របាយការណ៍ស្រាវជា្រវក្នុងវិស័យអចលនទ្រព្យ ដែលត្រូវបានបង្ហាញឡើងនៅក្នុង កម្មវិធីបូកសរុបសមិទ្ធផល និងការទទួលស្គាល់នូវភាពជោគជ័យរបស់ភ្នាក់ងារ ដែលសម្រេចបាននៅពាក់កណ្ដាលឆ្នាំ២០២២ របស់ក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២១ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ បានកើនដល់ជាង ២ម៉ឺន៧ពាន់យូនីត (ស្មើនឹង៩៥ អគារ)។ ចំនួននៃការផ្គត់ផ្គង់នេះរំពឹងកើនដល់ជាង ៧ម៉ឺន ៨ពាន់ យូនីត (ស្មើនឹង១៧៥ អគារ) នៅត្រឹមឆ្នាំ២០២៥។ ទីផ្សារខុនដូនៅភ្នំពេញមានតម្លៃជាមធ្យម ១ ៣០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជួលវិញអាចមានតម្លៃចន្លោះពី ៨ ទៅ ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញ ដែលទិញខុនដូតាមរយៈក្រុមហ៊ុន ERA Cambodia ភាគច្រើនគឺជាយុវជនក្នុងស្រុកដែលមានវ័យចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ និងមួយចំនួនទៀតជាពលរដ្ឋខ្មែររស់នៅបរទេស ទិញទុកវិនិយោគ។ លោកបន្ថែមថា អនាគតខុនដូនឹងក្លាយជាតម្រូវការចម្បងរបស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់ខុនដូ។
ទន្ទឹមនឹងនេះ នៅរយៈពេលជាង ៤ ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះក៏ទទួលបានការសហការ ដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិកផងដែរ។
អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ក្រុមហ៊ុនតែងបង្កបរិយាកាសការងារល្អៗដល់បុគ្គលិកទាំងការបណ្តុះបណ្តាល និងតែងរៀបចំកម្មវិធីធំៗ ដើម្បីបង្ហាញការទទួលស្គាល់ពីសមិទ្ធិផល តាមរយៈការផ្តល់ពានរង្វាន់ វិញ្ញាបនបត្រ និងដំឡើងតួនាទីជាដើម។
លោកខន គង្គា ថ្លែងថា៖ «ទោះឋិតក្នុងស្ថានភាពដែលបង្កឡើងដោយបញ្ហាកូវីដ-១៩ ក៏ភ្នាក់ងារលក់របស់យើងនៅតែបន្តការខិតខំ និងបោះជំហានឥតឈប់ឈ ដើម្បីជួយសម្រួលការទិញ លក់ ដល់អតិថិជន។ ហើយទាំងនេះក៏ព្រោះតែអតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។
ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក នឹងបង្កើនភ្នាក់ងារលក់ដល់ប្រមាណ ៥០០០ នាក់នៅរយៈពេល៥ឆ្នាំខាងមុខ ដែលកើនពី ១ ៥០០ នាក់នាពេលបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៩៨គម្រោង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៣ពាន់លានដុល្លារ នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ៕