
ជាអធិការសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបផង និងជាលោកឪពុកនៅក្នុងសាសនាកាតូលិកផង លោក សំណាង បានធ្វើការងារជាច្រើន ក្នុងទិសដៅអប់រំយុវជនកម្ពុជាឲ្យមានជំនាញច្បាស់លាស់មួយនៅក្នុងជីវិត ដើម្បីទទួលបានការងារល្អ អនាគតល្អ និងជាពលរដ្ឋល្អក្នុងសង្គម។
បុរសជនជាតិកូឡុំប៊ីរូបនេះ បានចូលមករស់នៅ និងបំពេញការងារក្នុងសាសនាកាតូលិកនៅកម្ពុជាតាំងពីចុងឆ្នាំ១៩៩៩មកម្ល៉េះ ហើយកន្លងមកនេះ តាមរយៈសាលាបច្ចេកទេសដុនបូស្កូ លោកបានផ្ដល់ឱកាសអប់រំដល់យុវជនកម្ពុជារាប់ម៉ឺននាក់ ទាំងការអប់រំអំពីសីលធម៌ ការរស់នៅ និងជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលការបង្រៀនទាំងអស់នេះ ត្រូវបានចាត់ទុកថា គឺជាស្ពានចម្លងដ៏រឹងមាំមួយ ជួយឲ្យយុវជនកម្ពុជា ពិសេសអ្នកមានជីវភាពក្រីក្រ មានការងារធ្វើ និងប្រើជីវិតរស់នៅល្អនៅក្នុងសង្គម។

ព្រោះតែស្រលាញ់ប្រទេសកម្ពុជា វប្បធម៌ខ្មែរ និងជាពិសេស ស្រឡាញ់ការអប់រំសម្រាប់យុវជនកម្ពុជា បើទោះបីជាលោក លី សំណាង បានចូលមករស់រស់នៅកម្ពុជាជាង ២០ឆ្នាំមកហើយក្ដី ប៉ុន្ដែ លោកថា មិនដែលមានចិត្តជិនណាយសូម្បីតែបន្ដិចចំពោះការរស់នៅទីនេះ ព្រោះលោកបានចាត់ទុកកម្ពុជាជាផ្ទះរបស់លោក និងចាត់ទុកយុវជនជាកូនៗរបស់លោករួចទៅហើយ។ ទោះជាយ៉ាងនេះក្ដី លោក សំណាង បញ្ជាក់ថា លោកនៅមិនទាន់មានសញ្ជាតិខ្មែរនៅឡើយទេ ហើយនេះ ក៏ជាបំណងប្រាថ្នាតែមួយ របស់លោក ដោយលោកតែងតែសង្ឃឹមថា នឹងទទួលបានសញ្ជាតិកម្ពុជា នៅថ្ងៃណាមួយជាក់ជាមិនខានឡើយ។
លោកសំណាង គូសបញ្ជាក់ទៀតថា លោកពិតជាចង់បានសញ្ជាតិខ្មែរ ដើម្បីមានសិទ្ធិពេញលេញដូចពលរដ្ឋខ្មែរគ្រប់រូប ព្រោះតែលោកស្រឡាញ់ពេញចិត្តប្រជាជនកម្ពុជាដែលពោរពេញដោយស្នាមញញឹម និងវប្បធម៌ដ៏អស្ចារ្យ ពិសេស គឺប្រាង្គប្រាសាទអង្គរវត្ត ដែលលោកតែងតែនាំមិត្តភក្ដិពីបរទេសឲ្យមកលេងកម្សាន្ដនៅទីនោះ។ មួយវិញទៀត កត្តាដែលធ្វើឲ្យលោកមិនអាចកាត់ផ្ដាច់ក្ដីស្រឡាញ់ពីកម្ពុជាទៅបាន គឺដោយសារតែមនោសញ្ជេតនាដ៏ជ្រាលជ្រៅ រស់នៅជាមួយយុវជនកម្ពុជាជាង ២ទសវត្សរ៍មកហើយ។

កាលពីឆ្នាំ ២០១៦កន្លងទៅនេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាលសិស្សានុសិស្ស នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប និងបានជួបជាមួយលោក លី សំណាងដែរ ។
បើតាមលោក លី សំណាង បានឲ្យដឹងថា កាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសួរទៅលោកថា «តើលោកមានប្រពន្ធកូននៅឯណា?» លោកសំណាង បានឆ្លើយតបវិញថា «សិស្សក្នុងសាលានេះ សុទ្ធតែជាកូនខ្ញុំ តែខ្ញុំមិនមានប្រពន្ធទេ។»
លោក សំណាង មិនមានប្រពន្ធ ព្រោះតែលោកជាអ្នកបួស ដែលគេហៅថា លោកឪពុក នៅក្នុងសាសនាកាតូលិក ហើយសិស្សានុសិស្ស ដែលរៀននៅសាលាបច្ចេកទេសដុនបូស្កូទាំងអស់ រួមទាំងលោកគ្រូអ្នកគ្រូផង ក៏ហៅលោកថា លោកឪពុក គ្រប់ៗគ្នាដែរ។

លោកឪពុក លី សំណាង ក៏ធ្លាប់បានសរសេរលិខិត និងស្វែងរកការអន្តរាគមន៍ពីសម្ដេចតេជោ ដើម្បីទទួលសញ្ជាតិខ្មែរនេះដែរ ដោយក្នុងលិខិតនោះ បានបញ្ជាក់ថា ក្នុងនាមលោកជាបព្វជិតក្នុងគ្រឹស្តសាសនា លោកមិនមានទ្រព្យសម្បត្តិ ឬលុយកាក់ផ្ទាល់ខ្លួនទេ ប៉ុន្តែលោកបានផ្ដល់អ្វីៗជាច្រើនដល់កុមារ និងយុវជនជាច្រើន តាំងពីលោកបានមកដល់ប្រទេសកម្ពុជា។ ក្នុងខែតុលា ឆ្នាំ ២០២០នេះ លោកឪពុកសំណាង មានអាយុ ៥០ឆ្នាំគត់ ហើយលោកមានអារម្មណ៍ថាកាន់តែស្រលាញ់កម្ពុជា សប្បាយរីករាយនឹងរស់នៅក្នុងប្រទេសកម្ពុជា។

លោកឪពុកសំណាង បានស្នើសុំសម្ដេចនាយករដ្ឋមន្ត្រី មេត្តាសណ្ដោសប្រណីផ្ដល់សញ្ជាតិដល់រូបលោកផង ដើម្បីឲ្យលោកបានក្លាយជាពលរដ្ឋកម្ពុជាមួយរូប និងបន្តបេសកកម្មអប់រំយុវជនកម្ពុជា ពិសេសយុវជនក្រីក្រ ឲ្យមានជំនាញ មានការងារធ្វើ ដើម្បីក្លាយបង្គោលគ្រួសារដ៏ល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម៕