ទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលសរុបរបស់កម្ពុជា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៨នេះ មានចំនួនប្រមាណជាង ២០ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានប្រមាណជាង ១៧ពាន់លានដុល្លារ ពោលកើនជិត ៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម។
គិតចាប់តាំងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៨ កម្ពុជាបានធ្វើការនាំចូលផលិតផលសំខាន់ៗមកកាន់ទីផ្សារកម្ពុជា រួមមាន ផលិតផល វត្ថុធាតុដើម ដើម្បីបម្រើដល់វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ យានយន្ត ម៉ូតូ គ្រឿងអេឡិចត្រូនិច ភេសជ្ជៈ ម្ហូបអាហារ និង សម្ភារៈសំណង់ ដែលមានទឹកប្រាក់សរុប ជាង ១១ពាន់លានដុល្លារអាមេរិក កើនឡើងជាង១ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ មានទឹកប្រាក់ត្រឹមតែជាង ៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
ដោយឡែក ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសវិញ សម្រេចបានក្នុងទឹកប្រាក់ជាង ៩ពាន់លានដុល្លារអាមេរិក ធៀបនឹងឆ្នាំមុន មានទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១ពាន់លានដុល្លារ។ ក្នុងនោះ ផលិតផលដែលកម្ពុជានាំចេញមានផលិតផលសំខាន់ៗ ដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្ម មួយចំនួន ដូចជា អង្ករ កៅស៊ូ និង ផលិតផលកង់ជាដើម។ បច្ចុប្បន្ន កម្ពុជាកំពុងតែជំរុញខ្លាំងលើផលិតផលកសិកម្ម និងឧស្សាហកម្ម ជាចំបង៕