វិស័យការពារជាតិ

ថៃ កំពុងភ័យជ្រួលច្រាល់ ក្រោយចិន បង្ហាញជំហរច្បាស់ៗថា ខ្លួននឹងពង្រឹងសន្តិសុខជាមួយកម្ពុជា


ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី២៦ ខែមិថុនា បានក្លាយជាអាវុធដ៏មុតស្រួចចាក់ចំចំណុចខ្សោយរបស់រដ្ឋាភិបាលថៃ ក្រោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបើកទ្វារវិមានទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា យ៉ាងអធិកអធមនៅទីក្រុងប៉េកាំង ព្រមទាំងបានប្រកាសនូវជំហរយុទ្ធសាស្ត្រមួយ ដែលធ្វើឱ្យអ្នកនយោបាយថៃខ្លះបង្ហាញការព្រួយបារម្ភ និងវិភាគយ៉ាងផុសផុល។
វិស័យការពារជាតិ
ដោយ

ការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា និងចិននេះ បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់អ្នកតាមដានស្ថានការណ៍សន្តិសុខក្នុងតំបន់ ជាពិសេសប្រទេសថៃតែម្តង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ និងស៊ីនហួរ (Xinhua) លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងយ៉ាងម៉ឺងម៉ាត់ និងច្បាស់ៗថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាដៃគូផ្នែកសន្តិសុខដ៏រឹងមាំជាមួយប្រទេសកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងស្ថិរភាពក្នុងតំបន់។ សញ្ញាព្រមានដាច់ណាត់ពីទីក្រុងប៉េកាំងនេះ បានធ្វើឱ្យបណ្តាញព័ត៌មានរបស់ថៃ News1 ចេញផ្សាយទាំងក្តីបារម្ភថា ទំនាក់ទំនងរវាងចិន និងកម្ពុជា ពេលនេះ មិនមែនត្រឹមតែជារឿងពាណិជ្ជកម្ម ឬការវិនិយោគនោះឡើយ តែវាបានឈានចូលដល់បញ្ហាសន្តិសុខយោធាជាផ្លូវការបាត់ទៅហើយ។

អ្វីដែលកាន់តែចាក់ដោត និងស្តែងឱ្យឃើញពីភាពទន់ជ្រាយរបស់រដ្ឋាភិបាលថៃ នោះ​គឺប្រតិកម្មបែបអន្ទះអន្ទែងរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។ កាលពីថ្ងៃទី២៧ ខែមិថុនា លោក ស៊ីហាសាក់ បានចេញមុខមកថ្លែងការពារទាំងខំប្រឹងសម្រួលអារម្មណ៍សាធារណជនថា ប្រទេសថៃ មិនគួរញាប់ញ័រ ឬភិតភ័យចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន នោះទេ។

អ្នកសង្កេតការណ៍អន្តរជាតិ មើលឃើញថា នេះគ្រាន់តែជាការនិយាយលួងចិត្តខ្លួនឯង និងជាការលួងលោមចិត្តពលរដ្ឋថៃ ទាំងបង្ខំតែប៉ុណ្ណោះ ខណៈដែលលោក ស៊ីហាសាក់ បានព្យាយាមបកស្រាយថា ប្រទេសចិននឹងដើរតួនាទីយ៉ាងសមស្រប ហើយនឹងមិនចាត់វិធានការណាមួយ ដែលធ្វើឱ្យស្ថានការណ៍រវាងថៃ និងកម្ពុជា កាន់តែធ្ងន់ធ្ងរនោះឡើយ។ លោក ថែមទាំងបានប្រើពាក្យលួងចិត្តពលរដ្ឋខ្លួនឯងទៀតថា ចិន មិនទាន់កាត់បន្ថយតម្លៃរបស់ប្រទេសថៃ នោះទេ។

ប៉ុន្តែវាំងនននៃការលួងលោមខ្លួនឯងរបស់រដ្ឋាភិបាលថៃ ត្រូវបានរហែកខ្ទេចខ្ទី ដោយសារតែការព្រមានចំៗពីសំណាក់ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសថៃ ខ្លួនឯង។ ក្រុមអ្នកជំនាញថៃ បានសង្កត់ធ្ងន់ថា ការដែលមហាអំណាចចិន និងរុស្ស៊ី បានចាប់ដៃគ្នាពង្រឹងខ្នងបង្អែកសន្តិសុខឱ្យកម្ពុជា ចំពេលដែលថៃ និងកម្ពុជា កំពុងមានចំណុចទាស់ទែងគ្នាយ៉ាងក្តៅគគុកនោះ គឺជារបត់គ្រោះថ្នាក់បំផុត ដែលរដ្ឋាភិបាលបាងកក មិនអាចធ្វេសប្រហែស ឬដេកលក់ក្នុងមនោសញ្ចេតនាបានតទៅទៀតឡើយ។

អ្នកជំនាញនៅក្នុងប្រទេថៃ បានលើកឡើងថា វិបត្តិនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា យុទ្ធសាស្ត្រការទូតរបស់ថៃ កំពុងតែដើរដល់ផ្លូវទាល់ច្រក។ រដ្ឋាភិបាលថៃ រវល់តែភ័យស្លន់ស្លោ និងខំប្រឹងរកពាក្យពេចន៍មកលួងចិត្តខ្លួនឯងនៅលើប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា បានដើរទៅមុខរាប់រយជំហាន ដោយក្តោបក្តាប់បានទាំងឥទ្ធិពលសេដ្ឋកិច្ច និងខែលការពារសន្តិសុខពីមហាអំណាចពិភពលោក។ ប្រសិនបើរដ្ឋាភិបាលបាងកក នៅតែមិនព្រមភ្ញាក់រលឹក ហើយបន្តបង្ហាញភាពទន់ជ្រាយ និងអសមត្ថភាពក្នុងការបង្កើតគោលនយោបាយច្បាស់លាស់បែបនេះទៀតនោះ ថៃនឹងត្រូវឯកោខាងផ្លូវការទូត និងសន្តិសុខនៅក្នុងតំបន់អាស៊ានទាំងមូលដោយចៀសមិនរួចឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


បញ្ហាសមុទ្រចិនខាងត្បូង នៅតែជាដំបៅដ៏រ៉ាំរ៉ៃរវាងចិន និងសមាជិកខ្លះរបស់អាស៊ាន

វិបត្តិសមុទ្រចិនខាងត្បូង នៅតែជាដំបៅរ៉ាំរ៉ៃ ដែលគ្មានថ្នាំព្យាបាល បើទោះបីជាពេលវេលាបានរំកិលទៅមុខ ប៉ុន្តែជម្លោះដែនទឹក និងច្បាប់អន្តរជាតិ ដ…

អាម៉េរិក បន្ថែមការហាមឃាត់ការនាំចូលឧបករណ៍បច្ចេកវិទ្យាពីចិន ធ្វើឱ្យសង្គ្រាមបច្ចេកវិទ្យារវាងមហាអំណាចទាំងពីរឡើងកម្តៅកាន់តែខ្លាំង

សង្រ្គាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន ឡើងកម្តៅកាន់តែខ្លាំង ដោយគណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) បានប្រកាសចាត់វិធានការក្តៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ