ខាងក្រោមនេះ ជាចំណុចសំខាន់ៗបំផុត ៧យ៉ាង ដែលជួយពន្យល់លោកអ្នកអំពីសេដ្ឋកិច្ចយក្សអាស៊ីមួយនេះ។
១. ចិនធ្លាប់ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោក កាលពីឆ្នាំ១៨២០ ហើយបច្ចុប្បន្ន ជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ បើគិតជាអំណាចទិញ (purchasing power) ចិនគឺជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក។
២. ចិនគឺជាប្រទេសនាំចេញធំជាងគេបំផុតនៅលើពិភពលោក និងជាប្រទេសនាំចូលធំជាងគេបំផុតទីពីរ នៅលើពិភពលោក សម្រាប់ទំនិញពាណិជ្ជកម្ម។ ផលិតផលធ្វើនៅប្រទេសចិន នាំចេញទៅកាន់ទីផ្សារធំៗ ដូចជា សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ហុងកុង, ជប៉ុន និងកូរ៉េខាងត្បូង។
៣. ចិនបានស្រោចស្រង់ប្រជាជនឲ្យងើបចាកផុតពីបន្ទាត់ក្រីក្របានចំនួនច្រើនជាងប្រទេសណាៗទាំងអស់ គឺដល់ទៅ ៨០០លាននាក់។ កាលពីឆ្នាំ១៩៧៨ ចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋចិនម្នាក់ៗ មានត្រឹមតែ ១៥៥ដុល្លារអាមេរិកប៉ុណ្ណោះ។ ឆ្នាំ២០១៤ ប្រជាជនចិនម្នាក់ៗមានចំណូលមធ្យមប្រចាំឆ្នាំ (GDP per-capita) ចំនួន ៧.៩៥០ដុល្លារ។
តួលេខសង្ខេបអំពីចិន (ឆ្នាំ២០១៥)
- ប្រជាជនសុរប 1,371 លាននាក់
- ផលិតផលសរុបក្នុងស្រុក (GDP) 11.01 trillion USD
- កំណើនសេដ្ឋកិច្ច 6.9%
- អតិផរណា 1.4%
ប្រភព៖ World Bank
៤. ប្រទេសចិនបានជួបប្រទះការថមថយចុះនូវកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ កាលពីឆ្នាំ២០១៥ ដោយឆ្នាំនោះ កំណើនសេដ្ឋកិច្ចចិនកើនយឺតបំផុតដែលមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៩០មក។
៥. វិស័យឯកជន គឺជាកត្តារុញច្រានដ៏ចម្បងនៃកំណើនសេដ្ឋកិច្ច និងការងាររបស់ប្រទេសចិន។
៦. ចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ក្រុមហ៊ុនវិស័យឯកជនផលិតបានប្រមាណចន្លោះពី ២ភាគ៣ និង ៣ភាគ៤ នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសចិនទាំងមូល។
៧. ចិនគឺជាប្រទេសផ្ដល់ធំជាងគេបំផុតទីពីរ និងជាប្រទេសទទួលធំជាងគេ សម្រាប់វិនិយោគទុនផ្ទាល់ពីបរទេស (FDI)។ ឆ្នាំ២០១៥ ចិនបានផ្ដល់វិនិយោគទុនផ្ទាល់ទៅក្រៅប្រទេសចំនួន ១១៦ពាន់លានដុល្លារ គឺកើនឡើង ១៥ភាគរយបើធៀបនឹងឆ្នាំមុន៕
ប្រភព៖ World Economic Forum