វិស័យដឹកជញ្ជូននៅឆ្នាំ២០២២

តើវិស័យដឹកជញ្ជូននៅឆ្នាំ២០២២នឹងមានសភាពប្រែប្រួលយ៉ាងណាខ្លះ?


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកកត់សម្គាល់ឃើញថា គិតមកទល់ដើមឆ្នាំ២០២២ វិស័យដឹកជញ្ជូនពុំទាន់មានភាពល្អប្រសើរពេញលេញនៅឡើយទេ ពោលគឺការដឹកជញ្ជូនទៅប្រទេសខ្លះនៅមានជួយបញ្ហាការរឹតត្បិតខ្លាំង និងខ្លះក៏មានការបន្ធូរបន្ថយជាងមុនដែរ។ ប៉ុន្តែក្នុងចំណោមផ្លូវដឹកជញ្ជូនទាំងបីអ្នកជំនាញកត់សម្គាល់ឃើញថា ការដឹកជញ្ជូនតាមផ្លូវអាកាសហាក់នៅរងផលប៉ះពាល់ខ្លាំង បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក ហើយតម្លៃដឹកជញ្ជូនទៀតសោត ក៏ពុំទាន់ភាពល្អប្រសើរផងដែរ។
រូបតំណាង៖ វិស័យដឹកជញ្ជូននៅកម្ពុជាអំឡុងការបិទខ្ទប់ (lockdown) - Xinhua
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែបន្តរងការគំរាមកំហែងពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការដាក់ចេញវិធានការទប់ស្កាត់កូវីដ-១៩ ពីប្រទេសមួយចំនួននៅឡើយទេ។ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ការដឹកជញ្ជូនតាមផ្លូវទឹកទៅតំបន់ឆ្ងាយដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើមនៅតែស្ថិតក្នុងតំបន់ក្រហមនៅឡើយ ពោលគឺនៅតែមានតម្លៃខ្ពស់ និងជួបបញ្ហាកង្វះទូរកុងតឺន័រដដែល ដោយសារប្រទេសមួយចំនួនបន្តរឹតបន្តឹងវិធានការកូវីដ-១៩។

 

ប៉ុន្តែឧកញ៉ា ស៊ិន ចន្ធី សង្កេតឃើញថា ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីមួយចំនួនហាក់មានភាពល្អប្រសើរច្រើន បើធៀបនឹងការដឹកជញ្ជូនទៅប៉ែកអឺរ៉ុប។ អ្នកជំនាញរូបនេះអះអាងថា ការដឹកជញ្ជូនទៅប្រទេសខ្លះក្នុងតំបន់ហាក់វិលមករកភាពប្រក្រតីឡើងវិញ និងប្រទេសមួយចំនួនហាក់មានភាពល្អប្រសើរឡើងវិញផងដែរ។ ភាពល្អប្រសើរក្នុងដឹកជញ្ជូននៅតាមប្រទេសមួយចំនួននេះ គឺបន្ទាប់ពីប្រទេសទាំងនោះបានបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ-១៩ និងបើកប្រទេសឡើលវិញជាដើម។ 

ដោយឡែកពាក់ព័ន្ធការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការដឹកជញ្ជូនតាមផ្លូវអាកាសពុំទាន់មានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទេ។ ពោលគឺទាំងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរចេញចូលកម្ពុជានៅមានចំនួនតិចតួចនៅឡើយ ហើយតម្លៃទៀតសោត ក៏ពុំទាន់មានការវិវត្តគួរឲ្យកត់សម្គាល់នោះទេ។ បើក្រឡេកទៅមើលការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅឆ្នាំ២០២១ សម្រេចបានជាង៥ម៉ឺនតោន កើនឡើង២៨% បើធៀបនឹងឆ្នាំ២០២០ ខណៈការដឹកជញ្ជូនអ្នកដំណើរមានការថយចុះ៨៧%។ 

ពាក់ព័ន្ធការផ្ទេរ និងដឹកជញ្ជូនទំនិញចេញចូលជាមួយប្រទេសវៀតណាម និងចិនក្នុងឱកាសបុណ្យចូលឆ្នាំចិនកាលពីពេលកន្លងទៅថ្មីៗឧកញ៉ា ស៊ិន ចន្ធី សង្កេតឃើញថា ការផ្ទេរ និងដឹកជញ្ជូនទំនិញមានការថយចុះបន្តិចបន្តួច ដោយសារទាំងប្រទេសវៀតណាម និងចិនសុទ្ធតែឈប់សម្រាកនៅក្នុងឱកាសនោះ។ ប៉ុន្តែអ្នកជំនាញរូបនេះអះអាងថា វាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្គត់ផ្តង់ទំនិញនោះទេ។

គួររំលឹកថា ក្រោយពិភពលោក ក៏ដូចជាកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានដាំក្បាលចុះយ៉ាងគំហុក ខណៈការដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវគោក ក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។ ការនាំចេញទំនិញរបស់កម្ពុជា ក៏ដូចជាប្រទេសមួយចំនួនមានការថយចុះ បន្ទាប់ពីជួបបញ្ហាកង្វះទូរកុងតឺន័រ និងតម្លៃដឹកជញ្ជូនឡើងថ្លៃខ្ពស់កប់ពពក៕ 

None



អត្ថបទបន្ទាប់


អេសស៊ីជីសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មលើការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ

ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើអ…

តំបន់ភាគខាងត្បូងនៃវៀតណាមជួបបញ្ហាខ្វះខាតប្រេងឥន្ធៈ ចំពេលតម្លៃប្រេងហក់ឡើងកាន់តែខ្ពស់

ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅតំបន់ភាគខាងត្បូង រួមទាំងទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅតែបន្តបិទទ្វាដោយសារការផ្គត់ផ្គង់ប្រេងសាំងមានការខ្វះខាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ