យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ការទូទាត់តាមអនឡាញបានកើនឡើងខ្លាំងនៅត្រីមាសទី១ ឆ្នាំ២០២១ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ការកើនឡើងនេះកើតមានឡើងដោយសារការផ្តល់អនុសាសន៍នានាពីសំណាក់ក្រុមហ៊ុនក្នុងវិស័យហិរញ្ញវត្ថុឱ្យលើកម្ពស់ប្រតិបត្តិការឌីជីថលជំនួសឱ្យការទូទាត់ដោយផ្ទាល់។
លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “ខណៈដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែចូលចិត្តប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនដោយផ្ទាល់ ពលរដ្ឋខ្មែរកាន់តែច្រើនឡើងនឹងធ្វើការទូទាត់តាមអនឡាញសម្រាប់ការផ្ទេរប្រាក់ និងការទូទាត់ផ្សេងៗ។ បើទោះជាភ្នាក់ងារនឹងនៅតែត្រូវការនៅទូទាំងប្រទេសក្តី ក៏បញ្ហាជំងឺកូវីដ-១៩ កំណើនទូរស័ព្ទស្មាតហ្វូន និងអ៊ីនធឺណិតល្បឿនលឿនបានជួយឱ្យមានការកើនឡើងការទូទាត់តាមអានឡាញផងដែរ”។
ក្នុងរបាយការណ៍ថ្មីមួយដែលត្រូវបានដកស្រងដោយប្រព័ន្ធផ្សាយផ្សាយកាលពីខែឧសភា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងថា ជាង ៥៩ភាគរយនៃប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នធ្វើការទូទាត់តាមអនឡាញ។
លោកស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ “ការកើនឡើងការទូទាត់អនឡាញក៏ត្រូវបានជំរុញផងដែរពីសំណាក់ស្ថាប័នហិរញ្ញវត្ថុនានារួមទាំងក្រុមហ៊ុនរបស់យើងផ្ទាល់ផងដែរ ដែលបានផ្តល់ការលើកទឹកចិត្តដល់អតិថិជនដែលប្រើប្រាស់កម្មវិធីTrueMoney wallet និងកម្មវិធីផ្សេងទៀត។ បច្ចុប្បន្នគឺថា ពលរដ្ឋបានមើលឃើញថា តើការទូទាត់អនឡាញមានប្រសិទ្ធផល និងប្រសិទ្ធភាពចំណាយប៉ុណ្ណា ហើយយើងរំពឹងថា តម្រូវការនិងនិន្នាការនេះនឹងបន្តកើតមាន”។
ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាសមាជិកមួយនៃប្រព័ន្ធទូទាត់បាគង (Bakong App) របស់ធនាគារជាតិនៃកម្ពុជា។ Bakong App ត្រូវបានដាក់ដំណើរការក្នុងព្រឹត្តិការណ៍មួយនៅរាជធានីភ្នំពេញកាលពីខែតុលាឆ្នាំមុន។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នីមានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារដែលផ្តល់សេវាដល់អ្នកប្រើប្រាស់ ៤០លាននាក់នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់សេវានិងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕