តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន

តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន ហក់ឡើងខ្ពស់កប់ពពករហូតដល់ ៥ពាន់ ទៅជាង១ម៉ឺនដុល្លារ


តម្លៃសំបុត្រយន្ដហោះ ទៅមកប្រទេសកម្ពុជា និងចិន កំពុងហក់ឡើងថ្លៃខ្ពស់កប់ពពក ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរចិនចាប់ពីចុងខែវិច្ឆិកានេះតទៅ។ ជាក់ស្ដែង បើតាមសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន ការធ្វើដំណើរតែ ១ជើងប៉ុណ្ណោះ ចេញពីកម្ពុជាទៅចិន ឬពីចិនមកកម្ពុជា សំបុត្រយន្តហោះមានតម្លៃរហូត ៥ពាន់-១ម៉ឺនដុល្លារ ឯណោះ។
យន្តហោះក្រុមហ៊ុន Cambodia Airway នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យតម្លៃសំបុត្រយន្តហោះរវាងកម្ពុជា-ចិន ហក់ខ្ពស់បែបនេះ ហើយវាអាចនឹងប៉ះពាល់ដល់ផែនការទទួលទេសចរវ៉ាក់សាំងនាចុងខែវិច្ឆិកាខាងមុខ ឬយ៉ាងណា?

ក្រោយពេលមានការប្រកាសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានការបើកប្រទេសឡើងវិញ និងការត្រៀមខ្លួនទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួច ចាប់ពីចុងខែវិច្ឆិកាតទៅនោះ គេងសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនចាប់ផ្ដើមស្ទុះស្ទារៀបចំខ្លួនក្នុងការបើកប្រតិបត្តិការដឹកភ្ញៀវទេសចរអន្តរជាតិឡើង។ ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតម្លៃសំបុត្រយន្ដហោះទៅប្រទេសកម្ពុជា និងចិន កំពុងហក់ឡើងខ្លាំងមែនទែន។

លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍ កម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្ន ការធ្វើដំណើរតែ ១ជើង ពីកម្ពុជាទៅប្រទេសចិន ឬពីប្រទេសចិនមកកម្ពុជា អ្នកដំណើរម្នាក់ត្រូវចំណាយពី៥ពាន់ដុល្លារ រហូតដល់ជាង១ម៉ឺនដុល្លារ ឯណោះ ខណៈ ខណៈកាលពីមុន ការធ្វើដំណើរ១ជើង ពីកម្ពុជា-ចិន ត្រូវចំណាយប្រាក់លើសំបុត្រយន្តហោះ ត្រឹមតែ៤រយ ទៅ៥រយដុល្លារប៉ុណ្ណោះ ឬអាចក្រោមនេះក៏មានដែរ។​

បើតាមការបញ្ជាក់របស់លោក ហូ វណ្ណឌី ការហក់ខ្ពស់នៃតម្លៃសំបុត្រយន្តហោះរវាងប្រទេសចិន និងកម្ពុជា គឺដោយសារតែ ការខ្វះជើងហោះហើរក្នុងស្រុក ក៏ដូចជា វិធានការរឹតត្បិតក្នុងប្រទេសចិនជាដើម។ អ្នកជំនាញផ្នែកអាកាសចរណ៍រូបនេះ បានគូសបញ្ជាក់ទៀតថា សព្វថ្ងៃ មានក្រុមហ៊ុនអាកាសចរណ៍មិនដល់ ១០ក្រុមហ៊ុនផង ដែលកំពុងដំណើរការ ខណៈ កាលពីមុនវិបត្តិកូវីដ-១៩ មានក្រុមហ៊ុនអាកាសចរណ៍ ប្រមាណ ៤០ក្រុមហ៊ុន ឯណោះ បានដំណើរការ។

បើទោះបែបនេះក្ដី ទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍ លោក ហូ វណ្ណឌី នៅតែមានសុទិដ្ឋិនិយម ជាមួយនឹងការងើបឡើងវិញនៃវិស័យអាកាសចរណ៍ បន្ទាប់ពីផែនការបើកទទួលទេសចរវ៉ាក់សាំង នាចុងខែវិច្ឆិកា ខាងមុខ។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ទៀតថា បញ្ហាថ្លៃសំបុត្រយន្តហោះរវាងកម្ពុជា-ចិន នឹងត្រូវបានដោះស្រាយឱ្យឆាប់ មុនថ្ងៃបើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំង ពិសេសទេចរចិនតែម្ដង។ យ៉ាងណា លោក ហូ វណ្ណឌី បានគូសបញ្ជាក់ថា បន្ទាប់ពីមានការប្រកាសបើកប្រទេសឡើងវិញ ថ្លៃសំបុត្រយន្តហោះហោះហើរទៅកាន់ទិសដៅប្រទេសផ្សេងៗទៀត អាចនឹងឡើងថ្លៃតិចតួចប៉ុណ្ណោះ លើកលែងតែថ្លៃសំបុត្រយន្តហោះរវាងកម្ពុជា-ចិន។

ដោយឡែក ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញពីការព្រួយបារម្ភថា បញ្ហាថ្លៃសំបុត្រយន្តហោះឡើងថ្លៃរវាងកម្ពុជា-ចិន អាចជាកត្តារាំងស្ទះ ដល់ផែនការទាក់ទាញទេសចរចិន នាពេលខាងមុខ។ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះ បានគូសបញ្ជាក់ថា វាមិនគួរឱ្យជឿសោះថា តម្លៃសំបុត្រយន្តហោះរវាងកម្ពុជា-ចិន បានហក់ឡើងខ្ពស់បែបនេះ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានសង្កត់ធ្ងន់ថា បញ្ហាសំបុត្រយន្តហោះឡើងថ្លៃ រវាងកម្ពុជា-ចិន អាចនឹងជាកត្តារាំងស្ទះ ដល់ដំណើរការបើកទទួលទេសចរអន្តរជាតិ នាពេលខាងមុខ ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទេសចរចិន គឺជាអាទិភាពក្នុងផែនការនេះ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ក្រុងប៉េកាំងប្រទេសចិន បានប្រកាសលុបចោលជើងហោះហើរប្រមាណ ៥០ភាគរយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រោយប្រទេសនេះមានករណីឆ្លងកូវីដ-១៩ សារជាថ្មី។ ការលុបចោលនៃចោលហោះហើរ គួបផ្សំនឹងវិធានការរឹតត្បិតនៃអ្នកដំណើរចេញ-ចូលប្រទេសចិន ក៏បានជះឥទ្ធិពលផងដែរ ដល់ការធ្វើដំណើររបស់អ្នកដំណើរចិន ចូលមកកម្ពុជា៕

None



អត្ថបទបន្ទាប់


ថៃរំពឹងសេដ្ឋកិច្ចកើនឡើង ៦% នៅឆ្នាំក្រោយ បើគ្មានការផ្ទុះឆ្លងរាលដាលខ្លាំងជាថ្មីទៀត

កំណើនសេដ្ឋកិច្ចប្រទេសថៃដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ១៩នោះ ត្រូវបានរដ្ឋាភិបាលរំពឹងថា នឹងអាចគ្រប់គ្រងបានឲ្យមកនៅក្នុងស្ថានភាពប្រសើរឡ…

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ RCEP នឹងជួយកម្ពុជាពង្រីកការនាំចេញបន្ថែម ៧% និងការវិនិយោគ ២៣%

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា RCEP នឹងចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីកិច្ចព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ