ករណីឆ្លងកូវីដ១៩នៅចិន

ករណីឆ្លងកូវីដ១៩នៅចិនកក្រើកកាន់តែខ្លាំង បង្ខំឲ្យមានការបិទខ្ទប់តំបន់កាន់តែច្រើនឡើង


រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន នៅថ្ងៃអង្គារទី២២វិច្ឆិកា បានប្រកាសពីការបិទខ្ទប់កន្លែងសាធារណៈជាច្រើន នៅចំពោះមុខការកក្រើកឡើងជាថ្មីទៀតនូវករណីឆ្លងកូវីដ១៩។ សួន ឧទ្យានកម្សាន្ត និងសារមន្ទីរនឹងចាប់បិទទ្វារលែងឱ្យមនុស្សចូលលេងកម្សាន្តពីថ្ងៃអង្គារទី២២ វិច្ឆិកាតទៅ នៅប៉េកាំង ខណៈដែលក្រុងហិរញ្ញវត្ថុដ៏សំខាន់ ស៊ាងហៃ និងចាប់រឹតបន្តឹងសម្រាប់ការចេញ-ចូលទីក្រុង។
ករណីឆ្លងកូវីដ១៩នៅចិនកក្រើកឡើងជាថ្មី!

ទាំងប៉េកាំង ដែលជាបេះដូងរបស់ចិន និងសៀងហៃ ធ្លាប់ភ្លក់រសជាតិបិទខ្ទប់អស់ពីរខែម្តងរួចហើយនោះ សុទ្ធតែកំពុងខ្លាចរអាយ៉ាងខ្លាំងអំពីស្ថានភាពសេដ្ឋកិច្ច ហើយរំពឹងថា ករណីឆ្លងនឹងធ្លាក់ចុះវិញឆាប់ៗ ដែលអនុញ្ញាតឱ្យគេបើកទូលាយទីក្រុងឡើងវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

រាប់ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ចិនបានស្គាល់ពី​កំណើន​ករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ដ៏លឿនរហ័សក្នុងចំនួន​ជិត៣ម៉ឺនករណី។ ចិនមិនធ្លាប់កត់ត្រាពីអត្រាឆ្លង​សហគមន៍ច្រើនដូចនេះទេ កាលពីមុនមក។ ក្នុងចំណោមករណីឆ្លងទាំងជិត៣ម៉ឺន មានជិតពាក់កណ្តាលត្រូវបានរកឃើញក្នុងទីក្រុង ហ្គ័ងចូវ(Guangzhou)ភាគខាងជើង និងទីក្រុងឆុងឈីង(Chongqing) ភាគនិរតី។

ដោយឡែក នៅរដ្ឋធានីប៉េកាំង ករណីឆ្លងបាននិងកំពុងឡើងដល់កម្រិតខ្ពស់ជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យមានការអំពាវនាវ​ពីរដ្ឋអំណាចឱ្យអ្នករស់នៅក្នុងទីក្រុងបន្តស្នាក់នៅក្នុងផ្ទះ បើមិនមានភាពចាំបាច់ក្នុងការចេញទៅខាងក្រៅ និងត្រូវបង្ហាញលទ្ធផលតេស្តថា ខ្លួនអវិជ្ជមានកូវីដ១៩មិនឱ្យលើសពី៤៨ ម៉ោង មុននឹងអនុញ្ញាតឱ្យចូលទៅក្នុងអគារ ឬកន្លែងសាធារណៈណាមួយ។

នៅក្នុងប៉េកាំងតែឯង រកឃើញជិត៣ពាន់ករណីរាប់ចាប់ពីថ្ងៃទី២០ មកទល់ថ្ងៃទី ២២ខែវិច្ឆិកានេះ។

កាលពីល្ងាចថ្ងៃទី២២វិច្ឆិកា មជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃបានប្រកាសថា ចាប់ពីថ្ងៃទី២៤វិច្ឆិកា សម្រាប់អ្នកដែលទើបចូលមក​ដល់ទីក្រុងសៀងហៃ​មិនទាន់បាន៥ថ្ងៃ នឹងមិនអនុញ្ញា​ឱ្យចូល​ទៅកាន់កន្លែងសាធារណៈដូចជា​ផ្សារទំនើប និងភោជនីយដ្ឋានទេ ប៉ុន្តែពួកគេនៅតែអាចទៅការិយាល័យ​ធ្វើការ និងប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបានធម្មតា។ នៅមុនវិធានការនេះ សៀងហៃដែលមានប្រជាជនរស់នៅ២៥លាននាក់បានបញ្ជាឱ្យបិទខ្ទប់កន្លែងវប្បធម៌និងកម្សាន្ត នៅក្នុងសង្កាត់ចំនួន៧ក្នុងចំណោម១៦សង្កាត់សរុបរបស់ខ្លួន បន្ទាប់ពីបានរកឃើញការចម្លងក្នុងស្រុកថ្មីចំនួន៤៨ករណី។

គិតពីចុងសប្តាហ៍មុន មកទល់ពេលនេះ មានបុគ្គលិកសុខាភិបាលជួររមុខរបស់ចិន ៥នាក់ហើយដែលបានបាត់បង់ជីវិត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ នេះបើតាមសារព័ត៌មានរ៉យទ័រដដែល។

បើទោះបីជា ចិនបានព្យាយាមបញ្ចៀសការបិទខ្ទប់ទាំងស្រុងក្នុងទីក្រុង ដោយជំនួសមកវិញការបិទតាមកន្លែង និងសង្កាត់ក៏ដោយ ប៉ុន្តែចិននៅតែជាប្រទេស ដែលមានវិធានការណ៍កូវីដតឹងរ៉ឹងជាងគេបំផុតក្នុងលោកគិតត្រឹមចុងឆ្នាំ២០២២នេះ។ ប្រការនេះកំពុងធ្វើឱ្យវិនិយោគិនព្រួយបារម្ភជាថ្មីអំពីស្ថានភាពប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកមួយនេះ ពិសេសគឺទៅលើបញ្ហាភាគហ៊ុន និងកាត់បន្ថយតម្រូវការប្រេងនៅចុងឆ្នាំនេះ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលអះអាងថា គោលនយោបាយកូវីដស្មើសូន្យរបស់ប្រធានាធិបតីចិនគឺបានជួយសង្គ្រោះជីវិតមនុស្ស និងដែលជារឿងចាំបាច់ ដើម្បីការពារប្រព័ន្ធសុខាភិបាល។ ក៏ប៉ុន្តែ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន​នៅចិនបានបង្ហាញការខកចិត្ត ដែលរដ្ឋអំណាចរបស់ខ្លួននៅប្រើវិធានការតឹងរ៉ឹងនេះ៕




អត្ថបទបន្ទាប់


របាយការណ៍OECD៖ សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹម៣,១%នៅឆ្នាំនេះ

អត្រាការប្រាក់គោលកើនខ្ពស់ ការដាក់ទណ្ឌកម្ម អតិផរណាកើនឡើង និងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នាំឱ្យសេដ្ឋកិច្ចពិភពលោកត្រូវបានស្ថាប័ន្ធអន្តរជាតិជ…

LG វិនិយោគជាង ៣ពាន់លានដុល្លារ សង់រោងចក្រវត្ថុធាតុដើមសម្រាប់ផលិតអាគុយរថយន្តអគ្គិសនីនៅអាមេរិក

ក្រុមហ៊ុនកូរ៉េ LG Chem ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន LG Group បានប្រកាសនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ខ្លួននឹងវិនិយោគទឹកប្រាក់ ៣ពាន់២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ