ក្រសួងសុខាភិបាលសិង្ហបុរី បានគូសបញ្ជាក់ថា វិធានការថ្មីនេះ នឹងត្រូវចាប់ផ្តើមអនុវត្ត ចាប់ពីម៉ោង ១១៖៥៩នាទី យប់ថ្ងៃច័ន្ទ ទី ២៣ ខែមីនា នេះ ហើយវាជាការចាត់វិធានការភ្លាមៗ បន្ទាប់ពីមានករណីស្លាប់ដោយសារវីរុសកូរ៉ូណាចំនួន ២ករណី នៅក្នុងប្រទេសសិង្ហបុរី។
ចំពោះអ្នកដំណើរដែលមានកាន់ប័ណ្ណការងារ និងសមាជិកក្នុងបន្ទុក ត្រូវបានអនុញ្ញាតឲ្យត្រលប់មក សិង្ហបុរីវិញ បើសិនជាពួកគេ ធ្វើការនៅក្នុងវិស័យសេវាកម្មសំខាន់ ដូចជាវិស័យសុខាភិបាល និងដឹកជញ្ជូនជាដើម។យ៉ាងណាក៏ដោយ ប្រជាជនសិង្ហបុរី និងអ្នកដំណើរកាន់ប័ណ្ណរយៈពេលវែង ដែលត្រលប់មកប្រទេសវិញគឺតម្រូវឲ្យ ដាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិសិង្ហបុរី លោក ឡ រ៉ែន វង្ស ក៏បានបញ្ជាក់ដែរថា វិធានការថ្មីនេះ គឺដើម្បីរឹតបន្តឹងច្រកព្រំដែនសិង្ហបុរី ឲ្យបានខ្លាំងបំផុត បន្ទាប់ពីជំងឺដ៏កាចសាហាវនេះ បានរាតត្បាតជុំវិញសកលលោក។លើសពីនេះទៅទៀត រដ្ឋាភិបាលសិង្ហបុរី ក៏កំពុងពិចារណាលើ វិធានការថ្មី ចំពោះជនណា ដែលធ្វើដំណើរទៅបរទេស ក្នុងអំឡុងពេលដ៏គ្រោះថ្នាក់នេះ ក្នុងនោះ អ្នកកាន់ប័ណ្ណការងារ ដែលចាកចេញពី សិង្ហបុរី នៅពេលនេះ អាចនឹងត្រូវបានហាមឃាត់មិនឲ្យ ត្រលប់មកវិញ នៅពេលក្រោយ។
សូមជម្រាបដែរថា ករណីអ្នកជំងឺឆ្លងថ្មី នៅប្រទេសសិង្ហបុរី ភាគច្រើនជាករណីនាំចូលមកពីក្រៅប្រទេស ដែលពួកគេ ជា ប្រជាពលរដ្ឋសិង្ហបុរី និងជាអ្នកកាន់ប័ណ្ណរយៈពេលវែង ដែលមានប្រវត្តិធ្វើដំណើរទៅកាន់ ប៉ែកអឺរ៉ុប អាមេរិកខាងជើង អាស៊ីអាគ្នេយ៍ និងប៉ែកខ្លះនៃតំបន់អាស៊ី។
គួររម្លឹកបន្តិចដែរថា លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ព្រមានរួចហើយថា ឥទ្ធិពលនៃវីរុសកូរ៉ូណា ឬហៅថា កូវីដ ១៩ នេះ នឹងផ្តល់ផលអវិជ្ជមានដល់សេដ្ឋកិច្ចជាតិរហូតដល់ទៅ ១ឆមាស ពេញ ហើយប្រទេសសិង្ហបុរី បានទម្លាក់ការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ ២០២០នេះ គឺថា អាចនឹងសម្រេចបានចន្លោះពី ដក០.៥% ដល់ ១.៥% បន្ទាប់ពីមានការផ្ទុះឡើងនូវ ជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានេះ ខណៈពីមុន សិង្ហបុរី រំពឹងនឹងសម្រេចបាន កំណើន GDP ចន្លោះ ០.៥% ទៅ ២.៥% ឯណោះ៕