អគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ប្រទេសថៃ លោកស្រី អូរ៉ាមុន សុបថាវីថុម (Auramon Supthaweethum) បានអះអាងថា ប្រទេសជាច្រើនបានដាក់កំហិតលើការនាំចេញស្បៀងអាហារ និង ផលិតផលកសិកម្ម ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសដែលពឹងផ្អែកលើការនាំចូលស្បៀងអាហារពីក្រៅប្រទេស។
លោកស្រី Auramon បាននិយាយថា ប្រទេសចំនួន ៥៣ កំពុងស្នើសុំឱ្យអង្គការ WTO ដែលមានសមាជិកសរុបចំនួន ១៦៤ ឱ្យជួយដោះស្រាយបញ្ហាការហាមឃាត់ការនាំចេញស្បៀងអាហារនេះ ជាពិសេសពាក់ព័ន្ធនឹងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ។
គួរកត់សម្គាល់ថា បន្ទាប់ពីមានការដាក់សំណើពីបណ្តាប្រទេសជាច្រើន រដ្ឋមន្ត្រីទី១២ របស់អង្គការ WTO គ្រោងនឹងបើកកិច្ចពិភាក្សាអំពីបញ្ហា ពាណិជ្ជកម្ម និងសុខភាព ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីត ១៩ ដែលបានបង្កឱ្យមានកង្វះខាតការផ្គត់ផ្គង់ស្បៀង ការទទួលបានថ្នាំ និង វ៉ាក់សាំងសំខាន់ៗ ដើម្បីទប់ទល់នឹងជំងឺរាតត្បាត និង ការកាត់បន្ថយការឧបត្ថម្ភធនដល់ផ្នែកជលផលដែលរួមចំណែកដល់ការនេសាទលើសចំណុះ និង ការនេសាទលើសកម្រិតជាដើម។ លោកស្រី Auramon បាននិយាយថា កិច្ចប្រជុំនឹងពិចារណាលើការរឹតបន្តឹង និង កាត់បន្ថយការឧបត្ថម្ភធនកសិកម្ម ក៏ដូចជាដំណោះស្រាយសម្រាប់ការហាមឃាត់ការនាំចេញកសិផលផងដែរ។
យោងតាមការសិក្សារបស់ WTO ទោះបីជារុស្ស៊ី និងអ៊ុយក្រែនមានទំហំតូចក្នុងទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកក៏ដោយ ប៉ុន្តែប្រទេសទាំងពីរដើរតួយ៉ាងសំខាន់ក្នុងវិស័យផលិតកម្មមួយចំនួន និងជាអ្នកនាំចេញទំនិញសំខាន់ៗជាច្រើនផងដែរ។ សង្គ្រាមបានធ្វើឱ្យតម្លៃទីផ្សារពិភពលោកកើនឡើង ជាពិសេសទំនិញកសិកម្ម និងស្បៀងអាហារ ដូចជាស្រូវសាលី សណ្តែកសៀង អង្ករ ពោត និងសាច់ ជាដើម ដែលទាំងអស់នេះបានប៉ះពាល់ដល់សន្តិសុខស្បៀងនៅក្នុងប្រទេសក្រីក្រ ដែលពឹងផ្អែកលើការនាំចូលពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
លើសពីនេះ សង្គ្រាមបានបង្កើនតម្លៃផលិតផលថាមពល និងវត្ថុធាតុដើមដូចជាប្រេង និងជី ដែលប៉ះពាល់ដោយប្រយោលដល់តម្លៃម្ហូបអាហារនៅក្នុងទីផ្សារពិភពលោក។ ការសិក្សាបានរកឃើញថាផលិតផល ដែលប្រឈមនឹងការខ្វះខាត និង ការរាំងស្ទះក្នុងផលិតកម្ម គឺផលិតផលដែលទាក់ទងនឹងប្រេងផ្កាឈូករ័ត្ន ស្រូវសាលី និងជី ដោយសារប្រទេសរុស្ស៊ី និង អ៊ុយក្រែនមានសមាមាត្រទិន្នផលខ្ពស់ ហើយមានប្រទេសផលិតជំនួសតិចតួច។ ក្នុងនោះប្រទេសរុស្ស៊ី និងអ៊ុយក្រែនរួមគ្នាមានចំណែកការនាំចេញផលិតផលស្រូវសាលីជាង ៤៥% និង ប្រេងផ្កាឈូករ័ត្ន ២៥% ទៅកាន់ទីផ្សាសកល។
គួរជម្រាបថា លោកភីមឆានូក ភីតហ្វៀល (Pimchanok Pitfield) ឯកអគ្គរដ្ឋទូត និង ជាតំណាងអចិន្ត្រៃយ៍ថៃប្រចាំ WTO បានបង្ហាញរបាយការណ៍ចុងក្រោយថា វិបត្តិសង្គ្រាមរុស្ស៊ី និង អ៊ុយក្រែនបានផលប៉ះពាល់ដល់ ពាណិជ្ជកម្ម និងការអភិវឌ្ឍសកលយ៉ាងធ្ងន់ធ្ងរ ដែលព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងមាននៅត្រឹមចន្លោះពី ៣,១% ទៅ ៣,៧% ប៉ុណ្ណោះនៅឆ្នាំនេះ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន