តើកត្តាអ្វីធ្វើឱ្យតម្លៃស្បៀងអាហារធ្លាក់ចុះមកវិញកាលពីខែកក្កដាកន្លងទៅ? តើនេះជាក្តីសង្ឃឹមសម្រាប់ខែសីហានេះ និងទៅអនាគតដែរឬទេ សម្រាប់និន្នាការស្បៀងអាហារសកល ពិសេសគឺបញ្ហាអតិផរណា?
ភាពមិនច្បាស់លាស់ជាច្រើននៅតែមាន រួមទាំងតម្លៃជីកសិកម្មខ្ពស់ ដែលអាចជះឥទ្ធិពលដល់ការរំពឹងទុកផ្នែកផលិតកសិកម្មនាពេលអនាគត ជីវភាពរបស់កសិករនឹងមិនច្បាស់លាស់ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនៅតែអាក្រក់ និងចលនារូបិយបណ្ណអន្តរជាតិជាដើម ដែលទាំងអស់នេះ សុទ្ធសឹងតែបង្កជាបញ្ហាធ្ងន់ធ្ងរដល់សន្តិសុខស្បៀងពិភពលោក។ នេះបើតាមលោក ម៉ាល់ស៊ីម៉ូ តូរេតូ(Maximo Torero) ប្រធានសេដ្ឋវិទូរបស់ FAO បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។
សន្ទស្សន៍តម្លៃម្ហូបអាហារពីអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដែលតាមដានការផ្លាស់ប្តូរប្រចាំបង្ហាញថា មានការធ្លាក់ចុះ ៨,៦% កាលពីខែកក្កដាធៀបនឹងខែមិថុនាឆ្នាំនេះ។ ទោះយ៉ាងណា អត្រានេះនៅតែខ្ពស់ជាងដល់ទៅ១៣%ឯណោះ នៃតម្លៃស្បៀង ធៀបនឹងខែកក្កដាឆ្នាំ២០២១។
ក្នុងចំណោមស្បៀងអាហារទាំងអស់ FAO សង្កេតឃើញថា ស្រូវសាលី សណ្តែកសៀង ស្ករ និងពោត បានធ្លាក់ចុះខ្លាំងជាងគេ ពោលគឺបានធ្លាក់ចុះពីតម្លៃខ្ពស់កាលពីខែមីនា ដោយបានវិលត្រឡប់មករកតម្លៃទាបមួយ ដូចកាលពីខែមករាដើមឆ្នាំ២០២២។
កត្តាអ្វីជំរុញតម្លៃស្បៀងទាំងនេះធ្លាក់ថ្លៃខ្លាំងក្នុងខែកក្កដា?
អ្នកវិភាគបានលើកឡើងពីហេតុផលតម្រូវការ និងការផ្គត់ផ្គង់ សម្រាប់ការធ្លាក់ចុះនៃតម្លៃម្ហូបអាហារកាលពីខែមុននេះ។ ទីមួយគេសង្កេតឃើញមានការផ្គត់ផ្គង់ឡើងវិញ តាមរយៈកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញតាមរយៈសមុទ្រខ្មៅបន្ទាប់ពីការបិទខ្ទប់ជាច្រើនខែ។ ក្រៅពីនេះ នៅមានកត្តាមួយចំនួនទៀតដូចជា ការប្រមូលផលដំណាំបានល្អជាងការរំពឹងទុក និងភាពធន់របស់ប្រាក់ដុល្លារអាមេរិក។
កិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិរវាងអ៊ុយក្រែន និងរុស្ស៊ីបានជួយធ្វើឱ្យទីផ្សារស្បៀងនឹងនរឡើងវិញមួយផ្នែកផងដែរ។ អ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលីធំជាងគេទី៦របស់ពិភពលោកក្នុងឆ្នាំ២០២១ ដែលស្មើនឹង ១០% នៃចំណែកទីផ្សារស្រូវសាលីពិភពលោក។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
ទោះយ៉ាងណាអ្នកជំនាញព្រមានថា និន្នាការធ្លាក់តម្លៃស្បៀងនេះ ទំនងជាមិនស្ថិតស្ថិរររហូតឡើយ ពោលពិភពលោកនៅតែប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារ តម្លៃអាចនឹងឡើងថ្លៃវិញដដែល ដរាបណាសង្គ្រាមនៅតែបន្ត។ នេះក៏ដោយសារតែសង្គ្រាមបានប៉ះពាល់ដល់ការផ្គត់ផ្គង់ និងដាំដុះដំណាំផ្សេងៗ ពិសេសបង្កឱ្យមានការកើនឡើងអតិផរណានៅតាមប្រទេសជាច្រើនទូទាំងពិភពលោក៕