វិស័យទេសចរណ៍ពិភពលោក

ស្ថានភាពវិស័យទេសចរណ៍ពិភពលោកឆ្នាំ២០២១ ប្រសើរជាងឆ្នាំ២០២០កម្រិតណា?


អង្គការទេសចរណ៍ពិភពលោក (UNWTO) បានឱ្យដឹងថា ឧស្សាហកម្មទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២១ មានភាពប្រសើរឡើងតិចតួចប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០២០ ដោយសូចនាករទាំងអស់នៅតែស្ថិតក្រោមកម្រិតមុនពេលមានការរាតត្បាតកូវីដ១៩នៅឡើយ ហើយអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍ក៏មិនរំពឹងដែរថា វិស័យនេះនឹងមានការងើបឡើងវិញពេញលេញនៅមុនឆ្នាំ ២០២៤នោះដែរ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA ។
ក្រុមភ្ញៀវទេសចរកំពុងឈរថតរូបអនុស្សាវរីយ៍

ឧស្សាហកម្ម​ទេសចរណ៍​បាន​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ ២០២០ ដោយសារ​ការ​បិទ​ខ្ទប់​ប្រទេស និង​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឱ្យ​សកម្មភាព​ធ្វើ​ដំណើរ​របស់​មនុស្ស​ជុំវិញ​ពិភពលោក​នៅ​នឹង​ថ្កល់​តែ​ម្ដង ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក៏​មានការ​ធ្លាក់​ចុះ​ផង​ដែរ​។

អង្គការ​ទេសចរណ៍​ពិភពលោក នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​បាន​បញ្ជាក់​ថា ការ​កើនឡើង​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង និង​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​បាន​អនុញ្ញាត​ឱ្យ​សកម្មភាព​ធ្វើ​ដំណើរ​មានការ​ស្ទុះ​ងើបឡើង​វិញ​តិចតួច គិត​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ ២០២១​មក​។ ប៉ុន្ដែ ការ​រីក​រាលដាល​នៃ​មេរោគ​អូ​មី​ក្រុង​នៅ​ក្នុង​ខែធ្នូ​ឆ្នាំ​២០២១ ក៏​បាន​បង្ក​ឱ្យ​មានការ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៅ​វិញ​។

ក្នុង​របាយការណ៍​នេះ​បាន​បង្ហាញ​ទៀត​ថា ល្បឿន​នៃ​ការ​ស្តារ​ឡើង​វិញ​នៅ​តែ​មាន​ភាព​យឺតយ៉ាវ និង​មិន​ស្មើគ្នា​នោះ​ទេ​នៅ​ទូ​ទាំង​ពិភពលោក ដោយសារ​កម្រិត​ខុស​គ្នា​នៃ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ អត្រា​ការ​ចាក់​វ៉ាក់សាំង និង​ទំនុកចិត្ត​របស់​អ្នក​ធ្វើ​ដំណើរ​។ តំបន់​អឺរ៉ុប មេ​ឌី​ទែ​រ៉ា​ណេ​ខាងត្បូង អា​មេ​រិ​ក​កណ្តាល និង​កា​រា​បៀ​ន ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា មានការ​កើនឡើង​ការ​ធ្វើ​ដំណើរ​ច្រើន​ជាងគេ រួម​ទាំង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ផង​ដែរ​សម្រាប់​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។ ផ្ទុយ​ទៅ​វិញ ចំនួន​ទេសចរ​នៅ​មជ្ឈិមបូព៌ា និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​តែ​បន្ត​ធ្លាក់​ចុះ​នៅឡើយ​ក្នុង​ឆ្នាំ ២០២១​។

ទោះជា​យ៉ាងណា ចំណូល​របស់​វិស័យ​ទេសចរណ៍​សកល​ក្នុង​ឆ្នាំ ២០២១ បាន​កើនឡើង ១៩ ភាគរយ ធៀប​នឹង​ឆ្នាំ ២០២០ ដោយ​មាន​ទំហំ​ទឹកប្រាក់​ជិត ២ ទ្រី​លាន​ដុល្លារ ដោយសារ​ទេសចរ​ម្នាក់​ៗ​ចំណាយ​កាន់តែ​ច្រើន និង​ស្នាក់​នៅ​យូរ​ជាង​ឆ្នាំ ២០២០​។

ទោះ​យ៉ាងណា ការ​កើនឡើង​ថ្មី​ៗ​នៃ​ករណី​ជំងឺ​កូ​វី​ដ​១៩ និង​មេរោគ​អូ​មី​ក្រុង ត្រូវ​បាន​កំណត់​ថា នឹង​រំខាន​ដល់​ការ​ងើបឡើង​វិញ និង​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេសចរ ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​បាន​ណែនាំ​ឡើង​វិញ​នូវ​ការ​ហាមឃាត់​រឹត​បន្ដឹង​ការ​ធ្វើ​ដំណើរ​នៅឡើយ​។ ជាក់ស្ដែង ប្រទេស​ចិន ដែល​ជា​ប្រភព​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​របស់​ពិភពលោក​នោះ បាន​ប្រកាស​ថា ការ​ងើបឡើង​វិញ​នៃ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​របស់​ខ្លួន​អាច​នឹង​ចាប់ផ្ដើម​ចាប់ពី​ឆ្នាំ​២០២៣​តទៅ​៕ 

អត្ថបទ ស៊ើង និមល់  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចោទប្រកាន់សំបុត្រផ្ញើរពីកាណាដាថា ជាប្រភពចម្លងកូវីដ១៩អូមីក្រុងក្នុងប្រទេសខ្លួន

ព័ត៌មាន
បើទោះបីប្រទេសចិន ខិតខំទប់ស្កាត់ជាមួយវិធានការតឹងរ៉ឹងយ៉ាងណា ក៏ប្រទេសនេះ នៅតែមានករណីឆ្លងកូវីដ១៩បំប្លែងថ្មីអូមីក្រុង ហើយថ្មីៗនេះក្នុងរដ្ឋធ…

ក្រុមហ៊ុន កូកា កូឡា កម្ពុជា បន្តផ្តល់ទឹកស្អាតដល់សហគមន៍ក្នុងខេត្តកំពង់ចាម

ព័ត៌មាន
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាត Aqua Towers និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan គម្រោងទី៣២ ក្រោមវត្តមានរបស់ឯកឧ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ