ធនាគារ ABA ត្រូវបានដឹងថា គឺជាស្ថាប័នហិរញ្ញវត្ថុទី៣ ហើយដែល បានបោះផ្សាយមូលបត្របំណុលនេះ បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC។
តាមសេចក្ដីប្រកាសព័ត៌មាន ធនាគារ ABA គ្រោងនឹងបោះផ្សាយមូលបត្របំណុល ក្នុងទំហំទឹកប្រាក់ សរុបចំនួន ១០០ ពាន់លានរៀល ឬស្មើនឹងប្រមាណ ២៥ លានដុល្លារអាមេរិក។
ធនាគារ ABA សញ្ញាបណ្ណសាជីវកម្ម ឬហៅថា មូលបត្របំណុលដែលធនាគារនេះ គ្រោងនឹងបោះផ្សាយលក់ជាផ្លូវការនេះ គឺមានរយៈពេល ៣ឆ្នាំ និងអត្រាការប្រាក់ពី ៧ ទៅ ៧,៧៥ ភាគរយ ក្នុងមួយឆ្នាំ។
ធនាគារ ABA នឹងដាក់ជូនឯកសារផ្តល់ព័ត៌មាន ដើម្បីស្នើសុំការអនុម័តយល់ព្រម ក្នុងការបោះផ្សាយនេះ ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) សម្រាប់នីតិវិធីបន្តទៀត។ហើយធនាគារនេះ រំពឹងថាសញ្ញាបណ្ណនេះ នឹងត្រូវចុះបញ្ជីលក់ នៅលើផ្សារមូលបត្រកម្ពុជា (CSX)។
បើតាមការបញ្ជាក់ ពីធនាគារមួយនេះ ទឹកប្រាក់ ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលនេះ នឹងត្រូវយកទៅប្រើសម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជា ការបង្កើនចំនួនប្រាក់កម្ចី សម្រាប់អាជីវកម្ម ដែលនឹងគាំទ្រ ដល់អាជីវកម្ម ខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ។
ជាមួយនេះ ក្រុមហ៊ុន SBI Royal Securities ត្រូវបានធនាគារABA ជ្រើសយកជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់ការបោះផ្សាយនេះ។
គួរបញ្ជាក់ថា ក្រៅពី ធនាគារ ABA នេះ កន្លងមកថ្មីៗនេះ ក៏មានស្ថាប័នហិរញ្ញវត្ថុចំនួន២ ហើយ ដែលបានបោះផ្សាយលក់មូលបត្របំណុលរបស់ខ្លួន ជាសាធារណៈ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ។ ក្នុងនោះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានប្រកាសបោះផ្សាយលក់មូលបត្របំណុលរហូតដល់ ១២០ ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣០ លានដុល្លារអាមេរិកខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC វិញ បានបោះផ្សាយលក់មូលបត្របំណុលនេះ ក្នុងទំហំប្រាក់សរុប ៨០ ពាន់លានរៀល ស្មើនឹង ២០ លានដុល្លារអាមេរិក។
គិតមកដល់ត្រឹមថ្ងៃទី៣១ ឧសភា ២០១៩ ទ្រព្យសកម្មរបស់ធនាគារ ABA មានចំនួន ៣,៣៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនក្លាយជាធនាគារធំទីបីនៅក្នុងប្រទេសកម្ពុជា។
ម្ចាស់ភាគហ៊ុនដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (www.nbc.ca) ដែលជាធនាគារធំជាងគេទីប្រាំមួយនៅប្រទេសកាណាដា និងជាធនាគារដែលឈានមុខគេនៅ Quebec ជាកន្លែងដែលធនាគារនេះក្លាយជាជម្រើសដៃគូសម្រាប់សហគ្រិនធុនតូចនិងមធ្យម៕