ពិធីសម្ពោធផ្លូវដែលជាសមិទ្ធផលដ៏ត្រចះត្រចង់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, អ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយក ក្រុម ហ៊ុន វិរៈប៊ុនថាំអេសប្រេស ខូអិលធីឌី និង លោកជំទាវ, ឯកឧត្តម លោកជំទាវ អ្នក ឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្ដ ម លោកជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្មួយៗ សិស្សានុសិស្ស និងយុវជនយ៉ាងច្រើនកុះករ។
ថ្លែងនៅក្នុងពិធីសម្ពោធនោះ ឯកឧត្តម ហួត ហាក់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អ្នកឧកញ៉ា សួរ វីរៈ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងធនធានថវិកាផ្ទាល់ខ្លួន ក្នុងការកសាងផ្លូវមួយខ្សែនេះឡើង តួយ៉ាងអ្នកឧកញ៉ាក៏តែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា នាពេលកន្លងមក ក្នុងបុព្វហេតុគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ខេត្តកំពង់ស្ពឺ បាននិងកំពុងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការវិនិយោគ, គឺជាខេត្តមានលក្ខណៈអំណោយផល ដោយកត្តាភូមិសាស្ត្រមានទីតាំងនៅជិតរាជធានីភ្នំពេញ, សម្បូរដោយព្រៃភ្នំ, វាលស្មៅដ៏ស្រស់ស្អាត, ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល, មានសហគមន៍ជនជាតិដើមភាគតិច, និងក៏ជាខេត្តមានភាពល្បីល្បាញខាងការផលិតស្ករត្នោត អំពៅ និង ស្រាផងដែរ ដែលទាំងអស់នេះ គឺជាកត្តាអំណោយផលដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗ របស់ខេត្តដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍ និង តំបន់គោលដៅទេសចរណ៍ថ្មីៗ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចបន្ថែមថា តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងផ្លូវល្បឿនលឿន ខេត្តកំពង់ស្ពឺបាននិងកំពុងស្រូបយកគម្រោងវិនិយោគ រោងចក្រ សហគ្រាសធំៗជាច្រើន ព្រមទាំងកែប្រែមុខមាត់ពីខេត្តដែលធ្លាប់តែពឹងផ្អែកលើកសិកម្ម ទៅជាខេត្តកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដែលបង្កើតការងារជូនប្រជាពលរដ្ឋរាប់សែននាក់ និងចូលរួមនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
តាមរយៈការសាងសង់ផ្លូវនេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដ៏មានសារៈសំខាន់នេះ គឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ និងការវិនិយោគ ដែលនឹងផ្តល់តម្លៃ បន្ថែម ព្រមទាំងអត្ថប្រយោជន៍ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ផងដែរ។