មន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ចាត់ទុកការបើកព្រឹត្តិការណ៍កីឡាទេសចរណ៍ឡើងវិញនេះថា វាជាការបង្ហាញពីការបើកតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទទួលភ្ញៀវទេសចរឡើងវិញ ក៏ដូចជារួមចំណែកជួយស្តាវអាជីវកម្ម និងសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ កន្លងមកផងដែរ។
បើគ្មានអ្វីប្រែប្រួលទេ ក្រសួងទេសចរណ៍ក្រោមការសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី២៦នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅទឹកដីអង្គរក្នុងខេត្តសៀមរាប។ ការសម្រេចរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលខកខានរៀបចំម្តងកាលពីឆ្នាំ២០២០ ឡើងវិញនេះ គឺបន្ទាប់ពីថ្នាក់ដឹកនាំក្រសួង និង NOCC សង្កេតឃើញស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយ គួបផ្សំអត្រាអ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាសម្រេចបានជិត១០០% លើប្រជាជនសរុប។
ខុសប្លែកពីលើកមុនៗដែលអនុញ្ញាតឲ្យអត្តពលិកជាតិនិងអន្តរជាតិចូលរួមដោយសេរី តែទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅឆ្នាំនេះគណៈកម្មការរៀបចំអនុញ្ញាតឲ្យមានអ្នកចូលរួមតែចំនួន២ពាន់៥រយនាក់តែប៉ុណ្ណោះ ហើយអ្នកចូលរួមត្រូវតែជាពលរដ្ឋ និងជនបរទេស ដែលកំពុងស្នាក់នៅកម្ពុជា និងបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានរួច។
ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានចាត់ទុកការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនេះថា ជាការបង្ហាញពីការបើកតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបទទួលភ្ញៀវទេសជាតិ និងអន្តរជាតិឡើងវិញ ក៏ដូចជាបង្ហាញពីសមត្ថភាពកម្ពុជាក្នុងការបើកតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាពដល់ពិភពលោកផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាយល់ឃើញថា ទោះបីព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅចុងឆ្នាំនេះមានការកំណត់ចំនួនអ្នកចូលរួមក៏ដោយ តែវានឹងក្លាយជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ទៃក្នុង ឲ្យមកកម្សាន្តតាមតំបន់ទេសចរណ៍នានានៅខេត្តសៀមរាប។
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅឆ្នាំនេះទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួចហើយ ខណៈបច្ចុប្បន្ន NOCC កំពុងរង់ចាំការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា ដែលរំពឹងថា នឹងទទួលបានគោលការណ៍អនុញ្ញាតក្នុងពេលឆាប់ៗខាងមុខនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌នានា។ ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការបំផុសបរិស្ថានបៃតងដល់ប្រជាពលរដ្ឋ ក៏ស្ថិតក្នុងគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះដែរ៕