តាមរយៈការស្រាវជ្រាវនៅលើសារព័ត៌មានអន្តរជាតិធំៗជាច្រើន ពិសេសសារព័ត៌មាន Nikkei របស់ជប៉ុនបានបង្ហាញថា កិច្ចការចម្បងដែលប្រទេសថៃបាននិងកំពុងធ្វើ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនោះ គឺការផ្តើមកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងរួច និងអនុញ្ញាតឲ្យពួកគេចូលមកកម្សាន្តនៅក្នុងប្រទេសថៃបាន ដោយវិធានការនេះចាប់អនុវត្តពីខែមេសានេះតទៅ។ ការឈានជើងទៅមុនគេមួយជំហានរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ ទំនងនឹងអាចក្លាយទៅជាលំនាំ ឬគំរូមួយ សម្រាប់ប្រទេសក្នុងតំបន់ រួមទាំងកម្ពុជាផង គួរតែពិចារណាវិធានការទាំងនេះ ដើម្បីស្ដារវិស័យទេសចរណ៍ផងដែរ។
តាមរយៈការស្រាវជ្រាវ និងការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗខ្ញុំសូមលើកយកនូវ ៥ចំណុច មកនិយាយទាក់ទងនឹងស្ថានភាព ក៏ដូចជាវិធានការស្តារវិស័យទេសចរណ៍ឡើងវិញរបស់ថៃ ដែលកំពុងចាប់ផ្ដើមអនុវត្តថ្មីៗនេះ។ តើថៃបានធ្វើអ្វីខ្លះ?១. កាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃ បានឲ្យដឹងថា ទាំងជនជាតិថៃ និងជនបរទេសដែលធ្វើដំណើរចូលមក ត្រូវដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់រយៈពេល១០ថ្ងៃ។ ចំនួននេះមានរយៈពេលខ្លីជាងវិធានការសុខាភិបាលដែលធ្លាប់បានធ្វើកន្លងមក ដែលទាមទារឲ្យនៅដាច់ដោយឡែកដល់ទៅ១៤ ថ្ងៃ។
អ្នកដំណើរ ត្រូវយកសំណាកទៅពិនិត្យរកកូវីដ-១៩ ចំនួន ៣លើកដដែល ដែលលើកទីមួយយកសំណាកពេលដែលមកដល់ទឹកដីថៃភ្លាម លើកទី២ នៅថ្ងៃទី៣ ឬថ្ងៃទី៥ នៃការធ្វើចត្តាឡីស័ក និងលើកចុងក្រោយនៅថ្ងៃទី៩។
ថៃព្យាយាមធ្វើយ៉ាងណា ឲ្យភ្ញៀវបរទេសមិនមានភាពធុញទ្រាន់ឡើយ អំឡុងពេលពួកគេកំពុងធ្វើចត្តាឡីស័ក ដោយអាជ្ញារធរបានបន្ធូរបន្ថយឲ្យអ្នកកំពុងធ្វើចត្តាឡីស័កទាំងនោះ អាចដើរចេញក្រៅបន្ទប់បាន ប៉ុន្តែត្រូវស្ថិតនៅក្នុងបរិវេណនៃមណ្ឌលចត្តាឡីស័កដដែល។
ជាមួយគ្នានេះ ថៃបានរៀបចំ រីសត ធំៗជាច្រើនសម្រាប់ជាកន្លែង ធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរ ដូចនេះអ្នកដែលត្រូវឃុំខ្លួន អាចរីករាយនឹងដើរកម្សាន្តស្រូបយកខ្យល់អាកាស ក្នុងរីសតទាំងនោះបាន ដោយមិនចាំបាច់នៅតែក្នុងបន្ទប់រហូតនោះទេ។
បន្ថែមពីលើវិធានការទាំងនេះ ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងរួច និងបានឆ្លងកាត់ការធ្វើចត្តាឡីស័កហើយនោះ ត្រូវបានអាជ្ញាធរថៃអនុញ្ញាតឲ្យទៅកម្សាន្តក្នុងខេត្តទាំង៦ដែលថៃបានបើកត្រៀមទទួលភ្ញៀវទេសចរ រួមមាន ខេត្តភូកេត ខេត្តក្រាប៉ី (Krabi) ខេត្តផាងណា ខេត្តស៊ូរ៉ាតថានី (កោះសាមុយ) ខេត្តឈុនបូរី (តំបន់ប៉ាតាយ៉ា) និងខេត្តឈៀងម៉ៃ។
ប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានផ្តើមកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក ស្របពេលដែលវិធានការនេះ ធ្លាប់ត្រូវបានគេអនុវត្តដំបូងកាលពីដើមខែធ្នូឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។
២. ថៃបើកខេត្តភូកេតឲ្យភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចអាចទៅកម្សាន្ដដោយមិនចាំបាច់ធ្វើចត្តាឡីស័ក
រដ្ឋាភិបាលថៃគ្រោងអនុវត្តផែនការទេសចរណ៍ពិសេសមួយ សម្រាប់ខេត្តភូកេត ដែលជាខេត្តជាប់មាត់ដ៏មានសក្តានុពលរបស់ថៃ ដោយសាកអនុវត្តពីថ្ងៃទី១ខែកក្កដាតទៅ គឺអនុញ្ញាតឲ្យភ្ញៀវបរទេសណាដែលបានចាក់វ៉ាក់សាំងរួច អាចចូលមកលេងខេត្តភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័កអ្វីទាំងអស់។ ជាមួយគ្នានេះ ថៃបាននិងកំពុងសម្រុកចាក់វ៉ាក់សាំងឲ្យពលរដ្ឋរបស់ខ្លួនក្នុងខេត្តភូកេត ឲ្យបានដល់ចំនួន៧០%នៃពលរដ្ឋសរុប ដើម្បីធានាឲ្យបាននូវសុវត្ថិភាពមួយកម្រិតទៀត។ ក្រៅតែពីពលរដ្ឋនៅខេត្តភូកេត ពលរដ្ឋក្នុងខេត្តដទៃក៏នឹងត្រូវទទួលបានវ៉ាក់សាំងដូចគ្នា ធ្វើយ៉ាងឲ្យបាន ៧០%នៃប្រជាជនសរុបស្របតាមផែនការរបស់រាជរដ្ឋាភិបាលថៃ។
៣. ផ្ដល់លក្ខខណ្ឌពិសេសសម្រាប់ភ្ញៀវទេសចរចូលចិត្តកីឡាវាយកូនហ្គូល
នៅក្នុងខែមករាកន្លងទៅ រដ្ឋាភិបាលបានបង្កើតគំនិតផ្តួចផ្តើមថ្មីមួយទៀត ដែលត្រូវបានគេឲ្យឈ្មោះជាភាសារអង់គ្លេសថា ហ្គូវល៍ ឃ្វ័រិនធីន «Golf Quarantine»។ «Golf Quarantine» សំដៅដល់វិធានការដែលភ្ញៀវទេសចរ ជាអ្នកចូលចិត្តលេងកូនហ្គោល អាចមកកម្សាន្ត និងលេងកូនហ្គោលនៅក្នុងរីសតដែលមានទីលានវាយកូនហ្គោលធំៗ ក្នុងប្រទេសថៃបាន ដោយត្រូវចំណាយពេលពីរសប្តាហ៍ធ្វើចត្តាឡីស័កនៅទីនោះ ហើយក៏អាចរីករាយក្នុងការលេងកូនហ្គោលនៅក្នុងរីសតទាំងនោះផ្ទាល់តែម្តង។
មួយវិញទៀត អាជ្ញាធរទេសចរណ៍ថៃក៏បានប្រកាសជំរើសមួយផ្សេងទៀត ដែលអនុញ្ញាតឲ្យអ្នកទេសចរបរទេសណាដែលមាននាវាកម្សាន្តផ្ទាល់ខ្លួន អាចចូលមកកម្សាន្តក្នុងដែនសមុទ្ររបស់ថៃ នៃកោះភូកេតបាន ហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅលើទូករបស់ខ្លួន មុននឹងអាចឡើងមកលេងនៅលើកោះភូកេតបាន។
៤. ថៃស្រវាបើកព្រំដែនឡើងវិញ ដើម្បីស្រោចស្រង់វិស័យទេសចរបានទាន់ពេល
អាជ្ញាធរថៃបានរៀបចំការស្ទង់មតិកាលពីខែមករាកន្លងទៅ ដោយបានសាកសួរអំពីផលប៉ះពាល់ដែលអូសបន្លាយដោយសារជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងវិធានការបិទព្រំដែនរបស់ថៃ។ ក្នុងចំណោមប្រតិបត្តិករអាជីវកម្មចំនួនជាង ១,៨០០ ដែលត្រូវបានស្ទង់មតិ ដូចជាអាជីវកម្មផ្ដល់កន្លែងស្នាក់នៅ ភ្នាក់ងារទេសចរណ៍ និងភោជនីយដ្ឋានជាដើម មានជាង ៣៤% និយាយថា ពួកគេបានផ្អាកអាជីវកម្ម និងមួយចំនួនទៀតថា ពួកគេបានបិទទ្វារឈប់រកស៊ីតែម្តង ដោយសារតែវិធានការបិទព្រំដែនពីសំណាក់រដ្ឋាភិបាលនេះ។ នេះសបញ្ជាក់ឲ្យឃើញថា ដរាបណាវិធានការបិទប្រទេស និងព្រំដែននៅតែបន្ដធ្វើឡើងកាន់តែយូរ នោះវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលរបស់ថៃ អាចនឹងរងគ្រោះកាន់តែខ្លាំងដូចគ្នា ហើយរឹតតែពិបាកស្រោចស្រង់ឡើងវិញថែមទៀត។ ដូច្នេះហើយ ទើបរដ្ឋាភិបាលថៃ ស្រវាគិតគូ និងចាប់ផ្ដើមបើកចំហទ្វារប្រទេសរបស់ខ្លួនទទួលទេសចរអន្តរជាតិឡើងវិញ ពិសេសអ្នកដែលបានចាក់វ៉ាក់សាំងរួច ដើម្បីសង្គ្រោះវិស័យទេសចរណ៍ឲ្យបានទាន់ពេលវេលា។
៥. ស្ថានភាពធូរស្រាលជាងមុននៃការរាតត្បាតកូវីដ-១៩ ជាកត្តាជួយឲ្យថៃហ៊ានបើកប្រទេសឡើងវិញ
នៅពេញមួយខែមីនា មានអ្នកឆ្លងកូវីដ-១៩ នៅថៃ មានតែជិត ៣ពាន់ករណីប៉ុណ្ណោះ បើធៀបនឹងខែមករាមានដល់ទៅជិត ២ម៉ឺនករណី និងខែកុម្ភៈមានជាង ៧ពាន់ករណី។
ការទប់ទល់កូវីដ-១៩ បានប្រសើរជាងមុនេះ បានផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលលោកប្រាយុទ្ធចាន់អូចា ឲ្យក្លាហានអាចឈានជើងទៅមុខ មុនគេមួយជំហាន ក្នុងការឈានទៅស្ដារវិស័យទេសចរណ៍ឲ្យមានដង្ហើមដកឡើងវិញ។
ប៉ុន្តែ អ្វីដែលរដ្ឋាភិបាលថៃ ត្រូវប្រុងប្រយ័ត្នបំផុតនោះ គឺនៅត្រង់ថា ប្រសិនបើវិធានការកាត់បន្ថយការធ្វើចត្តាឡីស័កអនុវត្តទៅមានការថ្លោះធ្លោយ ដែលបណ្តាលឲ្យមានការឆ្លងរីករាលដាលកូវីដ-១៩ ក្នុងសហគមន៍ម្តងទៀតនោះ អំរែកវិបត្តិសេដ្ឋកិច្ចដែលថៃមាន នឹងធ្ងន់លើសគ្រាដំបូងទៅទៀត។
យើងនឹងតាមដានមើលទាំងអស់គ្នាបន្ដទៀត ថាតើវិធានការស្ដារវិស័យទេសចរថៃដែលបានដាក់ចេញ និងកំពុងអនុវត្តនេះ នឹងទទួលបានជោគជ័យកម្រិតណា ឬក៏ត្រូវបរាជ័យដួលរលំ?