ចំនួនទឹកប្រាក់ផ្ញើមកពីក្រៅប្រទេសពីសំណាក់ពលករខ្មែរចំណាកស្រុក សម្រាប់ឆ្នាំ២០១៩ គឺស្មើនឹង ៥,៦% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៩។
បើគិតក្នុងក្របខ័ណ្ឌអាស៊ាន ១០ប្រទេស (ក្នុងនេះ ពីរប្រទេសពុំមានទិន្នន័យទេ គឺ ប្រ៊ុយណេ និងសិង្ហបុរី) ប្រទេសកម្ពុជាឈរនៅលេខរៀងទី៧ ជាប្រទេសដែលទទួលប្រាក់ផ្ញើមកពីក្រៅប្រទេសពីសំណាក់ពលករចំណាកស្រុកច្រើនជាងគេ ពោលគឺនៅលើតែប្រទេសឡាវមួយគត់ ដោយប្រទេសឡាវទទួលបានប្រាក់ផ្ញើមកពីក្រៅ ត្រឹមតែ ២៥៤លានដុល្លារអាមេរិកប៉ុណ្ណោះ នៅឆ្នាំ២០១៩។
ប្រទេសហ្វ៊ីលីពីន ឈរនៅលេខរៀងលើគេបំផុត ក្នុងប្លុកអាស៊ាន ដោយទទួលបានប្រាក់ផ្ញើពីក្រៅប្រទេសមកច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៩ គឺជាង ៣៥ពាន់លានដុល្លារអាមេរិក; វៀតណាមនៅលេខរៀងទី២ ទទួលបានប្រាក់ផ្ញើពីក្រៅប្រទេសចំនួន ១៦.៦៧៩លានដុល្លារអាមេរិក; ឥណ្ឌូនេស៊ី នៅលេខរៀងទី៣ (១១.៦៧៩លានដុល្លារអាមេរិក; ថៃ នៅលេខរៀងទី៤ (៧.០៣៨លានដុល្លារអាមេរិក); មីយ៉ាន់ម៉ា នៅលេខរៀងទី៥ (៣.០៣៥លានដុល្លារអាមេរិក); ម៉ាឡេស៊ីនៅលេខរៀងទី៦ (១.៧២១លានដុល្លារអាមេរិក)។ ដោយឡែកប្រទេសសិង្ហបុរី និងប្រ៊ុយណេ ពុំមានទិន្នន័យទេ។
ធនាគារពិភពលោក កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយព្យាករថា ប្រាក់ផ្ញើចេញរបស់ពលករចំណាកស្រុកនឹងធ្លាក់ចុះខ្លាំង ដែលមិនធ្លាប់មានពីមុនមក នៅឆ្នាំ២០២០នេះ។
ការផ្ញើប្រាក់ចេញនៅទូទាំងសាកលលោក ត្រូវបានរំពឹងទុកថា នឹងធ្លាក់ចុះយ៉ាងខ្លាំង ប្រមាណជា ២០ភាគរយ នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិបណ្តាលមកពីការរាលដាលជំងឺកូវីដ១៩ និងការបិទសកម្មភាពសេដ្ឋកិច្ចសឹងតែគ្រប់ផ្នែកទាំងអស់។
មូលហេតុនាំឱ្យមានការធ្លាក់ចុះ ក្នុងសភាពយ៉ាងគំហុកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីកន្លងទៅនេះ គឺ មួយភាគធំមកពីការធ្លាក់ចុះនៃចំនួនប្រាក់បៀវត្សរ៍ និងការងាររបស់ពលករចំណាកស្រុក ដែលសុទ្ធតែជាក្រុមមនុស្សងាយបាត់បង់ការងារនិងប្រាក់បៀវត្សរ៍មុនគេ នៅក្នុងបណ្តាប្រទេសដែលពួកគេកំពុងធ្វើការ កាលណាមានវិបត្តិសេដ្ឋកិច្ចកើតឡើង។
លំហូរការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម (LMICs) ត្រូវបានព្យាករទុកថា នឹងស្រុតចុះប្រហែល ១៩,៧ភាគរយ គឺសមមូលទៅនឹង ៤៤៥ប៊ីលានដុល្លារអាមេរិក ដែលជាការបាត់បង់នូវប្រភពហិរញ្ញវត្ថុចិញ្ចឹមជីវិតដ៏សំខាន់មួយសម្រាប់គ្រួសារងាយរងគ្រោះ៕