ដើម្បីអភិវឌ្ឍវិស័យនេះឲ្យដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកធ្វើទំនើបកម្ម និង ពិធិធកម្មសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដែលជាសេនាធិការ បានរៀបចំឡើងនូវសេក្ដីព្រាងផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសការអភិវឌ្ឍវិស័យយានយន្ដ និងអេឡិចត្រូនិកនៅកម្ពុជា។ តើផែនទីបង្ហាញផ្លូវនេះ នឹងមានសារៈសំខាន់អ្វីខ្លះក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា?
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកសេចក្តីព្រាងផែនទីបង្ហាញផ្លូវដែលបានរៀបចំឡើងនេះ គឺជារំលេចអំពីចក្ខុវិស័យរយៈពេលវែង និងតម្រង់ទិសការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពសម្រាប់អន្តរក្រសួងអនុវត្តដែលជាគំនិតផ្តួចផ្តើមដោយផ្តោតលើលទ្ធផល ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់អ្នកវិនិយោគក្នុងផ្នែកមួយចំនួន ដូចជាធនធានមនុស្ស និងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ ការសម្រួលពាណិជ្ជកម្ម និងភាពអំណោយផលធុរកិច្ចនិងវិនិយោគ។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល តាមរយៈកិច្ចប្រឹងប្រែងរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការកំណត់នូវយុទ្ធសាស្ត្រ ទិសដៅ និងយន្តការចាំបាច់ដើម្បីធ្វើការអភិវឌ្ឍនិងទាក់ទាញការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងតម្លៃក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ។
នៅក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវវិស័យយានយន្ដ និងអេឡិចត្រូនិក ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងលើកផ្តួចផ្តើមគំនិតឱ្យមានការបង្កើតក្រុមប្រឹក្សាសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិកដែលមានតំណាងមកពីផ្នែករដ្ឋ និងឯកជន ដើម្បីផ្តល់ការណែនាំលើការអនុវត្តផែនទីបង្ហាញផ្លូវ។ ការអនុវត្តដោយជោគជ័យនូវផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងពីរនេះ នឹងផ្តល់បច្ច័យយ៉ាងសំខាន់សម្រាប់កម្ពុជា ដូចជាអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង ២ម៉ឺន២ពាន់កន្លែងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ក៏ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកក្នុងវិស័យទាំងនេះ។ វិនិយោគិនក្នុងវិស័យយានយន្ត និង អេឡិចត្រនិកនៅកម្ពុជាក៏នឹងទទួលបាននូវប្រយោជន៍ផងដែរ ដូចជាការបង្កើនធនធានមនុស្សប្រកបដោយជំនាញ ការធ្វើឱ្យប្រសើរឡើងថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងភ័ស្តុភារកម្មដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងការផ្តល់នូវកិច្ចសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្ម ដែលកាន់តែមានប្រសិទ្ធភាព ដល់ការនាំចូល និងនាំចេញផលិតផល៕
អត្ថបទ សោម ស្រីពេជ្រ