គម្រោងកំពង់ផែទឹកជ្រៅ

អ្នកជំនាញ សង្ឃឹមថា គម្រោងកំពង់ផែទឹកជ្រៅតម្លៃ ២០០លានដុល្លារនៅខេត្តព្រះសីហនុនឹងជួយដោះស្រាយបញ្ហាដឹកជញ្ជូន


គម្រោងកំពង់ផែទឹកជ្រៅដំណាក់កាលទី១ នៅខេត្តព្រះសីហនុ ដែលបានពន្យារពេលសាងសង់រហូតដល់ឆ្នាំ២០២២នោះ កំពុងរៀបចំនីតិវិធី និងការដេញថ្លៃជាអន្តរជាតិ ដោយគ្រោងចំណាយថវិកាប្រមាណជាង ២០០លានដុល្លារអាមេរិក ជាមួយនឹងរយៈពេលសាងសង់៣ឆ្នាំ ពោលគឺនឹងបញ្ចប់នៅឆ្នាំ២០២៥។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ។
ការនាំចេញទំនិញកម្ពុជានៅកំពង់ផែក្រុងព្រះសីហនុ

ចំពោះគម្រោងកំពង់ផែទឹកជ្រៅនេះដែរ អ្នកជំនាញសង្ឃឹមថា នឹងអាចចាប់ផ្ដើមសាងសង់ និងបញ្ចប់ទៅតាមការគ្រោងទុក ដ្បិតថា វានឹងជួយដោះស្រាយបញ្ហាថ្លៃដឹកជញ្ជូនទំនិញរបស់កម្ពុជាកាន់តែប្រសើរជាងមុន ខណៈបច្ចុប្បន្ន តម្លៃដឹកជញ្ជូនបាននិងកំពុងបន្ដឡើងថ្លៃខ្ពស់នៅឡើយ។

រាជរដ្ឋាភិបាលកម្ពុជា គ្រោងសាងសង់កំពង់ផែទឹកជ្រៅ តម្លៃប្រមាណជាង ២០០លានដុល្លារ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤,៥ម៉ែត្រ នៅខេត្តព្រះសីហនុ ដើមឆ្នាំ២០២២ និងបញ្ចប់នៅឆ្នាំ២០២៥។

លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា គម្រោងកំពង់ផែនេះ នឹងជួយជំរុញទំហំសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញតាមនាវាផងដែរ។ បើតាមអ្នកនាំពាក្យរូបនេះ តាមការប៉ាន់ស្មានគម្រោងវិនិយោគកំពង់ផែទឹកជ្រៅនេះ គ្រោងចំណាយថវិកា ប្រមាណជាង ២០០លានដុល្លារ ដែលជាកម្ចីសប្បទានរបស់រដ្ឋាភិបាលជប៉ុន។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា បញ្ហាខ្វះទូរកុងតឺរន័ និងថ្លៃដឹកជញ្ជូនខ្ពស់ នៅតែជាបញ្ហាប្រឈមខ្លាំង ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅកម្ពុជា ពិសេសអំឡុងវិបត្តិកូវីដ១៩ បានធ្វើឱ្យថ្លៃដឹកជញ្ជូនទំនិញកើនឡើងរហូត១០ដង ឯណោះ។ បើតាមការគូសបញ្ជាក់របស់ឧកញ៉ា ស៊ិន ចន្ធី វិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅកម្ពុជា នាបច្ចុប្បន្ន ហាក់នៅមានកម្រិតឡើយ តួយ៉ាង កប៉ាល់ធំៗមិនទាន់អាចចូលចតបាន ហើយនេះក៏ជាបញ្ហាចម្បងដែលធ្វើឱ្យថ្លៃដឹកជញ្ជូនខ្ពស់ផងដែរ។ អ្នកជំនាញរូបនេះ មានក្ដីរំពឹងយ៉ាងមុតមាំថា ក្រោយបញ្ចប់គម្រោងសាងសង់កំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ វិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅកម្ពុជា នឹងប្រសើរឡើង ពិសេសនឹងចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូនតាមផ្លូវទឹក និងជំរុញការនាំចេញ។

បើតាមឧកញ៉ា ស៊ិន ចន្ធី វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យដឹកជញ្ជូននៅកម្ពុជា និងធ្វើឱ្យអ្នករកស៊ីក្នុងវិស័យនេះមួយចំនួន ត្រូវផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួនបណ្ដោះអាសន្ន ។ ក៏ប៉ុន្តែ ក្រោយមានការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ វិស័យដឹកជញ្ជូន និងឡូជីស្ទីក ក៏ចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗ។

បើតាមផែនការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីការសាងសង់កំពង់ផែទឹកជ្រៅជំហានទី១ រួចរាល់នៅឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងបន្ដសាងសង់ជំហានទី២ បន្ដទៀត និងគ្រោងនៅឆ្នាំ២០២៨ និងជំហានទី៣ គ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដើម្បីឱ្យនាវាទៅមកពីអាមេរិក និងអឺរ៉ុប៨៥% ចូលចតបាន មិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី ហើយគម្រោងជំហានទី៣ អាចមានសមត្ថភាពចូលទៅអឺរ៉ុប និងអាមេរិកស្ទើរ ១០០%តែម្ដង។

គួរបញ្ជាក់ថា ស្វយ័តក្រុងព្រះសីហនុ សព្វថ្ងៃ អាចស្រូបយកនូវចំណែកទីផ្សារបានជាង ៧០ភាគរយ នៃចរាចរណ៍ទំនិញចេញ-ចូលស រុបរបស់កម្ពុជា។ ក្នុងនោះ មានកំពង់ផែជាទីកន្លែងប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍, សម្រាប់ដឹកជញ្ជូនទំនិញរាយ, សម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក

ព័ត៌មាន
បុរី ហ្គោលដេន ផាក បានចាប់ផ្ដើមបើកសម្ពោធសាងសង់គម្រោង ដឹណេតឆឺរ៉ល ជាគម្រោងសហគមន៍ធម្មជាតិបែបបៃតងមួយលើផ្ទៃដីសរុប 60ហិកតា នៅថ្ងៃទី 04 ខែធ្ន…

គម្រោងផ្លូវក្រវាត់ក្រុងទី៣ នឹងបញ្ចប់ការសាងសង់យឺតដល់ទៅ៤ខែ ខណៈបច្ចុប្បន្នសម្រេចបានជាង៦០%

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ ដែលមកទល់បច្ចុប្បន្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ