ប្រធានបទដែលនឹងត្រូវជជែកនៅក្នុងកិច្ចប្រជុំ ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺ «ស្ត្រីជាអាទិភាព វិបុលភាពសម្រាប់ទាំងអស់គ្នា» ដោយផ្ដោតសំខាន់លើការជួយគាំទ្រសហគ្រិនស្ត្រី និងលើកស្ទួយកំណើនសេដ្ឋកិច្ចសកលលោក ដោយមានការរៀបចំរួមគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា ខណៈដែលអ្នកចូលរួមភាគច្រើនបំផុតជាសហគ្រិនស្ត្រី។
លោកជំទាវ លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Attwood Group និងជាសហគ្រិនស្ត្រីឆ្នើមមួយរូប ដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលសហគ្រិនភាពពិភពលោកនេះ បានលើកឡើងថា នេះគឺជាឱកាសដ៏ល្អមួយដែលសហគ្រិនស្ត្រីកម្ពុជា អាចបង្ហាញពីសមត្ថភាពរបស់ខ្លួនទៅកាន់ពិភពលោក និងពាំនាំយកមកវិញនូវអ្វីដែលជាប្រយោជន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។
សហគ្រិនស្ត្រី ក្នុងចំណោមសហគ្រិនស្ត្រីកម្ពុជាទាំង៧រូប ដែលនឹងត្រូវទៅចូលរួមនៅក្នុងកិច្ចប្រជុំលំដាប់ពិភពលោកនេះ បានលើកឡើងថា ពួកគាត់ពិតជាមានក្ដីរំភើបយ៉ាងខ្លាំង ដែលមានឱកាសទៅចូលរួមក្នុងកិច្ចប្រជុំនេះ ហើយពួកគាត់ក៏ប្តេជ្ញាចិត្តថានឹងបង្ហាញនូវអ្វីដែលជាគុណតម្លៃ ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់កម្ពុជា ទៅកាន់ពិភពលោកនិងពាំនាំមកវិញនូវអ្វីល្អៗសម្រាប់យកមកចែករំលែកដល់កម្ពុជាវិញផងដែរ។
ក្នុងដំណើរចូលរួមកិច្ចប្រជុំពិភពលោកនេះដែរ ស្ថានទូតអាមេរិកក៏បានជ្រើសរើសយកអ្នកយកព័ត៌មានកម្ពុជាតែ១រូបគត់ គឺសារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស ដើម្បីទៅចូលរួម និងយកព័ត៌មាននៅក្នុងកិច្ចប្រជុំនេះ ខណៈដែលអ្នកចូលរួមទាំងអស់ត្រូវបានដឹងថា មកពី ១៥០ប្រទេស និងដែនដី ជុំវិញពិភពលោក។
សូមជម្រាបដែរថា បច្ចុប្បន្ននេះ ចំនួនសហគ្រិននិងអ្នកដឹកនាំអាជីវកម្មជាស្ត្រីនៅកម្ពុជា ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះ សហគ្រិនស្ត្រីដែលកំពុងប្រតិបត្តិអាជីវកម្មខ្នាតតូច និងមធ្យម មានប្រមាណ ៦២% ខណៈដែលសហគ្រិនស្ត្រីមានមុខតំណែងខ្ពស់នៅក្នុងអាជីវកម្មខ្នាតធំ គឺនៅមានចំនួនតិចតួចនៅឡើយ បើធៀបនឹងសហគ្រិនជាបុរស៕