេលខឹង ច្រណែន ឬចង់ឈ្នះ​លើអ្នកដទៃ​ដោយ​ភ្លេច​ខ្លួន។ ដូច្នេះ ប្រសិន​បើអ្នកជា​ថ្នាក់ដឹកនាំ ដែល​កំពុងស្ថិត​នៅក្នុង ស្ថានភាព​មួយដែល មាន​អារម្មណ៍ថា មិនប្រាកដ​ក្នុងចិត្ត ឬមាន​អារម្មណ៍​មិនមូលទេ នោះអ្នក​គួរតែ​រកពេល​វេលា​សមស្របណាមួយ​ដើម្បី​សម្រេចចិត្ត ជៀសវាង​ការឆ្លើយ​បដិសេធ​ដោយមិនបាន​សំយោគលើ​យោបល់​ឲ្យបាន​គ្រប់ជ្រុង​ជ្រោយ។

ការទុកឱកាស​សម្រាប់ការ​សម្រេច​ចិត្ត វាក៏អាច​ធ្វើឲ្យ​អ្នករក​ឃើញ​នូវវិធីសាស្ត្រ​ល្អបំផុត ដើម្បីឆ្លើយបដិសេធ​ផងដែរ (ក្នុងករណី​គំនិតនោះ​មិនទាន់​ល្អគ្រប់​គ្រាន់)។

          ការឆ្លើយ​បដិសេធលើ​គំនិតយោបល់​របស់អ្នកដទៃ ពេលខ្លះវាលំបាក​ជាជាង​ការស្វែង​រកគំនិតដើម្បី​បង្ហាញ​ទៅកាន់​អ្នក​ដទៃ​ទៅទៀត។ តាមការស្រាវជ្រាវ​មួយ​របស់សាកល​វិទ្យាល័យ California របស់​សហរដ្ឋ​អាមេរិក​បានរក​ឃើញថា នៅពេល​ដែលអ្នក​កាន់តែលំបាក​ក្នុងការ​និយាយ​បដិសេធ (NO) ទៅកាន់អ្នកដទៃ នោះអ្នក​នឹងកាន់តែ​ប្រឈមមុខ​នឹងបញ្ហា​ស្រេសខ្លាំង (Stress) អស់​កម្លាំងចិត្ត​កម្លាំងកាយ (Burnout) និងឈាន​ទៅដល់​ការបាក់ទឹក​ចិត្តធ្ងន់​ធ្ងរ (Depression) ផងដែរ ដែលវា​ជាគ្រឿង​រារាំង​ធំបំផុត​ក្នុងការ​វិវឌ្ឍ​នៃគំនិត​បញ្ញា និងភាពប៉ិនប្រសប់​របស់អ្នក៕

None



អត្ថបទបន្ទាប់


ទស្សនវិជ្ជា ៣យ៉ាង ដែលលោក Steve Jobs បានបន្សល់ទុកក្នុងក្រុមហ៊ុន Apple

បើគិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនយក្ស ផលិតផលិតផលបច្ចេកវិទ្យាដូចជាកុំព្យូទ័រ ទូរស័ព្ទ Smartphone…

ភាពខុសគ្នា៩ចំណុច រវាងអ្នកចំណូលមធ្យម និងអ្នកចំណូលខ្ពស់

កម្រិតនៃជីវភាពរបស់មនុស្សម្នាក់ៗ បណ្ដាលមកពីការគិត និងទង្វើរបស់ពួកគេ កាលណាអ្នកគិតត្រូវ ធ្វើត្រូវ នោះលទ្ធផលនឹងទទួលបានជាទីគាប់ចិត្ត។ ប៉ុន្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ