នៅក្នុងបទសម្ភាសន៍តាមអ៊ីនធឺណិតមួយជាមួយនឹងសារព័ត៌មានជប៉ុន Nikkei កាលពីថ្ងៃសុក្រទី១៦ ខែកញ្ញា អនុប្រធានកម្មវិធីស្បៀងអាហារនៃអង្គការសហប្រជាជាតិប្រចាំប្រទេសប៉ាគីស្ថាន លោកស្រី Rathi Palakrishnan បាននិយាយថា ស្រុកចំនួន ៥៩ នៅប្រទេសអាស៊ីខាងត្បូងមួយនេះ ត្រូវបានប្រកាសថាបានរងគ្រោះមហន្តរាយទឹកជន់លិច ហើយនៅស្រុកទាំង ៥៩ នោះមានប្រជាជនចំនួន ១១ លាននាក់ គឺគ្មានសុវត្ថិភាពស្បៀងអាហារទាល់តែសោះ។ ប៉ុន្តែឥឡូវនេះ ចំនួនស្រុកដែលរងគ្រោះមហន្តរាយនេះ បានកើនឡើងពី ៥៩ ទៅ ៨១ ស្រុកហើយ ដូច្នេះវាប្រាកដណាស់ថា ចំនួនពលរដ្ឋដែលរងគ្រោះ ១១ លាននាក់នេះអាចកើនឡើងថែមទៀត។
លោកស្រី PalaKrishnan បាននិយាយថា ប្រជាពលរដ្ឋប៉ាគីស្ថានដែលគ្មានសុវត្ថិភាពស្បៀងអាហារគឺមានចំនួនជិត៥លាននាក់រួចហើយទៅហើយ នៅមុនពេលទឹកជំនន់បានកើតឡើងនៅក្នុងប្រទេសនេះ។
សូមរំលឹកថា ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៣ លាននាក់នៅក្នុងខេត្តមួយចំនួននៅភាគខាងត្បូង និងខាងលិចប្រទេសប៉ាគីស្ថាន ហើយមកទល់នឹងពេលនេះគ្រោះមហន្តរាយនេះបានសម្លាប់មនុស្សជិត ១ពាន់៥រយនាក់។
លោកស្រី PalaKrishnan បាននិយាយថា កង្វះអាហារូបត្ថម្ភរបស់កុមារមានការរីករាលដាលកាន់តែទូលំទូលាយនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអំពាវនាវឱ្យមានការបរិច្ចាគជាបន្ទាន់ចំនួន ១៦០ លានដុល្លារនៅចុងខែសីហា ហើយគ្រោងនឹងនាំយកជំនួយស្បៀងអាហារទៅឱ្យមនុស្ស ២ លាននាក់នៅពាក់កណ្តាលខែតុលាខាងមុខនេះ ខណៈដែលរហូតមកដល់ពេលនេះ កម្មវិធីនេះបានរៃអង្គាសថវិកាបានចំនួន ៥៣ លាន ៨ សែនដុល្លារហើយ។
លោកស្រី PalaKrishnan បាននិយាយថា ចំពោះប្រទេសមួយចំនួន មានប្រទេសប៉ាគីស្ថានជាអាទិ៍វាមិនមែនជាការខុសឆ្គងអ្វីនោះទេ ក្នុងការលះបង់នូវអ្វីដែលពួកគេបានធ្វើរួមគ្នាចំពោះភពផែនដីនេះ ហើយលោកស្រីក៏បានជំរុញឱ្យប្រទេសអភិវឌ្ឍន៍ជួយផ្ដល់ជំនួយភ្លាមៗដល់ប្រទេសរងគ្រោះទាំងនេះផងដែរ។
ដោយសម្តែងការព្រួយបារម្ភថា កង្វះស្បៀងអាហាររបស់ប្រទេសនេះអាចកាន់តែអាក្រក់ទៅៗនោះលោកស្រី PalaKrishnan បាននិយាយថា ប្រហែល ១២,៤% នៃផ្ទៃដីស្រែនៅប្រទេសប៉ាគីស្ថានបានខូចខាតដោយសារទឹកជំនន់៕
អត្ថបទ៖ សុខ ជា