
យ៉ាងណាមិញបើតាមការតាមប្រភពរបស់អង្គការសហប្រជាជាតិ គឺបាតុករស្លាប់ក្នុងថ្ងៃអាទិត្យទី២៨កុម្ភៈ អាចមានរហូតដល់ ទៅ២០នាក់។
ក្នុងចំណោម អ្នកស្លាប់បាត់បង់ជីវិតទាំងនោះ ភាគច្រើនត្រូវរងគ្រោះដោយការបាញ់ស្រោចពីក្រុមប៉ូលីស នៅទីក្រុងផ្សេងៗគ្នារួមមាន ក្រុង Yangon, ក្រុង Bago និងក្រុងជាប់មាត់ Dawei របស់ភូមា។
សូមបញ្ជាក់ថា រាប់ចាប់តាំងពីមានបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១កុម្ភៈមក មានបាតុករភូមាជាង៨៥០នាក់ត្រូវចាប់ខ្លួន ប៉ុន្តែគេជឿថាចំនួននេះនឹងមានការកើនឡើងថែមទៀត ព្រោះថា គ្រាន់តែនៅក្នុងថ្ងៃអាទិត្យម្សិលមិញមួយថ្ងៃប៉ុណ្ណោះ មានបាតុករដល់ទៅជាង៤០០នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួន។
គួររំឭកផងដែរថា ក្រុមយោធាបានបង្កើនការបង្រ្កាបដល់ក្រុមបាតុករយ៉ាងចាស់ដៃ ក្រោយពីឯកអគ្គរដ្ឋទូតភូមាប្រចាំអង្គការសហប្រជាជាតិលោក Kyaw Moe Tun កាលពីថ្ងៃសុក្រ បានថ្កោលទោសការធ្វើរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ ដោយបានស្នើឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ថ្កោលទោសការធ្វើរដ្ឋប្រហារនេះជាសាធារណៈ៕