ទីផ្សារសញ្ញាបណ្ណ ឬបណ្ណបំណុល នៅទូទាំងសកលលោកកំពុងកំណត់តម្លៃនៅនឹងថ្កល់រួចទៅហើយ ក្នុងពេលដែលមានការទប់ស្កាត់លើការបន្ធូរបន្ថយរូបិយវត្ថុ ក៏ដូចជាសេដ្ឋកិច្ចកំពុងមានដំណើរយឺត។ ប៉ុន្ដែ ទីផ្សារនៅតែរងផលប៉ះពាល់ដោយសារតែមេរោគបំប្លែងថ្មី ហើយវាអាចនឹងមានការផ្លាស់ប្ដូរជាអវិជ្ជមាននៅក្នុងពេលដ៏ខ្លីខាងមុខនេះ។
វិនិយោគិនបានកាត់បន្ថយការទិញយក ឬកាន់កាប់ភាគហ៊ុនដែលមានហានិភ័យខ្ពស់ នៅសប្ដាហ៍មុននេះ ហើយតម្លៃទីផ្សារមូលធននៅប្រទេសជប៉ុន អាមេរិក និងអឺរ៉ុប មានការធ្លាក់ចុះ ចន្លោះពី ៤ ទៅ៥ ភាគរយ ធៀបនឹងពេលមិនទាន់មានមេរោគបំប្លែងថ្មី អូមីក្រុងចូលលុកលុយ។ ភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងវិស័យឧស្សាហកម្មទាក់ទងនឹងការធ្វើដំណើរ ដូចជាអាកាសចរណ៍ និងសណ្ឋាគារ ជាដើម គឺឃើញមានលំហូរនៃការលក់ភាគហ៊ុនចេញយ៉ាងច្រើន។
តួយ៉ាង ក្រុមហ៊ុនអាកាសចរអាមេរិក Global Jets មានការធ្លាក់ចុះតម្លៃភាគហ៊ុនមកនៅត្រឹមក្រោម ២០ដុល្លារក្នុងមួយភាគហ៊ុន ដែលជាកម្រិតទាបបំផុតគិតតាំងពីខែវិច្ឆិកាឆ្នាំ២០២០មក។ អ្នកជំនាញបានអះអាងថា វាពិតជាពិបាកណាស់ ក្នុងការត្រឡប់ទៅរកជីវិតរស់នៅ ដូចមុនពេលមិនទាន់មានកូវីដ១៩រាតត្បាតឡើងវិញនោះ រួមទាំងការធ្វើដំណើរបែបពាណិជ្ជកម្មផងដែរ។
ជាមួយគ្នានេះ ទីផ្សារទំនិញ ដែលធ្លាប់មានការកើនឡើងខ្លាំង បានចាប់ផ្ដើមបង្ហាញពីលទ្ធភាពនៃការធ្លាក់ចុះតម្រូវការជាបណ្ដើរៗផងដែរ ដោយសារតែរលកឆ្លងថ្មីនៃកូវីដ១៩ កំពុងបង្កជាក្ដីបារម្ភកាន់តែខ្លាំងឡើង។ គេសង្កេតឃើញថា តម្លៃប្រេងឆៅនៅអាមេរិកនៅមានតម្លៃជាង៦៧ដុល្លារក្នុងមួយធុងបារ៉ែល ខណៈដែលប្រេងឆៅនៅអង់គ្លេសនៅមានតម្លៃជាង៧១ដុល្លារក្នុងមួយធុងបារ៉ែល។
ព្រឹត្តិការណ៍ថ្មីៗចុងក្រោយ ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា គិតត្រឹមថ្ងៃទី ០៦ ខែធ្នូនេះ មេរោគអូមីក្រុង ត្រូវបានគេរាយការណ៍ថា បានឆ្លងរាលដាលទៅដល់រដ្ឋយ៉ាងយោចណាស់ចំនួន ១៥ហើយនៅក្នុងសហរដ្ឋអាមេរិក ហើយគេរំពឹងថា វានឹងរីករាលដាលកាន់តែខ្លាំងថែមទៀត ខណៈដែលសេដ្ឋកិច្ចអាមេរិក ក៏កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងដែរ ទាក់ទងនឹងការប្រឈមផលប៉ះពាល់លើខ្សែចង្វាក់ផ្គត់ផ្គង់ដោយសារតែឥទ្ធិពលនៃមេរោគបំប្លែងថ្មីនេះ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Goldman Sachs ថ្មីៗនេះ ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាមេរិក នៅឆ្នាំ២០២២ ថានឹងមានត្រឹមតែ ៣,៨%ប៉ុណ្ណោះ ខណៈដែលពីមុនធ្លាប់ព្យាករថានឹងមាន ៤,២%។
ដោយឡែក ចំពោះកំណើនសេដ្ឋកិច្ចមហាយក្សចិនវិញ ក៏ត្រូវបានរដ្ឋាភិបាលចិន បន្ទាបការព្យាករមកនៅត្រឹមតែ ៥,៣% ប៉ុណ្ណោះនៅឆ្នាំ២០២២ ខណៈពីមុនធ្លាប់ព្យាករថា នឹងកើនលើស៦%។ សេដ្ឋកិច្ចចិនថមថយកំណើនជាងការរំពឹងទុកនេះ ក៏ដោយសារតែ មានបញ្ហាប្រឈមទាក់ទងនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការនាំចេញមានភាពចុះទន់ខ្សោយ និងការរឹតត្បិតលើវិធានការទាក់ទងនឹងកូវីដ១៩ ដែលបានធ្វើឲ្យរារាំងដល់វិស័យការប្រើប្រាស់ផងដែរ។ យ៉ាងណាក៏ដោយចុះ សេដ្ឋកិច្ចចិន នៅឆ្នាំ២០២១នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង ៨%។
សូមបញ្ជាក់ថា ថ្មីៗនេះ ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានព្រមានថា មេរោគបំប្លែងថ្មី អូមីក្រុង ទំនងជានឹងអាចពន្យឺត កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយនេះផងដែរ៕