លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានឲ្យដឹងថា មកដល់ដើមខែឧសភានេះដំណើរការផលិតនៅក្នុងសហគ្រាសផលិតនំស្រួយលីលី គឺបានចាប់ផ្តើមប្រសើរឡើងវិញ ទាំងការលក់ចេញ និង ផលិត។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅមិនទាន់ល្អប្រសើរខ្លាំង ដូចមុនពេលមានវិបត្តិនៃជំងឺកូវីដ១៩នោះដែរ ។ លោកស្រីបញ្ជាក់ថា មុនពេលចូលឆ្នាំខ្មែរអំឡុងពេលដែលវិបត្តិកូវីដ ១៩បានផ្ទុះការរីករាលដាលខ្លាំង បានធ្វើឲ្យការលក់ធ្លាក់ចុះយ៉ាងខ្លាំង ៣០ភាគរយ។
យ៉ាងណាក៏ដោយ លោកស្រី បញ្ជាក់ថា ឧស្សាហកម្មផលិតផលចំណីអាហារនេះ គឺមិនជារងផលប៉ះពាល់ខ្លាំងប៉ុន្មាននោះទេ ព្រោះជាទូទៅផលិតផលចំណីអាហារបែបនេះគឺនៅតែមានតម្រូវការសម្រាប់ទីផ្សារក្នុងស្រុក ប៉ុន្តែយ៉ាងណាទីផ្សារខាងក្រៅនៅពេលនេះមិនទាន់មានការបញ្ជារទិញឲ្យបានច្រើននៅឡើយទេ។
លោកស្រីបន្ថែមថា សហគ្រាសធុនតូច និង មធ្យមកម្ពុជា នៅតែជួបបញ្ហាប្រឈមទីផ្សារ ហើយប្រសិនបើវិបត្តិកូវីដ ១៩ នៅកម្ពុជាបានធូរស្រាល និង ស្ងប់ស្ងាត់ទៅវិញ រំពឹងថា ការនាំចូលទំនិញពីប្រទេសជិតខាងត្រូវបានកាត់បន្ថយ។ នៅពេលដែលកាត់បន្ថយការនាំចូល ពេលនោះសហគ្រាសផលិតក្នុងស្រុកនឹងអាចមានបង្កើនការផលិតបានកាន់តែច្រើន ដែលនឹងធ្វើឲ្យចរន្តសេដ្ឋកិច្ចកម្ពុជាក៏ដំណើរការបានល្អផងដែរ។
លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និង មធ្យមកម្ពុជាបានអះអាងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាមិនបានធ្វើឲ្យសហគ្រាសផលិតក្នុងស្រុកជួបនឹងវិបត្តិធ្ងន់ធ្ងរនោះទេ ផ្ទុយទៅវិញបែរ ជាធ្វើឲ្យសហគ្រាសផលិតក្នុងស្រុកមានឱកាសពង្រីកការផលិតរបស់ខ្លួនកាន់តែច្រើនជាមុន ខណៈការនាំចូលទំនិញពីប្រទេសជិតខាងមួយចំនួនត្រូវបានកាត់បន្ថយដោយសារការរីករាលដាលជំងឺកូវីដ ១៩។
លោកបញ្ជាក់ថា អ្វីដែលមើលឃើញផលប៉ះពាល់ខ្លាំងគឺវិស័យទេសចរណ៍ទៅវិញទេ ប៉ុន្តែសម្រាប់ផលិតផលកែច្នៃក្នុងស្រុកគឺមិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ លោកបញ្ជាក់ថា ជាការកត់សម្គាល់តាំងពីមានការបិទព្រំដែនជាមួយប្រទេសជិតខាងមកធ្វើការលក់ផលិតក្នុងស្រុកមានការកើនឡើងជាងមុន។
លោកឧកញ៉ា ក៏បានអំពាវនាវឲ្យសហគ្រាសផលិតក្នុងស្រុកទាំងអស់បង្កើនគុណភាពផលិតរបស់ខ្លួនបន្ថែម និងជាពិសេសស្ថាប័នផ្នែកពិនិត្យទំនិញនាំចូលក៏គួរតែពិនិត្យឲ្យបានច្បាស់លាស់ នូវអ្វីដែលកម្ពុជាមានហើយគួរតែកាត់បន្ថយ ការដែលធ្វើដូច្នេះគឺដើម្បីគាំទ្រនូវផលិតផលខ្មែរ និងកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស៕