ក្នុងនោះ ចំណូលដែលប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារមានជាង ១ពាន់២រយលានដុល្លារ ស្មើនឹងជិត៤៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ កើនជាង២២%។ រីឯ អគ្គនាយកដ្ឋានគយនិងរដ្ឋាករវិញ ប្រមូលចំណូលបានប្រមាណ ៦០០លានដុល្លារអាមេរិក ស្មើនឹងជាង២៣%នៃផែនការ បានថយចុះ ២,៥% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ជុំវិញការប្រមូលចំណូលពន្ធដោយសារប័នប្រមូលចំណូលទាំងនេះដែរ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា វាជាការឆ្លុះបញ្ចាំងឲ្យឃើញពីការស្ទុះងើបឡើវិញកាន់តែប្រសើរឡើងនៃសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិកូវីដ១៩។
បន្ទាប់ពីកម្ពុជា បានបើកសេដ្ឋកិច្ច និងសង្គម ឡើងវិញ ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក៏កាន់តែប្រសើរឡើងវិញ ពិសេសនារយៈចុងក្រោយនេះ។ ជាក់ស្ដែង នៅរយៈពេល ៣ខែ ដំបូង ក្នុង ឆ្នាំ២០២២ ការប្រមូលចំណូលដោយអគ្គនាយកដ្ឋានពន្ធដារមានជាង ១ពាន់២រយលានដុល្លារ កើនជាង២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា នៅខែមីនា ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលប្រមូលបាន មានចំនួនច្រើនជាងគេបំផុតដល់ទៅប្រមាណ ៧០០លានដុល្លារអាមេរិក។
ដោយឡែក ចំពោះការប្រមូលចំណូលពន្ធគយវិញ នៅត្រីមាសទី១ ឆ្នាំ២០២២ ទទួលបានថវិកា ប្រមាណ ៦០០លានដុល្លារ អាមេរិក ដែលបានថយចុះ ២,៥% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ បើទោះជា តួលេខនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារកើន តែការប្រមូលចំណូលពន្ធគយ បានថយចុះក្ដី ក្រុមអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច នៅតែបង្ហាញយល់ឃើញថា វាគឺពីភាពរឹងមាំ និងសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជា។
បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហាញពីកត្តាមួយចំនួនដែលធ្វើឲ្យការប្រមូលចំណូលពន្ធដារ មានការកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២២នេះ ពោលគឺដោយសារតែចន្តរនៃសេដ្ឋកិច្ចក្នុងស្រុកមានកំណើន ជាពិសេសវិស័យលក់រាយក្នុងស្រុក ក៏ដូចជាការនាំចេញរបស់កម្ពុជា កាន់តែមានសន្ទុះគួរឲ្យកត់សម្គាល់។ ក៏ប៉ុន្តែ បណ្ឌិត គី សិរីវឌ្ឍន៍ ក៏បានបន្តទៀតដែរថា ការកាត់បន្ថយចំណាយលើការប្រើប្រាស់របស់របរ ពីខាងក្រៅប្រទេស របស់ប្រជាជនកម្ពុជា គឺជាមូលហេតុដែលធ្វើឲ្យការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ ថយចុះ ២,៥% នៅត្រីមាសទី១ ឆ្នាំ២០២២នេះ។
អ្នកជំនាញបន្ថែមថា តាមរយៈសកម្មភាពគម្រោងវិនិយោគនានា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយបណ្ដាប្រទេសមួយចំនួនជាដើម កាន់តែបង្ហាញពីភាពរឹងមាំ និងសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជា ដែលជាកត្តាជំរុញឲ្យការប្រមូលចំណូលសម្រេចបានក្នុងកំណើនល្អ។
សូមបញ្ជាក់ថា ពេញមួយឆ្នាំ២០២១ កម្ពុជាចំណូលពីការ ប្រមូលពន្ធដារ និងពន្ធគយបានជាង ៤ពាន់៥រយលានដុល្លារអាមេរិក។ ក្នុងនោះចំណូលដែលកម្ពុជាបានពីពន្ធដារ មានជាង ២ពាន់២រយលានដុល្លារ កើនលើសផែនការរហូតជាង២៤%៕