ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ទី ២១កុម្ភៈ នៅទីក្រុង Mandalay ដែលជាទីក្រុងធំលំដាប់ទី២របស់ភូមា។ ក្រៅពីស្លាប់ និងរបួស ប៉ូលីសបានឃាត់ខ្លួនបាតុករ៣០នាក់ផ្សេងទៀត។ បាតុករដែលបានបាត់បង់ជីវិតទាំង២នាក់ ត្រូវបានគេរាយការណ៍ថា ម្នាក់ត្រូវបានបាញ់ចំក្បាល និងម្នាក់ទៀតបាញ់ចំដើមទ្រូង។
ការបាញ់ប្រហារលើក្រុមបាតុករ ក៏បានកើតមានឡើងនៅទីក្រុង និងកន្លែងផ្សេងៗទៀតផងដែរ ដោយក្នុងនោះមាន មនុស្សរាប់រយនាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រុមបាតុករដែលមានឆន្ទៈរឹងមាំឯទៀត មិនបានដកថយចេញពីកន្លែងធ្វើបាតុកម្មឡើយ។
ព្រឹត្តិការណ៍ទាំងនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហូរឈាមដ៏កក្តៅគគុកមួយ មិនធ្លាប់មាននោះទេ ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១កុម្ភៈមក។
ស្ថានការណ៍ក្នុងប្រទេសភូមា ហាក់កើនកំដៅ ស្របពេលដែលសំពាធពីខាងក្រៅ ពោលគឺសម្ពាធពីសហគមន៍អន្តរជាតិបានបន្តធ្លាក់មកជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះក្រុមហ៊ុន Facebook បានសម្រេចលុបចោលទំព័រហ្វេសប៊ុកព័ត៌មានដ៏សំខាន់មួយរបស់ក្រុមយោធាភូមាក្រោមហេតុផលថា បានរំលោភលើបទដ្ឋាននិងគោលការណ៍របស់ Facebook ដែលហាមប្រាមពីការញុះញង់ឱ្យមានអំពើហិង្សា៕