ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានយ៉ាប់យ៉ឺនយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើនខែមកនេះ បន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូល G-20 នៅលើកោះបាលីរបស់ឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកាឆ្នាំមុន។
ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈ ក្នុងការបាញ់ទម្លាក់បាឡុងចិនដែលត្រូវបានចោទថាសម្រាប់ស៊ើបការណ៍ និងដែលបានហោះពេញដែនអាកាសសហរដ្ឋអាមេរិកនោះ បានបង្កជម្លោះការទូតរវាងប្រទេសដែលមានសេដ្ឋកិច្ចធំៗជាងគេទាំង២នេះ និងធ្វើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីនខិន លុបចោលគម្រោងទៅទស្សនកិច្ចនៅទីក្រុងប៉េកាំងថែមទៀត។
កាលពីថ្ងៃអាទិត្យ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេស G-7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន, លោក បៃដិន ត្រូវបានគេសួរថា ហេតុអ្វីបានជាបណ្តាញទូរស័ព្ទបន្ទាន់ ដែលបានគ្រោងទុករវាងសហរដ្ឋអាមេរិក និងចិន មិនដំណើរការ?
លោក បៃដិន បានឆ្លើយថា សំណួរនេះពិតជាត្រឹមត្រូវហើយ អាមេរិកគួរតែមានបណ្តាញទូរស័ព្ទបន្ទាន់បើកចំហមួយ។ នៅឯសន្និសីទកោះបាលីនៅប្រទេសឥណ្ឌូនេស៊ី ជាអ្វីដែលលោកប្រធានាធិបតី ស៊ី និងលោក បៃដិន បានយល់ព្រមនឹងគ្នាថា ពួកគេនឹងបង្កើតបណ្ដាញនេះ ហើយនឹងជួបគ្នាតាមបណ្ដាញនេះផង។
លោក បៃដិន បានបន្ថែមថា បន្ទាប់មក ក៏ស្រាប់តែមាន«បាឡុងឆ្កួតនេះ»បានហោះហើរនៅលើទឹកដីអាមេរិក ដោយផ្ទុករបស់មានលក្ខណៈជាឧបករណ៍ចារកម្មចំនួនពីរឡាន។ លោក បៃឌិន បានបន្ថែមថា បាឡុងនោះត្រូវបានបាញ់ទម្លាក់ ហើយអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរ ពាក់ព័ន្ធនឹងការជជែកជាមួយគ្នា ប៉ុន្តែលោកគិតថា គេនឹងឃើញថា វានឹងចាប់ផ្តើមមានភាពល្អប្រសើរក្នុងពេលឆាប់ៗនេះ។
រដ្ឋបាលរបស់លោក បៃដិន ក៏បានធ្វើឱ្យចិនខឹងសម្បារផងដែរ ក្នុងការយកពាណិជ្ជកម្មបន្ទះឈីបទំនើបៗជាគោលដៅ ដោយលើកឡើងពីហានិភ័យនៃការប្រើប្រាស់បែបយោធា។
ប្រធានាធិបតីអាមេរិករូបនេះបានការពារសកម្មភាពទាំងនោះកាលពីថ្ងៃអាទិត្យ នៅពេល១ថ្ងៃបន្ទាប់ពីក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧បានព្រមានប្រទេសចិនអំពី«សកម្មភាពយោធាវូបនីយកម្ម»របស់ប្រទេសនេះនៅក្នុងតំបន់។
លោក បៃដិន បានបន្ថែមថា ចិនកំពុងកសាងយោធារបស់ខ្លួន ហើយថានោះហើយគឺជាមូលហេតុដែលលោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនបានត្រៀមធ្វើពាណិជ្ជកម្មលើទំនិញមួយចំនួនជាមួយប្រទេសចិនទេ ហើយថា ឥឡូវអាមេរិកបានទទួលការប្តេជ្ញាចិត្តពីសម្ព័ន្ធមិត្តរបស់អាមេរិកទាំងអស់ថា ពួកគេក៏នឹងមិនធ្វើពាណិជ្ជកម្មជាមួយចិនដែរ គឺមិនផ្តល់សម្ភារៈប្រភេទនោះឱ្យចិនទេ។
លោកបានបន្ថែមថា ប៉ុន្តែនោះមិនមែនជាទង្វើអរិភាពទេ។ វាជាទង្វើដែលនិយាយថា ពួកគេនឹងធ្វើឱ្យប្រាកដថា ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែល៕
អត្ថបទ៖ សុខ ជា