របាយការណ៍ពីក្រុមហ៊ុន Chainalyisis ដែលជាក្រុមហ៊ុនវិភាគវិស័យ Blockchain បានឲ្យដឹងថា នៅឆ្នាំ២០២២នេះ ក្រុមចោរបច្ចេកវិទ្យាបានលួចយករូបិយវត្ថុ Crypto ច្រើនជាងឆ្នាំមុនៗទៅទៀត ដោយឆ្នាំ២០២២ ការបាត់បង់ Crypto ដោយសារចោរលួចនេះ មានដល់ទៅ ៣ពាន់៨រយលានដុល្លារ ខណៈឆ្នាំ២០២១មានប្រមាណ៣ពាន់៣រយលានដុល្លារ។
របាយការណ៍ដដែលបានគូសបញ្ជាក់ទៀតថា ក្រុមចោរបច្ចេកវិទ្យាដែលមន្ត្រីអាមេរិកអះអាងថា មានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកូរ៉េខាងជើងនោះ គឺបានលួច Crypto អស់ប្រមាណ ១ពាន់៧រយលានដុល្លារកាលពីឆ្នាំ២០២២ កើនឡើងពី ៤០០លានដុល្លារដែលធ្លាប់បានលួចកាលពីឆ្នាំមុន។
ក្រុមចោរបច្ចេកវិទ្យា ឬហៅថា Hackers របស់កូរ៉េខាងជើង បានបង្កើនការផ្ដោតការយកចិត្តទុកដាក់លើការចូលលួចយករូបិយវត្ថុ Crypto ខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាបង្កើនប្រាក់ចំណូលសម្រាប់រដ្ឋាភិបាល នៅចំពោះមុខនឹងការរងទណ្ឌកម្មពីអន្តរជាតិកាន់តែខ្លាំងឡើងៗនោះ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក។
លោក Anne Neuberger ទីប្រឹក្សាសន្ដិសុខជាតិរងរបស់អាមេរិក សម្រាប់ប្រព័ន្ធអ៊ីនធើណែត និងបច្ចេកវិទ្យាកំពុងរីកចម្រើន ធ្លាប់បាននិយាយកាលពីខែកក្កដាឆ្នាំមុនថា លុយCrypto ដែលត្រូវបានលួចដោយក្រុមចោរបច្ចេកវិទ្យាទាំងនោះ គឺមានប្រហែល ១ភាគ៣ នៃមូលនិធិសម្រាប់កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
បើតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថា ទីផ្សារមូលធនសរុបរបស់រូបិយវត្ថុ Crypto សកលលោកបានកើនឡើងដល់កម្រិតកំពូលប្រមាណជិត ៣ទ្រីលានដុល្លារកាលពីខែវិច្ឆិកាឆ្នាំ២០២១ ប៉ុន្ដែគិតត្រឹមដំណាច់ឆ្នាំ២០២២ នៅមានត្រឹមប្រមាណជិត ៨០០ពាន់លានដុល្លារប៉ុណ្ណោះ។
ទីផ្សាររូបិយវត្ថុឌីជីថលនេះ បានរងការរង្គោះរង្គើខ្លាំងមែនទែនកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីមានក្រុមហ៊ុនជួញដូរ Crypto ដ៏ធំមួយ គឺ FTX ដែលមានតម្លៃ ៣២ពាន់លានដុល្លារបានប្រកាសដួលក្ស័យធន ខណៈម្ចាស់ក្រុមហ៊ុននេះ ក៏កំពុងប្រឈមនឹងរឿងក្ដីក្ដាំនៅតុលាការជុំវិញនឹងបទឆបោកផងដែរ។
សូមបញ្ជាក់ថា ការជួញដូររូបិយវត្ថុឌីជីថលនេះ ត្រូវបានគេមើលឃើញថា គឺជាការជួញដូរមួយដែលប្រឈមនឹងហានិភ័យខ្ពស់ណាស់ ដោយសារតែតម្លៃនៃរូបិយវត្ថុនេះ មានការប្រែប្រួលលឿនរហ័ស។ បច្ចុប្បន្ន រូបិយវត្ថុឌីជីល ឬ Crypto នេះ មានរហូតដល់ប្រមាណជាង ២ម៉ឺនប្រភេទឯណោះ ប៉ុន្ដែ Crypto ដែលមានការពេញនិយមជួញដូរជាងគេនោះ គឺមានដូចជា Bitcoin, Ethereum, Teher, Binanace Coin និង US Dollar Coin ជាដើម៕