ថ្លែងនៅក្នុង ពិធីចុះបញ្ចីនៅផ្សារមូលបត្រកម្ពុជា នៅពីថ្ងៃទី ២៣ សីហា ឆ្នាំ២០១៩ ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ពេលវេលានៃការបើកទីផ្សារលក់មូលបត្របំណុលរបស់ធនាគារ ABA គឺហាក់មានរយៈពេលខ្លីពេក ពោលគឺ មានតែ២ថ្ងៃប៉ុណ្ណោះ ដូច្នេះហើយ ទើបលក់បានតែ ២១ លានដុល្លារ ខណៈដែលទំហំមូលបត្របំណុលសរុប ដែលបានប្រកាសថា គ្រោងលក់កាលពីពេលកន្លងទៅនោះ គឺមានរហូតដល់ ៣២ លានដុល្លារអាមេរិក។
ឯកឧត្តម ហុង សុហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ទឹកប្រាក់ ៣០ លានដុល្លារជាងហ្នឹង គឺជាទឹកប្រាក់អតិបរមា ដែល ABA មានគម្រោង នឹងបោះផ្សាយ អញ្ចឹងដល់ពេលជាក់ស្ដែង គាត់លក់តែ២ថ្ងៃ! គាត់បើកលក់តែ២ថ្ងៃគត់! អញ្ចឹងវាខ្លីពេក! អញ្ចឹងមានវិនិយោគិនមួយចំនួន គាត់ចង់ចុះឈ្មោះទិញដែរ តែទិញអត់ទាន់។ អ្នកខ្លះចុះឈ្មោះទិញ ២ថ្ងៃហ្នឹង គ្រាន់តែទៅបើក Account ហ្នឹង ក៏បើកមិនទាំងទាន់ផង»។
ទោះយ៉ាងណា បើតាម អគ្គនាយកធនាគារ ABA ដែលបានប្រាប់ទៅកាន់ឯកឧត្តម ហុង សុហួរ គឺលោកទទួលស្គាល់ដោយខ្លួនឯងដែរថា ពេលវេលាបោះផ្សាយលក់មូលបត្របំណុលនេះ គឺពិតជាមានរយៈពេលខ្លីមែន តែធនាគារ ABA នឹងបន្តបោះផ្សាយលក់សញ្ញាបណ្ណប្រហាក់ប្រហែលនេះ នៅឆ្នាំក្រោយទៀត និងពន្យាពេលបោះផ្សាយឲ្យកាន់តែវែងជាមុន ដើម្បីឲ្យអ្នកមានបំណងទិញ អាចមានពេលវេលាគ្រប់គ្រាន់។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានថ្លែងឲ្យដឹងថា ធនាគារ ABA បានក្លាយជាស្ថាប័នទី ៨ ហើយ ដែលបានចូលមកប្រឡូកក្នុងវិស័យមូលបត្រនៅកម្ពុជា ហើយការបោះផ្សាយមូលបត្របំណុលរបស់ ABA ក៏ជា មូលបត្របំណុលដំបូងបង្អស់ ដែលបានបោះផ្សាយដោយ ធនាគារពាណិជ្ជក្នុងស្រុក និងបានអនុញ្ញាតឲ្យ វិនិយោគិនរូបវ័ន្ត (វិនិយោគិនទិញរាយ ដែលមានដើមទុនសមល្មម) អាចចូលរួមទិញមូលបត្រនេះ។ តួយ៉ាង ក្នុងរយៈពេល ២ថ្ងៃ នៃការបើកលក់ ធនាគារ ABA បានលក់មូលបណ្ណបំណុល ចំនួន ៨៥ ម៉ឺនបណ្ណ ដែលមានតម្លៃជាទឹកប្រាក់ ២១ លានដុល្លារអាមេរិក។
លោក Shuzo Shikata នាយកប្រតិបត្តិ នៃក្រុមហ៊ុន SBI Royal Securities PLC ដែលជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់ការបោះផ្សាយលក់មូលបត្របំណុល ធនាគារABA បានលើកឡើងថា ការបើកលក់មូលបត្របំណុល របស់ធនាគារ ABA សម្រាប់រយៈពេល២ថ្ងៃ គឺទទួលបានវិនិយោគិនចំនួន ៦៥ ដែលក្នុងនោះ មាន ៦០នាក់ ជាវិនិយោគិនរូបវ័ន្ដ ដែលភាគច្រើនសុទ្ធសឹងជាវិនិយោគិនខ្មែរ និងមានវិនិយោគិនចំនួន ៥ ទៀត គឺជាស្ថាប័នធំៗ។
លោក Shuzo បានគូសបញ្ជាក់ទៀតថា នៅឆ្នាំនេះ លោករំពឹងថា នឹងទទួលបានក្រុមហ៊ុនបោះផ្សាយមូលបត្របំណុល ១ ឬ២ ក្រុមហ៊ុនបន្ថែមទៀត។ ក្នុងនោះ មានមួយជាធនាគារ ហើយក្រុមហ៊ុនមួយទៀត អាចនៅក្នុងវិស័យផ្សេងទៀត ដែលមិនស្ថិតក្នុងវិស័យហិរញ្ញវត្ថុ។
ទោះយ៉ាងណា លោក Shuzo បានអះអាងថា ដើម្បីជំរុញ ដល់ទីផ្សារមូលបត្រនៅកម្ពុជា គឺ ក្រុមហ៊ុនមិនត្រឹមតែផ្ដោតតែលើការលក់សម្រាប់វិនិយោគិនក្នុងស្រុកប៉ុណ្ណោះទេ តែក៏ត្រូវផ្ដោតទៅលើវិនិយោគិនបរទេសផងដែរ។
គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន មានស្ថាប័នចំនួន ៣ហើយ ដែលបានបោះផ្សាយមូលបត្របំណុលនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយសុទ្ធសឹងជាស្ថាប័នហិរញ្ញវត្ថុ។
ក្នុងនោះ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុហត្ថាកសិករ និងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ LOLC បានបោះផ្សាយលក់មូលបត្របំណុលមុន ធនាគារ ABA ប៉ុន្ដែស្ថាប័នទាំងពីរនេះ លក់ឲ្យតែវិនិយោគិន ឬក្រុមហ៊ុនដែលមានដើមទុនច្រើន ប៉ុណ្ណោះ។ ប៉ុន្ដែ សម្រាប់ធនាគារ ABA គឺមានលក់ជូនសម្រាប់វិនិយោគិនទិញរាយ (Retail Investors) ដែលមានពួកគេមានដើមទុនសមល្មមអាចទិញបាន ពោលគឺក្នុងមួយបណ្ណ មានតម្លៃតែ ១០ ម៉ឺនរៀលប៉ុណ្ណោះ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ក៏បានលើកទឹកចិត្តដល់ធនាគារ ABA ឲ្យបន្តបោះផ្សាយលក់ភាគហ៊ុននៅថ្ងៃអនាគតផងដែរ ដ្បិតថា មានអ្នកចាប់អារម្មណ៍ទិញច្រើន ចំពោះការការទិញភាគហ៊ុនពីគ្រឹះស្ថានធនាគារនេះ។
សូមបញ្ជាក់ដែរថា សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ ត្រូវបានបោះផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៨៤,៨២១ ប៊ីលានរៀល (ប្រហាក់ប្រហែលនឹង ២១ លានដុល្លារអាមេរិក) ដោយមានរយៈពេល ៣ ឆ្នាំ និងមានអត្រាគូប៉ុងប្រចាំឆ្នាំ ៧,៧៥% ហើយការប្រាក់ នឹងត្រូវទូទាត់សងទៅវិនិយោគិននៅរៀងរាល់ឆមាស៕