ក្នុងនាមជាគេហទំព័រដែលផ្តល់ព័ត៌មាននិងចំណេះដឹងទាក់ទងទៅនឹងផ្នែកធុរកិច្ចទាំងក្នុងនិងក្រៅប្រទេសមួយ Cambonomist សូមផ្តល់យោបល់ថា សម្រាប់អ្នកដែលមិនធ្លាប់បានអានគួរតែស្វែងរកសៀវភៅមួយក្បាលនេះ និងចំណាយពេលវេលាអាន។
ទស្សន:និងគំនិតខុសគ្នារវាងឪពុកអ្នកមាន និងឪពុកអ្នកក្រ ក្នុងការអប់រំកូន រួមទាំងគំនិតល្អៗក្នុងការចាប់ផ្តើមធុរកិច្ចដោយខ្លួនឯង ត្រូវបានអ្នកនិពន្ធនិងជាសេដ្ឋីរូបនេះលើកយកមកបង្ហាញនៅក្នុងសៀវភៅមួយក្បាលនេះយ៉ាងពិស្តារ។
ចំណុចសំខាន់ៗដែលលោក Robert បានរៀនពីឪពុកអ្នកមាន និងបានលើកយកបង្រៀនបន្ត ដល់មិត្តអ្នកអាន រួមមាន អ្នកមានមិនធ្វើការដើម្បីប្រាក់ សារៈសំខាន់នៃការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ភាពខុសគ្នានៃចំណូលនិងចំណាយរបស់អ្នកមាននិងអ្នកក្រ ទ្រព្យសម្បត្តិ និងបំណុល ចំណាត់ការចំពោះឧបសគ្គជាដើម។
ជាពិសេស លោកបានណែនាំថា គន្លឹះឆ្ពោះទៅរកសេរីភាពខាងហិរញ្ញវត្ថុនិងភាពមានបាន គឺសមត្ថភាពក្នុងការបំប្លែងចំណូលបានមកពីការធ្វើការឲ្យក្លាយទៅជាចំណូលពីទ្រព្យសម្បត្តិ និងផលបត្រ។
បើតាមលោក Robert ចំណូលរបស់មនុស្សយើងបានមកពីប្រភពចំនួន៣ គឺ ចំណូលពីប្រាក់ខែ ឬថ្លៃឈ្នួល ចំណូលពីផលបត្រ និង ចំណូលពីទ្រព្យសម្បត្តិ។
លោកបានពន្យល់ថា ចំណូលបានមកពីផលប្រត្រ គឺជាចំណូលដែលបានមកពីការវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុ ដូចជា ភាគហ៊ុននិងសញ្ញាបណ្ណ។ ចំណែកចំណូលបានមកពីទ្រព្យសម្បត្តិ គឺជាចំណូលដែលបានមកពីការវិនិយោគទៅលើអចលនទ្រព្យ៕