តាមទំនៀមទម្លាប់ ប្រជាជនចិនស្រលាញ់ពណ៌ក្រហម ហើយចាត់ទុកពណ៌ក្រហមជានិមិត្តរូបនៃថាមពល សុភមង្គល និងសំណាងល្អ។ ការឲ្យអាំងប៉ាវ ឬស្រោមសំបុត្រពណ៌ក្រហម គឺជាការជូនពរឲ្យមានសំណាងល្អ។
តាមពិតទៅ សារសំខាន់នៃអាំងប៉ាវ គឺស្ថិតនៅលើក្រដាសពណ៌ក្រហម មិនមែនលុយដែលនៅខាងក្នុងទេ។ ការដាក់លុយនៅក្នុងស្រោមសំបុត្រពណ៌ក្រហម គឺមានន័យថា ផ្ដល់សេចក្ដីសុខសប្បាយ និងជាការជូនពរដល់អ្នកទទួល។ ដូច្នេះ វាជាការមិនល្អ មិនគួរសមទេ ដែលបើកអាំងប៉ាវមើលចំនួនលុយនៅចំពោះមុខអ្នកដែលឲ្យអ្នក។
អ្នកណាខ្លះគួរឲ្យអាំងប៉ាវទៅគេ ?
តាមប្រពៃណីទំនៀមទម្លាប់ ប្រសិនបើអ្នកចាប់ផ្ដើមរកលុយបានហើយ នោះជាពេលវេលាដែលអ្នកត្រូវចាប់ផ្ដើមបទពិសោធន៍នៃការចែកអាំងប៉ាវឲ្យគេហើយ។ ការចែកអាំងប៉ាវ គឺជាការចែករំលែកការជូនពរ ហើយចំនួនទឹកប្រាក់នៅក្នុងអាំងប៉ាវ គឺអាស្រ័យលើចំណូលរបស់អ្នក។
ប៉ុន្តែ ចិនក៏មានទម្លាប់មួយទៀតដែរ គឺថា ប្រសិនបើអ្នកមិនទាន់រៀបការទេ អ្នកមិនចាំបាច់ចែកអាំងប៉ាវឲ្យគេនោះទេ។
ចំពោះសាច់ញាតិជិតដិតវិញ (ដូចជា ឪពុកម្ដាយ និងកុងម៉ារបស់អ្នក) ពួកគាត់នឹងបន្តផ្ដល់អាំងប៉ាវឲ្យអ្នករហូត ទោះបីពេលអ្នករៀបការមានគ្រួសារហើយក្ដី ពីព្រោះនេះជានិមិត្តរូបនៃសេចក្ដីស្រលាញ់ និងការជូនពរដល់រូបអ្នក។
តើគួរដាក់លុយក្នុងអាំងប៉ាវប៉ុន្មានទើបសម ?
ចំពោះមនុស្សចាស់ជាងអ្នក (ជាពិសេស ឪពុកម្ដាយ និងកុងម៉ារបស់អ្នក) គួរដាក់លុយក្នុងអាំងប៉ាវឲ្យពួកគាត់ ចន្លោះពី ៥០០ ទៅ ២០០០យ័ន ឬស្មើនឹងពី ១០០ ទៅ ៣០០ដុល្លារអាមេរិក។
ចំពោះមនុស្សក្មេងជាងអ្នកដែលពុំទាន់មានចំណូល (ជាពិសេស អ្នកនៅរៀននៅឡើយ) ដូចជា កូនៗរបស់មិត្តភក្ដិ សាច់ញាតិ និងសហការីរបស់អ្នក គួរដាក់លុយក្នុងអាំងប៉ាវឲ្យ ពី ៥០ ទៅ ២០០យ័ន ឬស្មើនឹងពី ១០ ទៅ ៣០ដុល្លារ។
ចំពោះកូនៗរបស់អ្នក គឺពី ១០០យ័ន ឬ ២០ដុល្លារឡើងទៅ រហូតដល់ចំនួនប៉ុន្មានក៏បាន ឲ្យតែអ្នកសប្បាយចិត្តនឹងឲ្យ។
ចំពោះបុគ្គលិកនិយោជិតរបស់អ្នក គឺដាក់អាំងប៉ាវឲ្យចន្លោះពី ១០០ ដល់ ១០០០យ័ន ឬស្មើនឹងពី ២០ ដល់ ២០០ដុល្លារ។
ចំពោះកូនចៅរបស់អ្នកស្គាល់គ្នា ដែលអ្នកអាចនឹងជួបនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន លុយដាក់ក្នុងអាំងប៉ាវឲ្យ អាចចន្លោះពី ១០ ទៅ ២០យ័ន ឬស្មើនឹងពី ៥ ទៅ ១០ដុល្លារអាមេរិក។
ការឲ្យអាំងប៉ាវនេះ មិនមែនធ្វើតែក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនោះទេ។ នៅក្នុងឱកាសពិសេសដទៃទៀត ដូចជា អាពាហ៍ពិពាហ៍ ពិធីទទួលសញ្ញាបត្រ ពេលក្មេងកើត ឬពេលខួបកំណើត ឬចម្រើនព្រះជន្មមនុស្សចាស់។ ការឲ្យអាំងប៉ាវ គឺជាប្រពៃណីនៃការជូនពរឲ្យអ្នកណាម្នាក់មានសំណាងល្អ និងសេចក្ដីសុខសប្បាយ៕