អង្គការសុខភាពពិភពលោក បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី០៦មករាថា ករណីឆ្លងកូវីដ១៩ បានកើនឡើងខ្លាំងនៅមួយសប្តាហ៍ចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃមេរោគអូមីក្រុង ដែលបានសាយភាយទៅពាសពេញពិភពលោក។ បើតាម WHO ករណីឆ្លងនៅ៧ថ្ងៃចុងក្រោយបានហក់ឡើងដល់ជិត១០លានករណី កើនឡើងជាង៧០% បើធៀបនឹងសប្តាហ៍មុនៗ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
ប្រធានអង្គការសុខភាពពិភពលោក លោក តេត្រូស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖ កាលពីសប្តាហ៍មុនករណីឆ្លងកូវីដ១៩ គឺមានចំនួនខ្ពស់ជាងគេបំផុត គិតមកទល់ពេលនេះ។ WHO ជឿជាក់ថា ករណីឆ្លងនឹងនៅតែបន្តកើនឡើងថែមទៀត ដោយសារនៅសេសសល់ពលរដ្ឋជាច្រើនដែលមិនទាន់បានធ្វើតេស្ត ក្រោយត្រឡប់ពីថ្ងៃឈប់សម្រាកចុងឆ្នាំវិញ។
នៅក្នុងរបាយការណ៍ស្តីពីជំងឺរាតត្បាតកូវីដ១៩ប្រចាំសប្តាហ៍របស់ខ្លួន WHO បានកត់ត្រាពីចំនួនអ្នកឆ្លងថ្មីៗកាលពីសប្តាហ៍មុន ប្រមាណជាង ៩លាន៥សែននាក់ ខណៈអ្នកស្លាប់មានជាង ៤ម៉ឺននាក់ ធ្លាក់ចុះវិញបន្តិចបើធៀបនឹងសប្តាហ៍មុនៗដែលមានអ្នកស្លាប់ជាមធ្យម ៤ម៉ឺន៤ពាន់នាក់។
អូមីក្រុង ហាក់មើលទៅមិនសូវបង្កជាជំងឺធ្ងន់ធ្ងរទេ បើធៀបនឹងកូវីដ១៩ឌែលតា ជាពិសេសក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងរួចតែម្តង ប៉ុន្តែប្រធានអង្គការសុខភាពពិភពលោកបានព្រមានថា វាមិនបានសេចក្តីថាអូមីក្រុង គួរត្រូវបានចាត់ថ្នាក់ថាជាមេរោគដែលបង្កអាការៈស្រាលនោះទេ។ មែនទែនទៅ អូមីក្រុង ទោះបីមិនធ្វើឲ្យគេឈឺធ្ងន់ តែវានៅតែធ្វើឲ្យមនុស្សត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ ហើយនៅតែមានលទ្ធភាព ឆក់យកជីវិតមនុស្សបានដដែល។
សូមជម្រាបថា ការព្រមានរបស់ WHO ធ្វើឡើង ខណៈដែលមានប្រទេស និងមនុស្សកាន់តែច្រើនកំពុងបន្តឆ្លងដោយកូវីដ១៩បំប្លែងខ្លួនអូមីក្រុង។ គួររំឭកថា តាំងពីបានលេចរូបរាងនៅអាហ្រ្វិកខាងត្បូងជាង ១ខែមកនេះ អូមីក្រុងបានក្លាយជាមេរោគបំប្លែងខ្លួនច្រើន លើសមេរោគបំប្លែងខ្លួនឌែលតាទៅទៀត តែមានការកត់សម្គាល់ឃើញថា អូមីក្រុងបានបង្កគ្រោះថ្នាក់តិចជាង មេរោគឌែលតា៕