
ជុំវិញការលើកឡើងពីគោលបំណងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម ឌិត ទីណា បានស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគកសិកម្មនៅកម្ពុជា ប៉ុន្ដែ សម្រាប់គម្រោងដាំដំណាំគ្រាប់ ម៉ាកាដាមៀនាំចេញទៅប្រទេសកូរ៉េខាងត្បូងនេះ ឯកឧត្តមបានណែនាំឲ្យខាងក្រុមហ៊ុនពិចារណាឡើងវិញ ដ្បិតថា ដំណាំប្រភេទនេះ ត្រូវការរយៈពេល១០ឆ្នាំឯណោះ ដើម្បីប្រមូលផល។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបង្ហាញពីទិសដៅសម្រាប់ក្រុមហ៊ុនឲ្យពិនិត្យលទ្ធភាពលើការវិនិយោគការដាំដុះ កែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាវិញ ដ្បិតវាស្របទៅតាមគោលនយោបាយជាតិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាមានគោលដៅក្នុងការប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត។
បើតាមឯកឧត្តម ឌិត ទីណា ការវិនិយោគលើអ្វីដែលមានស្រាប់ដូចជាស្វាយចន្ទី នឹងជំរុញការវិនិយោគទទួលបានជោគជ័យឆាប់រហ័ស ហើយបានចូលរួមជួយអភិរក្សបរិស្ថាន ជួយដល់CO2 និង Eco-Friendly ដោយមិនមានការកាប់ព្រៃ ក្រោមហេតុផលកសិកម្ម។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានស្នើឱ្យភាគីកូរ៉េពិនិត្យលទ្ធភាព ក្នុងការវិនិយោគលើការសង់រោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗ ដែលអាចជួយដល់ក្រុមហ៊ុនតូចៗ និងរដ្ឋផងដែរ។ ដើម្បីជំរុញឱ្យការងារនេះឱ្យដំណើររលូន និងទទួលបានជោគជ័យ ក្រសួងនឹងជួយគាំទ្របច្ចេកទេស ព្រមទាំងសម្របសម្រួលលើដំណើរការនៃការនាំចេញស្វាយចន្ទី។

ទោះយ៉ាងណា ប្រសិនក្រុមហ៊ុននៅតែចង់វិនិយោគលើដំណាំ Macadamia ទៀតនោះ ក្រុមហ៊ុនអាចពិចារណាលើជម្រើស២គឺទី១ ទិញដីសម្រាប់ក្រុមហ៊ុនអនុវត្តគម្រោង និងទី២ ធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍដែលមានដីស្រាប់។
សូមបញ្ជាក់ថា បើតាមឯកសារពីស្ថាប័នក្រុមសង្កេតការណ៍សេដ្ឋកិច្ចចម្រុះ (OEC) បានឲ្យដឹងថា ប្រទេសដែលមានការនាំចេញគ្រាប់ម៉ាកាដាមៀច្រើនជាងគេបំផុតកាលពីឆ្នាំ២០២១ គឺអាហ្វ្រិកខាងត្បូង អូស្ត្រាលី គេនយ៉ា នូវែសេឡង់ និងហ្គេតម៉ាឡាជាដើម៕