ប្រតិបត្តិការយោធានៅអ៊ុយក្រែន

លោកពូទីន អះអាងថា ប្រតិបត្តិការយោធានៅអ៊ុយក្រែនជាជ័យជម្នះ ខណៈលោកចូបៃឌិន ហៅពូទីនថា ជាឧក្រិដ្ឋជនសង្គ្រាម


ប្រធានាធិបតីរុស្ស៊ីលោកពូទីន បញ្ជាក់ថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនទទួលបានជោគជ័យ និងបានអនុវត្តបានទៅតាមផែនការដែលគេគ្រោងទុក។ បុរសខ្លាំងរុស្ស៊ីរូបនេះ បាននិយាយចំៗថា នឹងមិនអនុញ្ញាតឲ្យអ៊ុយក្រែនក្លាយជាឆ្អឹងទទឹងករបស់ខ្លួន ដើម្បីធ្វើការប្រឆាំងរុស្ស៊ីជាដាច់ខាត។ ប្រធានាធិបតីដែលកាន់អំណាចអស់ជាង២០ឆ្នាំរូបនេះ បានបរិហារយ៉ាងចាស់ដៃផងដែរ លើការថ្កោលទោស និងការដាក់ទណ្ឌកម្មពីបស្ចិមលោកដែលបានដាក់ទៅលើទីក្រុងម៉ូស្គូ។
ជំនួបកំពូលអាមេរិក និងរុស្សីទទួលបានផ្លែផ្កា តែលោកចូបៃឌិនព្រមានពីសង្គ្រាមព័ត៌មានវិទ្យា (រូបភាព៖ AP)

យ៉ាងណា​ក៏​ដោយ​ចុះ សម្រាប់​មហាអំណាច​លេខ​១​ក្នុង​លោក អា​មេ​រិ​ក​ឯណោះ​វិញ តាម​រយៈ​ប្រធានាធិបតី ចូ បៃ​ឌិន ក៏​បាន​ចេញ​មក​បរិហារ​ចំ​ៗ​តែ​ម្តង​ទៅ​លើ​លោក ពូ​ទី​ន ដោយ​បាន​ហៅ ពូ​ទី​ន​ថា​ជា ឧក្រិដ្ឋជន​សង្គ្រាម​។

ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន​ថ្លែង​ថា «​ប្រតិបត្តិការ​យោធា​ពិសេស​របស់​យើង បាន​ធ្វើ​ឡើង​ប្រកបដោយ​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​» ប៉ុន្តែ​បុរស​ខ្លាំង​រូប​នេះ បាន​ឈ្លៀត​បញ្ជាក់​ម្តងទៀត​ថា រុ​ស្ស៊ី​គ្មាន​បំណង​កាន់កាប់​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ 

លោកពូ​ទី​ន បញ្ជាក់​ថា ដើម្បី​កុំ​ឲ្យ​អ៊ុយ​ក្រែ​ន​បន្ត​ប្រឆាំង​នឹង​រុ​ស្ស៊ី លោក​គ្មាន​ជម្រើស​ផ្សេង ក្រៅ​តែ​ពី​ការ​ប្រើ​កម្លាំងយោធា​នោះ​ទេ ដោយ​លោកពូ​ទី​ន​សម្អាង​ថា ដំណោះស្រាយ​តាម​សន្តិវិធី​បាន​ទទួល​បរាជ័យ​ទាំងអស់​នា​ពេល​កន្លង​មកនេះ​។ ទន្ទឹម​គ្នា​នេះ លោកពូ​ទី​ន ដូច​កាលពី​គ្រា​ដំបូង​ដែរ បាន​យក​ប្រជាជន​រស់​ក្នុង​តំបន់​ដុន​បាស់​មក​ធ្វើ​ជា​ហេតុផល ក្នុង​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន ដែល​រុ​ស្ស៊ី​អះអាង​ថា បាន​រង​ការ​គំរាមកំហែង​ពី​រដ្ឋអំណាច​អ៊ុយ​ក្រែ​ន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​។

តំបន់​ដុន​បាស់ ជា​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ជាប់​ព្រំដែន​រុ​ស្ស៊ី ដែល​កងកម្លាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន គាំទ្រ​ដោយ​រុ​ស្ស៊ី ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​។

ដោយឡែក ប្រធានាធិបតី ចូ បៃ​ឌិន នៅ​ថ្ងៃនេះ​បាន​ចេញ​មក​ហៅ ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​។ លោក​ចូ​បៃ​ឌិន ថា ឈ្មោះ​នេះ​វា​សាក​សម​នឹង​ពូ​ទី​ន សម្រាប់​ការ​វាយប្រហារ​អ៊ុយ​ក្រែ​ន​ដោយ​ហឹ​ង្សា និង​ការ​បង្ហូរឈាម​។ បន្ថែម​ពីលើ​នេះ​លោក​បៃ​ឌិន​បាន​ប្រកាស​ជា​ផ្លូវការ​ផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ​បន្ថែមចំនួន ៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយនឹង​អាវុធ​ទំនើប​ៗ រួម​មាន​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ និង រថក្រោះ​ជា​ច្រើន​។  

ថ្លែង​ចេញពី​សេត​វិមាន នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​ចូ​បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក បាន​ហៅ​ឈ្មោះ​លោកពូ​ទី​ន ថា ជា​ឧក្រិដ្ឋជន​សង្គ្រាម ជា​សាធារណៈ​បែប​នេះ​។ កាលពី​ស​ប្តា​ហ៍​មុន ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ូ​ឡូញ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោកស្រី​កា​មេ​ឡា​ហារី​ស បាន​និយាយ​ដែរ​ថា ប្រទេស​រុ​ស្ស៊ី​គួរតែ​ត្រូវ​បាន​ស៊ើបអង្កេត​សម្រាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​អាច​កើត​មាន​ជា​ដាច់ខាត​។ 

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មេ​ទ្រី ប៉េ​ស្កូវ បាន​ចេញ​មក​ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ​ការ​ហៅ​ឈ្មោះ​មេដឹកនាំ​កំពូល​រុ​ស្ស៊ី​លោកពូ​ទី​ន ពី​សំណាក់​លោក​ចូ​បៃ​ឌិន ថា ជា​ការ​បរិយាយ​មិន​អាច​ទទួលយក​បាន និង​មិន​អាច​លើកលែង​បាន​ឡើយ​។ 

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក​បាន​ប្រកាស​បន្ថែម​ជំនួយ​យោធា​៨០០​លាន​ដុល្លា​ទៀត​ទៅ​អោយ​អ៊ុយ​ក្រែ​ន បើ​គិត​សរុប​ក្នុង​មួ​យស​ប្តា​ហ៍​មកនេះ ជំនួយ​របស់​អា​មេ​រិ​កបាន​កើន​ដល់​១​ពាន់​លាន​ដុល្លារ​ហើយ​។ នេះ​មិន​ទាន់​រាប់​បញ្ចូល​នូវ​ជំនួយ​យោធា​ប្រមាណ ២០០​លាន​ដុល្លារ​ទៀត កាលពី​ចុងខែ​កុម្ភៈ​នោះ​ទេ​។ ជំនួយ​របស់​អា​មេ​រិ​ក​ដល់​អ៊ុយ​ក្រែ​ន​នេះ គឺ​ជំនួយ​ផ្នែក​សន្តិសុខ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អា​មេ​រិ​ក ខណៈ​ដែល​សហភាព​អឺរ៉ុប​ក៏​បាន​ផ្ដល់​ជំនួយ​ដ៏​សម្បើម​ឲ្យ​អ៊ុយ​ក្រែ​ន​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានលុបចោលការធ្វើតេស្ដកូវីដ១៩ លើអ្នកដំណើរពីបរទេស

ព័ត៌មាន
ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេមួយនៅតំបន់អាស៊ាន ដែលបានសម្រេចលុបចោលការតម្រូវធ្វើតេស្ដកូវីដ១៩លើអ្នកដំណើរពីបរទេស។ ប្រមុខរាជរដ្ឋាភិបាលកម្ពុ…

នាយករដ្ឋមន្ត្រីជប៉ុននឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជានៅសប្ដាហ៍ក្រោយនេះ

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ តាមការគ្រោងទុក នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នឹងដឹកនាំគណៈប្រតិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ