បញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងថា កងកម្លាំងយាមកាមរបស់ខ្លួន បានតាមដានឃើញយ៉ាងច្បាស់ពីលើបុស្តិ៍យាមរបស់ពួកគេ ពីសកម្មភាពរបស់នាវាអាមេរិក ចំនួន២គ្រឿង និង នាវាចម្បាំងរបស់កាណាដាមួយគ្រឿង ដែលបានបើកកាត់ ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ និង ថ្ងៃសុក្រសប្តាហ៍មុននេះ។
គួរជម្រាបថា ច្រកសមុទ្រតៃវ៉ាន់ គឺជាច្រកសមុទ្រដែលមានលំហ ទទឹងប្រមាណ ១៨០ គីឡូម៉ែត្រ ពីកោះតៃវ៉ាន់ទៅកាន់ប្រទេសចិននិយាយដោយឡែក និងនិយាយជារួមពីកោះតៃវ៉ាន់ទៅកាន់ទ្វីបអាស៊ីទាំងមូល។ ច្រកសមុទ្រនេះ គឺជាផ្នែកមួយនៃសមុទ្រចិនខាងត្បូង និង តភ្ជាប់ទៅសមុទ្រចិនខាងកើត ទៅខាងជើងផងដែរ។
យោធាចិនបានហៅការធ្វើនាវាចររបស់សហរដ្ឋអាមេរិក និង កាណាដា ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់នេះថា ជាការឃុបឃិតគ្នាដើម្បីបង្កបញ្ហា ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ និងតំបន់ទាំងមូល។ ភាគីចិនបានសង្កត់ធ្ងន់ និង បន្តក្រើនរំឭកថា កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីចិន ហើយដែលចិនតែងតែរក្សាការការពារកម្រិតខ្ពស់ និង ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ការគំរាមកំហែងនានា។
គួររំឭកថា ជារឿយៗ ក្នុងមួយខែៗ នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកតែងតែបើកឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលប្រការនេះត្រូវបានទីក្រុងប៉េកាំងចោទប្រកាន់ ក្រុងវ៉ាស៊ីនតោន ថាបានបង្កភាពតានតឹងក្នុងតំបន់។ ខណៈដែលសម្ព័ន្ធមិត្តរបស់អាមេរិក ម្តងម្កាល ក៏បានបញ្ជូននាវាឆ្លងកាត់ច្រកសមុទ្រនេះផងដែរ ដូចជាចក្រភពអង់គ្លេសជាដើម។
យ៉ាងណាក៏ដោយចុះ ពុំមានការផ្ទុះអាវុធដាក់គ្នាណាមួយ ត្រូវបានគេរាយការណ៍នោះទេ រាល់ពេលដែលនាវារបស់អាមេរិក និងសម្ព័ន្ធមិត្តបានបើកឆ្លងកាត់ម្តងៗនោះ។
ទន្ទឹមនឹងការចោទប្រកាន់អាមេរិក និង សម្ព័ន្ធមិត្តពីការបង្កភាពតានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់តាមរយៈផ្លូវនាវាចរ ភាគីចិនខ្លួនឯងជារឿយៗ និង ជាពិសេសកាលពីដើមខែតុលានេះ បានបញ្ជូនយន្តហោះចម្បាំង និង យន្តហោះទម្លាក់គ្រាប់បែកប្រមាណ ១៥០គ្រឿងចូលទៅតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ផងដែរ៕