សាជីវកម្មធនាគារជប៉ុន SMBC

សាជីវកម្មធនាគារជប៉ុនដ៏ធំមួយ SMBC ចាប់អារម្មណ៍ក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងធំៗពីរនៅកម្ពុជា


ថ្នាក់ដឹកនាំសាជីវកម្មធនាគារជប៉ុនដ៏ធំមួយ ស៊ូមីតូម៉ូ ម៉ីតស៊ុយ (SMBC)ដែលពោរពេញដោយបទពិសោធន៍ហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ទាំងក្នុង និងក្រៅតំបន់បានបង្ហាញការចាប់អារម្មណ៍ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា។ ក្នុងនោះសាជីវកម្មធនាគារមួយនេះ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅកម្ពុជា។
សាជីវកម្មធនាគារជប៉ុនដ៏ធំមួយ SMBC ចាប់អារម្មណ៍ក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងធំៗពីរនៅកម្ពុជា

ការបង្ហាញចេតនាចង់ចូលរួមចំណែកជួយអភិវឌ្ឍគម្រោងទាំងពីររបស់ថ្នាក់ដឹកនាំ SMBC ធ្វើឡើងនាជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗ។

នាជំនួបពិភាក្សាការងារជាមួយប្រតិភូសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ិតស៊ុយ របស់ជប៉ុន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គឺជាយុទ្ធសាស្ត្រចម្បងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ដែលកំពុងមានការយកចិត្តទុក ដាក់ខ្លាំង។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីសមិទ្ធផល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្ភុភារកម្ម ដែលកម្ពុជាសម្រេចបាន និងគ្រោងអភិវឌ្ឍន៍នាពេលអនាគតដល់ប្រតិភូធនាគារនេះផងដែរ។

ក្នុងនោះថ្នាក់ដឹកនាំក្រសួងសាធារណបានលើកឡើងពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានដាក់ឲ្យដំណើរកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប ដែលបានសិក្សាចប់ និងគ្រោងសិក្សា, គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលរាជរដ្ឋាភិបាលកំពុងជំរុញឲ្យពន្លឿនការសិក្សា, គម្រោងអភិវឌ្ឍន៍កំពង់ផែនៅខេត្តព្រះសីហនុ និងខេត្តកំពត និងគម្រោងដឹកជញ្ជូន និងភស្តុភារកម្មជាច្រើនទៀត។

ជាមួយគ្នានេះលោក Rajeev Kannan នាយកប្រតិបត្តិសាជីវកម្មធនាគារ SMBC ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក បានបង្ហាញការចាប់អារម្មណ៍ក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងធំៗពីរនៅកម្ពុជា រួមមានគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅកម្ពុជា ដែលក្នុងផែនការមេនេះមានគម្រោងជាង៣៣២គម្រោងជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារ។

ពាក់ព័ន្ធគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត ឯកឧត្តម តុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍បានអះអាងកន្លងមកថា កំពង់ផែនេះបានបញ្ចប់ការសាងសង់១០០% ហើយ នៅឡើយតែរង់ចាំការវិនិយោគពីក្រុមហ៊ុនឯកជន ដើម្បីដាក់ឲ្យដំណើរការតែប៉ុណ្ណោះ។ ទាំងមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះកំពង់ផែនេះក្នុងការជួយទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជា ជាពិសេសខេត្តកំពតតែម្តង។

ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត និងគម្រោងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ទៅកាន់ប្រតិភូសាជីវកម្មធនាគារ SMBCផងដែរ។

ពាក់ព័ន្ធគម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែសមុទ្រខេត្តកំពត ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គ្រមោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ និងគ្មានអ្វីជាការប៉ះពាល់នោះទេ ហើយប្រសិនបើកម្ពុជាអាចរកបានដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យគម្រោងនេះលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូលក្នុងវិស័យនាវាចរណ៍៕




អត្ថបទបន្ទាប់


តើស្ថានភាពសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ាមានការប្រែប្រួលយ៉ាងណាខ្លះហើយ?

សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែរងព្យុះបោកបក់ខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ត្រូវបានគេរំពឹងថានឹងមានកំណើនក្នុងរង្វង់៣%ន…

តើការចុះចេញពីតំណែងរបស់ប្រធានាធិបតីវៀតណាមថ្មីៗនេះ អាចនឹងប៉ះពាល់ដល់បរិយាកាសធុរកិច្ចក្នុងស្រុកដែរ ឬទេ?

ក្រោយពេលដែលប្រទេសវៀតណាម បើកការប្រឆាំងនឹងអំពើពុករលួយទ្រង់ទ្រាយធំ ដោយបានឈានទៅដល់ការរុះរើតំណែងប្រធានាធិបតីនោះ កាលពីសប្តាហ៍មុន បញ្ហាដ៏ក្ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ