ក្រោយ«ទឹកឃ្មុំព្រៃមណ្ឌលគិរី» បានចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរួចហើយនោះ ទឹកឃ្មុំព្រៃមណ្ឌលគិរី នឹងកាន់តែទទួលបានការគាំទ្រខ្លាំង ពិសេសកាន់តែបង្កើនតម្លៃបន្ថែមដល់កសិករផងដែរ ព្រមទាំងអាចជំរុញឈានដល់ការនាំចេញផងដែរ ដ្បិតថាទីផ្សារទឹកឃ្មុំនៅអន្តរជាតិក៏មានតម្រូវការខ្ពស់ដែរ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ក្រោមកិច្ចគាំទ្ររបស់អង្គការដៃគូអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្មបានកំណត់យក«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ដើម្បីចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងប្រទេសកម្ពុជា។ គោលបំណងនៃការចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដល់ទឹកឃ្មុំព្រៃមណ្ឌលគិរី គឺដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌល គិរី” នៅលើទីផ្សារជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ ការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ វាក៏ជាការផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ចូលរួមអភិរក្សតំបន់ព្រៃការពារ និងធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ រួមទាំងបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាព ប្រជាកសិករក្នុងតំបន់នេះផងដែរ។
តាមការសិក្សាពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មអន្តរជាតិលើផលិតផលទឹកឃ្មុំនេះ មានតម្លៃជាទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ខណៈនៅឆ្នាំ២០២១ មានជាង ៨ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២នេះ ត្រូវបានគេព្យាករថា នឹងបន្តកើនឡើងដល់ជាងជាង ១១ពាន់លានដុល្លារ។ ក្នុងនោះដែរ ប្រទេសដែលនាំចេញទឹកឃ្មុំធំៗរបស់ពិភពលោក រួមមាន ណូវែលហ្សឺឡង់, ចិន,អាហ្សង់ទីណា,អាល្លឺម៉ង់ និងអ៊ុយក្រែន។ ខណៈដែលប្រទេសនាំចូលទឹកឃ្មុំច្រើនជាងគេ រួមមាន សហរដ្ឋអាមេរិក,អាល្លឺម៉ង់,ជប៉ុន,បារាំង និងចក្រភពអង់គ្លេស។
ឯកឧត្តម ប៉ែន សុវិជាតិគូសបញ្ជាក់ថា ផលិតផលទឹកឃ្មុំរបស់ប្រទេសកម្ពុជា ជាពិសេសទឹកឃ្មុំព្រៃមណ្ឌលគិរី មានតម្រូវការច្រើននៅលើទីផ្សារអន្តរជាតិ ដូច្នេះ ដើម្បីសម្រេចបាននូវគោលដៅនៃការនាំចេញទឹកឃ្មុំព្រៃមណ្ឌលគិរី ចាំបាច់ណាស់ ដែលត្រូវផ្តោតទៅលើមូលដ្ឋានពាណិជ្ជកម្ម សមត្ថភាពផលិតដើម្បីបំពេញតម្រូវការទីផ្សារ យុទ្ធសាស្ត្រទីផ្សារ ការវេចខ្ចប់ ការបន្ថែមតម្លៃ គុណភាព និងការបំពេញតាមស្តង់ដារ និងភូតគាមអនាម័យ នៃប្រទេសនាំចូល។
បច្ចុប្បន្ននេះ ទឹកឃ្មុំព្រៃមណ្ឌលគិរី មានតម្លៃប្រមាណ២០ដុល្លារ ទៅ៣០ដុល្លារ ក្នុងមួយលីត្រ។ ក្នុងឆ្នាំនេះការប្រមូលផលទឹកឃ្មុំព្រៃមណ្ឌលគិរី បានប្រមាណ១០០តោន។ ក្នុងមួយឆ្នាំការប្រមូលផលទឹកឃ្មុំ ដែលសុទ្ធល្អបាន១ដង ប៉ុណ្ណោះ គឺចាប់ពីខែមីនា ដល់មិថុនា។ ខណៈចាប់ពីខែមិថុនាទៅ គឺជាប្រភេទទឹកឃ្មុំ ខែវស្សា ដែលមានជាតិទឹកច្រើន។ ការប្រមូលផល និងផលិត«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានធ្វើឡើងដោយសហគមន៍ចំនួន១១ ក្នុងខេត្តមណ្ឌលគិរី ដែលមានសមាជិកប្រមាណជាង២ពាន់គ្រួសារ៕