ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១ ដែលជាជំនួបទ្វេភាគី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រាក់ សុខុន នៅទីក្រុងហាងចូវ ខេត្តជឺជាំង ប្រទេសចិន។
នៅក្នុងជំនួបទ្វេភាគីនោះ ឯកឧត្តម វ៉ាង យី បានលើកឡើងពីការប្តេជ្ញាចិត្តក្នុងការបន្ដជួយផ្ដល់នូវថ្នាំវ៉ាក់សាំងបង្ការកូវីដ១៩ មកឲ្យកម្ពុជាបន្ថែមទៀត ទៅតាមតម្រូវការរបស់កម្ពុជា ហើយក៏នឹងជួយដល់កម្ពុជាបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ផងដែរ។
ការសន្យានឹងជួយកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំងនេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងនៅក្រោយពេលដែល សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្មីៗនេះ បានអំពាវនាវឲ្យមហាមិត្តចិនជួយដល់កម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជាផ្ទាល់ ដើម្បីផ្គត់ផ្គត់ក្នុងស្រុក និងទៅកាន់ប្រទេសផ្សេងៗទៀតដែលកំពុងមានតម្រូវការវ៉ាក់សាំងផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី ក៏បានលើកឡើងថា កម្ពុជា គឺជាមិត្ត និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ចិន ហើយចិនមានឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមទៀត នៅក្នុងគម្រោងធំៗ ផ្លូវល្បឿនលឿន និងព្រលានយន្ដហោះ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងគម្រោងសំខាន់ៗផ្សេងទៀតជាដើម។
ទន្ទឹមគ្នានេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានលើកឡើងដែរថា ឯកឧត្តម សាទរចំពោះប្រទេសចិន ដែលតែងតែគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយកម្ពុជាយកចិត្តទុកដាក់ និងគាំទ្រគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល និងគំនិតផ្ដួចផ្ដើមសុវត្ថិភាពទិន្នន័យសកល ដែលត្រូវបានស្នើឡើងដោយប្រទេសចិន។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏ជូនពរឲ្យប្រទេសចិន ទទួលបានជោគជ័យលើការប្រារព្ធពិធីកីឡាអូឡាំពិកនៅរដូវរងាឆ្នាំ២០២២ខាងមុខនេះផងដែរ៕