លោក វូ ទៀន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានលើកឡើងថា កាលពីរលកទី ១ នៃមេរោគកូវីដ១៩ ផ្ទុះឡើង អំឡុងត្រីមាសទី ១ ឆ្នាំ ២០២០នេះ សហគ្រាស អាជីវកម្មជាច្រើន បានពុះពារឆ្លងកាត់ការលំបាកជាច្រើន ដើម្បីប្រកបរបរចិញ្ចឹមជីវិត ហើយអាជីវកម្មមួយចំនួនធំ ក៏បង្ហាញពីក្តីបារម្ភខ្លាំង ពុំអាចទ្រទ្រង់នឹងស្ថានការណ៍ដ៏លំបាកនេះបាន។
យ៉ាងណាក៏ដោយ បើតាមការស្ទង់មតិរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានបង្ហាញលទ្ធផលថា គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២០នេះ សហគ្រាសច្រើនជាង ៨០% នៅតែអាចបើកដំណើរការជាធម្មតា ដោយអាចផ្តល់ប្រាក់ចំណូល និងការងារដល់បុគ្គលិករបស់ពួកគេបាន។
លើសពីនេះ អាជីវកម្មទាំងអស់នោះ ភាគច្រើនមិនកាត់បន្ថយបុគ្គលិកនោះទេ ក៏ប៉ុន្តែ គឺមានការផ្លាស់ប្តូរម៉ោងការងារ និងកាត់បន្ថយប្រាក់ខែទៅតាមម៉ោងការងារ ហើយក៏ទទួលបានការគាំទ្រពី សំណាក់និយោជិតដែរ។
បើតាមប្រធានសហភាពការងារទូទៅវៀតណាម បានលើកឡើងថា វិបត្តិកូវីដ១៩នេះ បានប៉ះពាល់ដល់ កម្មករជិត ៨លាននាក់ ដែលត្រូវបោះបង់ចោលការងារ ពន្យារពេលចុះកុងត្រាការងារ ឬឈប់ដោយគ្មានប្រាក់ខែតែម្តង។
ជាចុងក្រោយ អ្នកជំនាញក៏បានលើកឡើងថា វិបត្តិកូវីដ១៩ ជាបញ្ហាប្រឈមជាប្រវត្តិសាស្រ្ត ហើយវាក៏បានធ្វើឲ្យសកលលោក ទទួលស្គាល់ប្រទេសវៀតណាមថា អាចឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស ដែលធ្វើឲ្យវៀតណាម អាចចាប់យកឱកាសនេះ បង្ហាញពីសក្តានុពលរបស់ខ្លួន៕